ស្ត្រី​វ័យ​ក្មេង​ពិភាក្សា​អំពី​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​និង​បច្ចេកវិទ្យា​ដើម្បី​អបអរ​ទិវា​នារី​អន្តរជាតិ

ស្ត្រី​វ័យ​ក្មេង​ប្រមាណ ៦០​នាក់ ជួប​ប្រជុំ​គ្នា​ពិភាក្សា​អំពី​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី និង​បច្ចេកវិទ្យា ដើម្បី​អបអរ​ទិវា​នារី​អន្តរជាតិ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា។

អ្នក​សម្របសម្រួល​ក្លឹប​រួបរួម​នៃ​យុវជន​កម្ពុជា លោក យាង សិដ្ឋសមប្រាថ្នា ថ្លែង​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ថា ក្រុម​ស្ត្រី​វ័យ​ក្មេង​បាន​ជួបជុំ​គ្នា​នៅ​ក្នុង​វេទិកា​ជ្រុង​នៃ​ស្ត្រី ដែល​បើក​ឲ្យ​មាន​ការ​ចែក​រំលែក​បទពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក។

យុវជន​ដដែល​បញ្ជាក់ ស្ត្រី​បាន​បែងចែក​ក្រុម​ពិភាក្សា​ចំនួន ៤​ក្រុម ដែល​ក្រុម​នីមួយៗ​ជជែក​អំពី​បញ្ហា​ស្ត្រី​និង​ការ​អប់រំ ស្ត្រី​និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សារ​គមនាគមន៍ ស្ត្រី​និង​បញ្ហា​សិទ្ធិ​មនុស្ស និង​ស្ត្រី​ជា​អ្នក​ដឹក​នាំ៖ «ជា​ទូទៅ​យើង​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ ហើយ​យើង​ចង់​បង្កើត​កម្មវិធី​មួយ​ថ្មី លក្ខណៈ​ជា​ការ​ពិភាក្សា​រវាង​ស្ត្រី​គាត់​មាន​បទ​ពិសោធន៍​ហើយ​ស្ត្រី​វ័យ មាន​ន័យ​ថា ធ្វើ​ឲ្យ​ពួកគាត់​ទៅ​ស្និទ្ធស្នាល​ជា​មួយ​គ្នា ចែក​រំលែក ធ្វើ​ម៉េច​ឲ្យ​ពួកគាត់​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​ជាមួយ​ស្ត្រី​គាត់​មាន​ដែន​កំណត់​ទេ​គាត់​អាច​ឈាន​ទៅ​ដល់​អ្វី​ដែល​គាត់​ចង់​ធ្វើ។ គាត់​ចាប់​អារម្មណ៍​ខ្លាំង​មែនទែន គាត់​ទទួល​បាន​បទ​ពិសោធន៍​របស់​វាគ្មិន​គាត់​ឆាប់​និយាយ​ត្រូវ​គ្នា»

កម្មវិធី​នេះ​ធ្វើ​ឡើង​នៅ​ការិយាល័យ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក សម្រាប់​កិច្ច​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។ កាល​ពី​ចុង​ខែ​កុម្ភៈ ក្លឹប​រួបរួម​នៃ​យុវជន​កម្ពុជា បាន​រៀបចំ​កម្មវិធី​២​រួច​ទៅ​ហើយ ទាក់ទង​នឹង​ការ​លើក​កម្ពស់​ស្ត្រី ដូចជា​កម្មវិធី​ប្រកួត​រូបថត​ស្ត្រី ក្រោម​ប្រធានបទ​ចលនា​របស់​ស្ត្រី​កម្ពុជា​ក្នុង​សតវត្ស​ទី​២១ និង​វេទិកា​យុវជន​ជជែក​ពិភាក្សា​អំពី​ប្រធានបទ "ស្ត្រី​និង​ភាព​ជា​អ្នក​ដឹកនាំ"៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។