សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​នឹង​សាងសង់​ទីលាន​ថ្មី​តម្លៃ​ជាង ៣០​ម៉ឺន​ដុល្លារ

សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា នឹង​សាងសង់​ទីលាន​ថ្មី​កម្រិតស្តង់ដារ​អាមេរិក នៅលើ​ទីលាន​ចាស់ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​ជាង ៣០​ម៉ឺន​ដុល្លារ​។ ការសាងសង់​នេះ​ក្នុង​គោលបំណង​សម្រាប់​ប្រកួត​លក្ខណៈ​ជាតិ និង​អន្តរជាតិ ជាពិសេស ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០១៧ ខាងមុខ​។

​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ចំណាយ​ថវិកា​ជាង ៣០​ម៉ឺន​ដុល្លារ ដើម្បី​សាងសង់​ទីលាន​ថ្មី​កម្រិតស្តង់ដារ​អាមេរិក​នៅលើ​ទីលាន​ចាស់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ ទីលាន​ថ្មី​កម្រិតស្តង់ដារ​អាមេរិក​នេះ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៦ ដែលជា​ថ្ងៃ​បិទ​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​សពាន​រង្វាន់​សម្តេច ស ខេង លើក​ទី​៣ ឆ្នាំ​២០១៦ ហើយ​ការសាងសង់​គ្រោង​នឹង​បញ្ចប់​ក្នុង​រយៈពេល​៦​ខែ​។ នេះ​បើ​យោងតាម​លោក ជា ប៊ុន ហេង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា និង​ជា​ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។​

​លោក ជា ប៊ុនហេង បញ្ជាក់ថា​៖«​គម្រោង​អភិវឌ្ឍន៍​ទីលាន​សូ​ហ្វ​តិ​ន្នី​ស និង​វាយ​កូន​បាល​ថ្មី​នេះ យើង​បាន​ឆ្លងទៅ​ក្រសួង​រួចហើយ ដែល​យើង​នឹង​ចំណាយពេល​សាងសង់​យ៉ាងយូរ ៦ ខែ ដោយ​ចំណាយ​ថវិកា​ប្រមាណ ៣០ ម៉ឺន​ដុល្លារ ឬ​អាច​លើស​នេះ​។ នៅ​ថ្ងៃទី​១ ដល់ទី​៣ ខែមេសា យើង​នឹង​រៀបចំ​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ពានរង្វាន់​សម្តេច ស ខេង លើក​ទី​៣ ឆ្នាំ​២០១៦ ហើយ​នៅ​ថ្ងៃ​បញ្ចប់ យើង​នឹង​អញ្ជើញ​រដ្ឋមន្ត្រីក្រសួង​អប់រំ ជា​អធិបតីភាព និង​ចូលរួម​ពិធី​បញ្ចុះបឋមសិលា​នៃ​ការសាងសង់​ទីលាន​ថ្មី​នេះ​នា​ព្រឹក​នោះ​តែម្តង​»​។​

​លោក​អគ្គលេខាធិការ​រូបនេះ​បានបញ្ជាក់​ទៀង​ថា តាមរយៈ​កិច្ចព្រមព្រៀង​របស់​សហ​ព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា និង​សមាគម​កីឡា​វាយ​កូន​បាល់​ស្ម័គ្រចិត្ត​កូរ៉េ ថវិកា​ដែល​គ្រោង​នឹង​ចំណាយ​លើ​ការសាងសង់​ទីលាន​ថ្មី​នេះ នឹងមាន​ការឧបត្ថម្ភ​ចូលរួមចំណែក​ពី​ភាគី​កូរ៉េ​ប្រហែលជា ១៥​ម៉ឹ​ន ទៅ​២០​ម៉ឺន​ដុល្លារ ហើយ​នៅសល់​ប៉ុន្មាន សហព័ន្ធ​នឹងធ្វើ​សំណើ​រដាក់​ទៅ​សម្តេច ស ខេង ដើម្បី​បំពេញបន្ថែម​។ ទីលាន​ថ្មី​កម្រិតស្តង់ដា​អាមេរិក​នេះ មាន​ទំហំ ៣,២០០​ម៉ែត្រការ៉េ កម្ពស់ ១៣​ម៉ែត្រ ហើយ​ដំបូល​ទីលាន​ទំហំ ៤២០០ ម៉ែត​ការ៉េ​។ នៅ​ចំ​កណ្តាល​ទីលាន​នេះ នឹង​សាងសង់​អគារ​ការិយាល័យ ២​ជាន់ ដោយមាន​ទទឹង ៩​ម៉ែត្រ នឹង​បណ្តោយ ៤០​ម៉ែត្រ​។​

​ពាក់ព័ន្ធ​ទៅនឹង​គោលបំណង និង​ការប្រើប្រាស់​ទីលាន​ថ្មី​កម្រិតស្តង់ដារ​អាមេរិក​នេះ លោក ជា ប៊ុនហេង បាន​រៀបរាប់ថា ទីលាន​ថ្មី​នេះ​ប្រើប្រាស់​សម្រាប់​ទាំង​ការហ្វឹកហាត់​កីឡា​សូ​ហ្វ​តិ​ន្នី​ស និង​វាយ​កូន​បាល់ ចំណែក​អគារ​ការិយាល័យ​ជាន់​ផ្ទាល់​ដី​ជាទី​តាំងរបស់​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ឬ​ឯ​ជាន់​ទី​១​កន្លែង​របស់​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ​។ សហព័ន្ធ​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ទៅ​ថ្ងៃ​អនាគត​គ្រោង​នឹង​បង្កើត​សហព័ន្ធ​កីឡា​យុទ្ធសិល្ប៍​នគរបាល​អន្តរជាតិ​មួយទៀត ដូច្នេះ​ដំបូល​អគារ នឹង​រៀបចំ​បន្ថែម​ដើម្បី​ផ្តល់​ជា​កន្លែង​ហ្វឹកហាត់​សម្រាប់​កីឡា​តេ​ក្វាន់​ដូ កា​រ៉ា​តេ​ដូ និង​យូ​ដូ ជាដើម​។

​ទីលាន​ថ្មី​កម្រិតស្តង់ដារ​អន្តរជាតិ​នេះ នឹង​ប្រើ​សម្រាប់​ឆ្នាំ​២០១៧ ដែល​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជើងឯក​អាស៊ាន​ឆ្នាំ​២០១៧​។ ជាពិសេស​ផ្តល់​ជា​កន្លែង​ហ្វឹកហាត់​សម្រាប់​អត្ត​ព​លិ​ក​កីឡា​សូ​ហ្វ​តិ​ន្នី​ស ដើម្បី​ពង្រឹង​ថ្នាល ត្រៀម​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ដោយ​ខាង​កូរ៉េ នឹង​ជួយ​ពង្រឹងគុណភាព​គ្រូបង្វឹក ក្រុម​អាជ្ញាកណ្តាល និង​កីឡាករ ហើយ​កីឡា​សូ​ហ្វ​តិ​ន្នី​ស អាច​នឹងដាក់​បញ្ចូល​ជា​ប្រភេទ​កីឡារ​អូឡាំពិក​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ​៕ 

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​