ចោរប្លន់ យកម៉ូតូ១គ្រឿង ទៅបាត់ដោយ សុវត្ថិភាពនៅផ្លូវលំ ក្នុងស្រុកអង្គរជ័យ

(កំពត)៖ ចោរប្លន់ជិះម៉ូតូឌុបគ្នា ២នាក់ បានប្លន់ យកម៉ូតូពីជនរងគ្រោះ ដោយសម្រេច នៅតាមផ្លូវលំ ស្ងាត់មួយ នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកាន់ទ្រង់ ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

មន្ត្រីនគរបាលស្រុកអង្គរជ័យ បានប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះ ឈ្មោះរស់ ផល ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ មន្ត្រីនគរបាលដដែល បន្តថា ក្រុមជនល្មើស បានធ្វើសកម្មភាពប្លន៉ ទៅលើជនរងគ្រោះ ខណៈស្ត្រីរងគ្រោះ បានជិះម៉ូតូចេញ ពីផ្សារវិលត្រឡប់ មកផ្ទះវិញ ហើយចោរ ក៏ជិះដេញពីក្រោយ លុះដល់កន្លែង កើតហេតុស្ងាត់ គ្មានមនុស្សធ្វើដំណើរ ចេញចូល សម្រាប់ផ្តល់ឱកាស ល្អដល់ពួកវា ក៏បើកគៀរម៉ូតូ ជនរងគ្រោះឲ្យដួល ហើយក៏លើកម៉ូតូ ជនរងគ្រោះ ជិះម្នាក់មួយគ្រឿង គេចចេញទៅបាត់ដោយ សុវត្ថិភាព។ ម៉ូតូជនរងគ្រោះដែលក្រុមចោរ ប្លន់នាំយកទៅបាត់ នោះមានម៉ាក ឌ្រីមសង់សេ១២៥ សេរី ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1D-6050 លេខតួ និងលេខម៉ាស៊ីន ៩២២៥៦៤៤។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចនានា បាន និងកំពុងស្រាវជ្រាវ វែកមុខសញ្ញា ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់។

គួរបញ្ជាក់ថាៈ កាលពីម៉ោង១២ និង៣០នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦ មានកើតករណី ចោរប្លន់ប្រដាប់អាវុធ មួយដែរ ដែលកើតឡើង នៅផ្ទះជនរងគ្រោះ ឈ្មោះយឹម អូន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិអង្គរជាតិ ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។  ដោយចោរមិនស្គាល់ អត្តសញ្ញាណ បានធ្វើសកម្មភាព ភ្ជង់ប្លន់ជនរងគ្រោះខាងលើ យកបានរួមមាន៖ ក្រវិលផ្លាកទីន ១គូរ ទម្ងន់១ជី, ខ្សែកមាស ១ខ្សែ ទម្ងន់១ដំឡឹង ១ជី (តែជនរងគ្រោះ ដណ្តើមបានខ្សែក មកវិញពាក់កណ្តាល) ខណៈប្រតាយ ប្រតោង គ្នាជាមួយចោរប្លន់នោះ។

ចោរប្លន់ប្រដាប់អាវុធ មានគ្នា២នាក់ អាវុធ១ដើម ក្រោយប្លន់ហើយ ពួកវាបានដើរចេញពីកន្លែង កើតហេតុ ហើយបានបាញ់ ដោយកាំភ្លើងធន់ AKស្វាយបត់ ចំនួន១គ្រាប់ ទៀតផង។ ដោយឡែក ក៏មានករណី កើតចោរលួចកាច់ សោរកម៉ូតូ១គ្រឿង នាំយកទៅបាត់ ដោយសុវត្ថិភាព ផងដែរ ខណៈម្ចាស់ម៉ូតូ ទុកម៉ូតូចោល ហើយដើរចុះទៅ

ក្រោមព្រែក ស្រាប់តែឡើងមកវិញ មិនឃើញម៉ូតូ។ ហេតុការណ៍នេះ បានកើតឡើង  កាលពីម៉ោង១០ព្រឹក ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៦ ចំណុចក្បាល បូមទឹកឈូ ស្ថិតក្នុង ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះហែម ចន្ធី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ខាងលើ។ ម៉ូតូដែលបាត់ ម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ សេរី២០១៤ កំពត1H-3245 លេខតួ និងលេខម៉ាស៊ីន 9126888៕

ចោរប្លន់ យកម៉ូតូ១គ្រឿង ទៅបាត់ដោយ សុវត្ថិភាពនៅផ្លូវលំ ក្នុងស្រុកអង្គរជ័យ