ករណី​បាត់​យន្ដហោះ MH370 ត្រូវ​អង្កេត​ពី​អ្នក​ដំណើរ​ឡើង​វិញ?

សមាជិកគ្រួសារមួយរូប នៃជនរងគ្រោះនៅក្នុងយន្ដហោះ ប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ ដែល​បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង កាលពីជិតពីរឆ្នាំមុន បានស្នើសុំឲ្យអ្នកស៊ើបអង្កេត នៅក្នុង​សំនុំ​រឿង​​នេះ ស៊ើរើ​​យក​​វីដេអូ​​សុវត្ថភាព ដែលថតនៅពេលអ្នកដំណើរ ដើរចូលយន្ដហោះ មកពិនិត្យ​ឡើង​វិញ។
ករណី​បាត់​យន្ដហោះ MH370 ត្រូវ​អង្កេត​ពី​អ្នក​ដំណើរ​ឡើង​វិញ?
យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថតឯកសារ)

សមាជិកគ្រួសារមួយរូប នៃជនរងគ្រោះជាតិបារាំង ដែលបានបាត់ខ្លួន ទៅជាមួយនឹងយន្ដហោះប៊ូអីង ដែល​ភ្ជាប់​ជើងហោះហើរលេខ «MH370» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) កាល​ពីពីរឆ្នាំមុន ឲ្យស៊ើរើសំនុំរឿងនេះឡើងវិញ ដោយចាប់ផ្ដើមធ្វើការអង្កេត ទៅលើអ្នកដំណើរទាំងអស់ នៅ​លើ​ក្នុងយន្ដហោះនេះ។ ការបាត់ខ្លួនដ៏ចម្លែក របស់យន្ដហោះ «MH370» កំពុងស្ថិតជាអាថ៌កំបាំង​ដ៏​ធំ​នៅ​ឡើយ នៅ​ក្នុងវិស័យអាកាសចរណ៍ស៊ីវិល របស់ពិភពលោក។

បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីខែធ្នូកន្លងទៅ ចៅក្រមស៊ើបអង្កេតមួយរូប ពីក្នុង​ចំណោម​ចៅក្រមស៊ើបអង្កេត ដែលចូលរួមដំណើរ ទាំង១២រូប បានវិលត្រឡប់មកប្រទេសបារាំងវិញ ជាមួយ​នឹងសំនុំឯកសារជាច្រើន។ នេះបើតាមការអះអាង របស់សមាជិកមួយរូប របស់គ្រួសារជនរងគ្រោះ ដែល​មិន​ដែល​ជឿថា ករណីយន្ដហោះ «MH370» ជាគ្រោះឧប្បត្តិវហេតុនោះឡើយ។ សមាជិករបស់​គ្រួសារជនរងគ្រោះ​ដដែល​រូបនេះ បានអះអាងថា លោកកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ ថាប្រព័ន្ធយុត្តិធម៌បារាំង នឹងរកឃើញ​ការ​ពិត ផ្ទុយស្រឡះពីការស៊ើបអង្កេត របស់អាជ្ញាធរម៉ាឡេស៊ី។

បើតាមលោក (សមាជិករបស់គ្រួសារជនរងគ្រោះ) បានលើកឡើងថា អ្នកស៊ើបអង្កេតបារាំង ត្រូវធ្វើការ​ត្រួត​ពិនិត្យ ទៅលើវីដេអូសុវត្ថិភាព ដែលថតអ្នកដំណើរទាំងអស់ កំពុងដើរចូលទៅក្នុងយន្ដហោះ។ លោកថ្លែងថា៖ «គេត្រូវពិនិត្យមើល ពីចំនួនមនុស្សដែលចូលយន្ដហោះ ថាតើវាដូចគ្នា ទៅនឹងចំនួនអ្នកដំណើរ ជាផ្លូវការ​ដែរ​ឬទេ? តើអ្នកដំណើរទាំងនោះ ដូចនៅក្នុងលិខិតឆ្លងដែនរបស់ពួកគេឬទេ?»

«រាត្រីសួស្ដី»

បន្ថែមពីលើនេះ លោកបានស្នើសុំឲ្យបើកកកាយ ពីឯកសារដែលទទួលបាន ពីប្រព័ន្ធផ្កាយរណបយោធា របស់​ប្រទេសម៉ាឡេស៊ី និងរបស់ក្រុម «Inmarsat» របស់អង់គ្លេស។ សូមរំលឹកជូនថា យន្ដហោះ «MH370» ដែល​ភ្ជាប់​ជើង​ហោះហើរ ពី​រដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះ​ទៅ​កាន់រដ្ឋធានី ប៉េកាំង ប្រទេសចិន កាល​ពី​ព្រឹក​ព្រហាមថ្ងៃទី៨ ខែមិនា​ ឆ្នាំ២០១៤ បានបាត់​ខ្លួនយ៉ាងអាថ៌កំបាំង ជាមួយនឹងនឹងអ្នក​ដំណើរ ២៣៩នាក់។ មក​ទល់​នឹង​ពេលនេះ ការរុករក​យន្ដហោះ​បាត់ខ្លួន នៅក្នុងមហាសមុទ្រឥណ្ឌាខាងត្បូង នៅមិនទាន់ឃើញ ជា​លទ្ធផល​អ្វីនៅឡើយ។

ប្រភពមួយស្និតនឹងការស៊ើបអង្កេត របស់បារាំង បានឲ្យដឹងថា យន្ដហោះបានបាត់ខ្លួន នៅក្នុងដែនទឹកសមុទ្រ​វៀតណាមខាងត្បូង នៅបីនាទី បន្ទាប់ពីបានទាក់ទង ជាលើកចុងក្រោយបង្អស់ មកការិយាល័យ​ត្រួត​ពិនិត្យ​អាកាស នៅរដ្ឋធានីកូឡាឡំពួរ វេលាម៉ោង ១ និង១៩នាទី យប់ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤។ គេបានដឹងបន្ថែម​ថា អ្នកបើកបរយន្ដហោះម្នាក់ ពីក្នុងចំណោមអ្នកបើកយន្ដហោះទាំងពីរ បាននិយាយជូនពរ «រាត្រីសួស្ដី» នៅក្នុង​ការ​ទាក់​ទង​នោះទៀតផង។

ការិយាល័យត្រួតពិនិត្យអាកាស របស់ប្រទេសវៀតណាម នៅក្រុង ហូជីម៉ិញ (អតីតក្រុងព្រៃនគរ) បាន​ទាក់​ទងប្រកាសពីការព្រួយបារម្ភ មកដៃគូម៉ាឡេស៊ីរបស់ខ្លួន នៅវេលាម៉ោង១ និង៣៨នាទី បន្ទាប់ពីខ្លួន រក​មិន​ឃើញ​ដានយន្ដហោះ «MH370» នៅក្នុងដែនអាកាសរបស់ខ្លួន។ វៀតណាមបានគិតថា យន្ដហោះ​ទំនង​ជា​បាន​ធ្វើ​ដំណើរ​ត្រឡប់ ទៅប្រទេសម៉ាឡេស៊ីវិញ។ ប្រភពដែលស្និតក្នុងការអង្កេត របស់បារាំងដដែល បាន​អះអាង​ថា យន្ដហោះបានបន្តការហោះហើរ​របស់ខ្លួន ក្នុងរយៈពេល៤ម៉ោងបន្ថែមទៀត បន្ទាប់ពីបាន​ទាក់ទង​ជាលើក​ចុងក្រោយ ជាមួយប្រព័ន្ធផ្កាយរណប៕