ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​នៅ​ក្រុង​ហ្វីឡាដែលហ្វីយ៉ា​ជំរុញ​ឲ្យ​មាន​ទីក្រុង​ខ្មែរ​ឆាប់ៗ

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង រស់​នៅ​ក្នុង​ទីក្រុង​ហ្វីឡាដែលហ្វីយ៉ា (Philadelphia) នៃ​រដ្ឋ​ផេនស៊ីលវែនញ៉ា (Pennsylvania) ទទូច​ចង់​ឃើញ​សហគមន៍​របស់​ខ្លួន​មាន​ទីក្រុង​ខ្មែរ ឬ ខេមបូឌា ថោន (Cambodian Town) ឲ្យ​បាន​ឆាប់ៗ ខណៈ​ដែល​គម្រោង​នៃ​ការ​បង្កើត​ទីក្រុង​ខ្មែរ​នេះ​ផ្សព្វផ្សាយ និង​និយាយ​តៗ​គ្នា​ជា​ច្រើន​ឆ្នាំ​ហើយ​នោះ។

តើ​ពលរដ្ឋ​ក្នុង​សហគមន៍​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​គម្រោង​នេះ ហើយ​ពេល​ណា​ទើប​ទីក្រុង​ខ្មែរ​អាច​បង្កើត​ចេញ​ជា​រូបរាង​បាន?

ទោះ​បី​គម្រោង​នៃ​ការ​បង្កើត​ទីក្រុង​ខ្មែរ​នៅ​ក្នុង​សហគមន៍​មួយ​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ និង​និយាយ​តៗ​គ្នា​ជា​ច្រើន​ឆ្នាំ​ហើយ​ក្ដី រហូត​មក​ដល់​ពេល​នេះ ក្ដី​រំពឹង​របស់​ពលរដ្ឋ និង​ក្រុម​អាជីវករ​ហាក់​នៅ​ឆ្ងាយ​ពី​ការ​ចង់​បាន​របស់​ពួកគេ​នៅ​ឡើយ។

ហ្វីឡាដែលហ្វីយ៉ា ជា​ទីក្រុង​ចំណាស់ និង​ជា​ទីក្រុង​ប្រវត្តិសាស្ត្រ​របស់​សហរដ្ឋអាមេរិក ឋិត​នៅ​ក្នុង​រដ្ឋ​ផែនស៊ីលវែនញ៉ា។ ទីក្រុង​នេះ​ពោរពេញ​ទៅ​ដោយ​ពហុ​ជាតិ​សាសន៍​រស់​នៅ​យ៉ាង​កកកុញ ដោយ​ក្នុង​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ដែល​ភាគ​ច្រើន​ជា​អតីតជន​ភៀសខ្លួន​ប្រមាណ​ជិត ២​ម៉ឺន​នាក់​កំពុង​រស់​នៅ។

ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ម្នាក់​ដែល​រស់​នៅ​ក្នុង​សហគមន៍​មួយ​នេះ ជិត ៣០​ឆ្នាំ​ហើយ​នោះ គឺ​លោក ឈៀរ៉ា អ៊ុក ទទូច​ចង់​ឃើញ​ទីក្រុង​ខ្មែរ​ឲ្យ​បាន​ឆាប់​រហ័ស​ដោយ​លោក​យល់​ថា អាច​នឹង​សប្បាយ​ដោយ​ការ​ជួប​ជុំ​មិត្តភ័ក្ដិ​មិន​ខុស​ពី​អ្វី​ដែល​មាន​នៅ​ឯ​មាតុភូមិ​កម្ពុជា ឡើយ៖ «ខ្ញុំ​ឈ្មោះ ឈៀរ៉ា អ៊ុក ខ្ញុំ​រស់​នៅ​ហ្វីឡាដែលហ្វីយ៉ា។ ខ្ញុំ​ចេះ​តែ​ចង់​ឲ្យ​កើត​ហើយ ទីក្រុង​ខ្មែរ គឺ​សប្បាយ​តែម្ដង ដូច​នៅ​ទីក្រុង​ឡុងប៊ិច អី​ណាស់!»

មិន​ខុស​គ្នា​នេះ ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ម្នាក់​ទៀត លោក មាស សុខតារា ចង់​ឃើញ​វត្តមាន​ទីក្រុង​ខ្មែរ​កើត​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន និង​ទទូច​ដល់​ថ្នាក់ដឹកនាំ​ក្នុង​សហគមន៍ និង​សមាគម​ជួយ​ពន្លឿន​ដល់​ការ​បង្កើត​ក្រុង​ខ្មែរ​នេះ​ឲ្យ​បាន​ឆាប់​រហ័ស។ លោក​លើក​ឡើង​ថា បើ​សិន​ជា​មាន​ទីក្រុង​ខ្មែរ​មែន​នោះ វា​ជា​កិត្តិយស​របស់​ខ្មែរ និង​ជា​ក្ដី​ទន្ទឹង​រង់ចាំ​របស់​ពលរដ្ឋ​ក្នុង​សហគមន៍៖ «ខ្ញុំ​ធ្លាប់​ឮ​ដំណឹង​ហ្នឹង​ដែរ​កាល​មុន។ គម្រោង​បង្កើត​ទីក្រុង​ខ្មែរ​ថោន នៅ​ផ្លូវ​លេខ​៧ ហ្នឹង​ដែរ  ប៉ុន្តែ​ឥឡូវ​ហ្នឹង​វា​មិន​ដឹង​ដល់​ដំណាក់កាល​ណា​ខ្ញុំ​មិន​ដឹង​ពី​ព័ត៌មាន​ហ្នឹង។ បាទ! ជា​ការ​ពិត​ធម្មតា​យើង​ជា​ខ្មែរ​ចង់​ឲ្យ​មាន​មុខ​មាន​មាត់​ជា​ឈ្មោះ​ខ្មែរ​មួយ​ដែរ មាន​ទីក្រុង​ខ្មែរ​នៅ​ហ្នឹង ក៏​ជា​ការ​ល្អ​ដែរ ព្រោះ​ហ្នឹង​ក៏​ជា​កិត្តិយស​របស់​ខ្មែរ​យើង​ដែរ»

សហគមន៍​ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ហ្វីឡាដែលហ្វីយ៉ា​នេះ មិន​ធំ​ដូចជា​នៅ​ក្រុង​ឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) ឬ​ក៏​នៅ​ក្រុង​ឡូវែល (Lowell) ឬ​រដ្ឋ​ម៉ាស្សាឈូសិត (Massachusetts) ដែល​មាន​ជនជាតិ​ខ្មែរ​រស់​នៅ​រាប់​សែន​នាក់​នោះ​ទេ។ ថ្វី​តែ​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នេះ​មាន​ចំនួន​មិន​ដល់​ពីរ​ម៉ឺន​នាក់​ក៏ដោយ សហគមន៍​បាន​រួមគ្នា​បង្កើត​ជា​វត្ត​ព្រះ​ពុទ្ធសាសនា​ចំនួន​បួន​កន្លែង​ផ្សេងៗ​គ្នា មាន​ហាង​លក់​ទំនិញ​ខ្មែរ និង​មាន​អ្វីៗ​ដែល​បង្ហាញ​នូវ​លក្ខណៈ​ជា​ខ្មែរ​ជា​ច្រើន​ទៀត។ ក្រៅ​អំពី​វត្ត​អារាម​ព្រះពុទ្ធ​សាសនា​ក៏​នៅ​មាន​វិហារ​គ្រិស្ត​សាសនា​សម្រាប់​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ជា​ច្រើន​កន្លែង​ដែរ។

​លោក មុន្នី ជា​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង​ម្នាក់​ទៀត ដែល​មាន​ទីលំនៅ​ក្បែរ​វត្ត​មួយ​នៅ​ទីក្រុង​ហ្វីឡាដែលហ្វីយ៉ា ខាង​ត្បូង ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​សប្ដាហ៍​កន្លង​មក​នេះ​ថា លោក​ក៏​ធ្លាប់​បាន​លឺ​ដំណឹង​នៃ​ការ​បង្កើត​ទីក្រុង​ខ្មែរ​នេះ​ដែរ តែ​​រហូត​មក​ដល់​ពេល​នេះ​នៅ​ពុំ​ទាន់​ឃើញ​មាន​នៅ​ឡើយ ហើយ​លោក​ក៏​ចង់​ឃើញ​សហគមន៍​របស់​ខ្លួន​រីកចម្រើន​ទៅ​មុខ​តាម​រយៈ​ការ​បង្កើត​ទីក្រុង​ខ្មែរ​នេះ៖ «ខ្ញុំ​ឈ្មោះ មុន្នី  ខ្ញុំ​ចង់​ឲ្យ​មាន​ដែរ ពីព្រោះ​លឺ​សូរ​គេ​ថា បើ​បង្កើត​អា​ហ្នឹង​មែន​ខ្ញុំ​សប្បាយ​ចិត្ត ពីព្រោះ​ខ្មែរ​យើង​បាន​មក​ជួបជុំ​គ្នា​នៅ​ទីក្រុង​ហ្វីឡាដែលហ្វីយ៉ា ហើយ​ពេល​មាន​រដូវ​ភ្ជុំបិណ្ឌ ឬ​ក៏​ចូល​ឆ្នាំ​ម្តងៗ ក៏​យើង​អាច​មក​ជួបជុំ​គ្នា​នៅ​ទី​នេះ​ដែរ»

ដោយ​ឡែក​នាយិកា​សមាគម​ខ្មែរ​នាទី​ក្រុង​មួយ​នេះ គឺ​អ្នកស្រី សុខ ដារាឆាយ គាំទ្រ​ចំពោះ​គម្រោង​ខាង​លើ ហើយ​អ្នកស្រី​ថា ខាង​សមាគម​ក៏​បាន​ធ្វើ​កិច្ចការ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​បង្កើត​ទីក្រុង​ខ្មែរ​នេះ​ដែរ ប៉ុន្តែ​អ្នកស្រី​ពុំ​បាន​ដឹង​ពី​គម្រោង​ជាក់លាក់​​ថា តើ​នៅ​ពេល​ណា​ទើប​ទីក្រុង​មួយ​នេះ​នឹង​លេចចេញ​ជា​រូបរាង​នោះ​ឡើយ៖ «ខ្ញុំ​ឈ្មោះ សុខ ដារាឆាយ ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ពី​ខាង Application ហ្នឹង​ជាមួយ City Hall ទេ ប៉ុន្តែ​ខាង​សមាគម​ខ្មែរ​ក៏​បាន​ធ្វើ Application អី​ផ្សេង​ដែរ​សម្រាប់​ខ្មែរ​ថោន ហ្នឹង»

ឆ្លើយ​តប​នឹង​ចម្ងល់​នេះ លោក ជូរ ហ័រ  តំណាង​សហគមន៍​ខ្មែរ​នា​ទីក្រុង​ហ្វីឡាដែលហ្វីយ៉ា ខាង​ត្បូង ដែល​ជា​កន្លែង​គ្រោង​នឹង​បង្កើត​ទីក្រុង​ខ្មែរ​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ពេល​ថ្មីៗ​នេះ​ថា សហគមន៍​របស់​លោក​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​បេក្ខភាព​ចៅហ្វាយ​ក្រុង ហើយ​លោក​ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​ចូលរួម​ឈរ​ឈ្មោះ​ជា​បេក្ខជន​អភិបាល​ក្រុង​ខ្មែរ​មួយ​នេះ​ក្នុង​បំណង​លើក​កម្ពស់​ដល់​មុខមាត់ ពលរដ្ឋ​ខ្មែរ​ក្នុង​សហគមន៍​ទាំង​មូល។

លោក​បន្ត​រថា រយៈពេល​នៃ​ការ​បង្កើត​ទីក្រុង​ខ្មែរ​នេះ​នៅ​ពុំ​អាច​បញ្ជាក់​​បាន​នៅ​ឡើយ​ទេ ពីព្រោះ​ដោយសារ​តែ​ខ្លួន​លោក​ផ្ទាល់ និង​អ្នក​ផ្ចុងផ្ដើម​ដទៃៗ​ទៀត​កំពុង​ជាប់​រវល់​ប្រកប​កិច្ចការ​រៀងៗ​ខ្លួន​ ប៉ុន្តែ​លោក​សំដែង​នូវ​សុទិដ្ឋិនិយម​ថា នឹង​បង្កើត​ចេញ​ជា​រូបរាង​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ពីព្រោះ​ពលរដ្ឋ​និង​ក្រុម​អាជីវករ​បាន​​ចុះ​ហត្ថលេខា​គាំទ្រ​គម្រោង​នេះ​រួចរាល់​អស់​ហើយ ហើយ​លោក​សង្ឃឹម ៨០​ភាគរយ​ចំពោះ​គម្រោង​នេះ៖ «ខ្ញុំ​ឈ្មោះ ជូរ ហ័រ នៅ​ផ្លូវ​លេខ​៧។ ឥឡូវ​ហ្នឹង​យើង​កំពុង​ចាប់ផ្ដើម​រក​អ្នក​តំណាង​ម្នាក់​ដើម្បី​ឈរ​ឈ្មោះ​ជា​ចៅហ្វាយ​ក្រុង​ប្រធាន​ក្រុង​យើង​ហ្នឹង នៅ​មិន​ទាន់​មាន​បេក្ខជន​ណា​ដូច​ថា​គេ​ហ្នឹង​ចូលរួម។ ឥឡូវ​ហ្នឹង​ខ្ញុំ​ចង់​អំពាវនាវ​ឲ្យ​បងប្អូន​ខ្មែរ​ទាំង​អស់​ទូទាំង​ក្រុង​ហ្វីឡា​ហ្នឹង បើ​មាន​ចំណាប់អារម្មណ៍ ដូច​ថា សូម​មក​ចូលរួម​ជា​បេក្ខជន​ដើម្បី​បម្រើ​ខ្មែរ​ទាំង​អស់​គ្នា។រយៈពេល​ខ្ញុំ​មិន​អាច​សន្និដ្ឋាន​បាន​ទេ ពីព្រោះ​ឥឡូវ​ហ្នឹង​បងប្អូន​យើង​រវល់ ហើយ​កិច្ចការ​ខែ​ត្រជាក់​ផង ហើយ​ចាំ​មើល​ខែ​ក្តៅ ពេល​ចូល​ឆ្នាំ យើង​នឹង​មាន​បង្កើត​កម្មវិធី​មួយ​នៅ​ផ្លូវ​លេខ​៧ ហ្នឹង​ដើម្បី​ជួបជុំ​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​ដឹង​លឺ​ឲ្យ​បាន​ច្រើន​នឹង​ចូលរួម​គាំទ្រ​នូវ​គំនិត​ដែល​យើង​ចង់​បង្កើត​ទីក្រុង​ខ្មែរ​ហ្នឹង»

ទីក្រុង​ហ្វីឡាដែលហ្វីយ៉ា ជា​ទីក្រុង​លំដាប់​ទី​៤ ក្នុង​សហរដ្ឋអាមេរិក ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​ជា​គេ បន្ទាប់ពី​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វ័រញ៉ា ទីក្រុង​ឡូវែល រដ្ឋ​ម៉ាស្សាឈូសេត និង​ទីក្រុង​ស៊ីអេថល (Seattle) របស់​រដ្ឋ​វ៉ាស៊ីនតោន (Washington State)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។