អតីតមន្រ្តី ជាន់ខ្ពស់ បក្សសំបុកឃ្មុំ នឹងបង្កើត គណបក្សថ្មីឈ្មោះថា “ខ្មែរដើម្បីខ្មែរ”

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ គណបក្សសំបុកឃ្មុំ៥រូបផ្សេងទៀត សម្រេចចិត្តមករួមរស់ជាមួយ លោក អ៊ុក ស៊ុយ។ នៅថ្ងៃសៅរ៍នេះ អគ្គលេខាធិការរង គណបក្សសំបុកឃ្មុំម្នាក់ទៀតឈ្មោះ កុក យូឡេង និងសមាជិក គណៈអចិន្រ្តៃយ៍៤រូបទៀត បានប្រកាសចាកចេញពីគណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ។

លោកអ៊ុក ស៊ុយ អតីតអគ្គលេខាធិការ គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាចនេះថា អ្នកទាំង៥នាក់នេះ ចេញទៅបង្កើតគណបក្សថ្មីមួយទៀតជាមួយលោក បន្ទាប់ពីអាក់អន់ចិត្ត ជាមួយមនុស្សស្និទ្ធម្នាក់ ដែលនៅក្បែរលោកម៉ម សូណង់ដូរ។ គណបក្សថ្មីដែលគ្រោងនឹងបង្កើតឡើងនេះ នឹងមានឈ្មោះថា “ខ្មែរដើម្បីខ្មែរ”។

លោក អ៊ុក ស៊ុយ បញ្ជាក់ថា “នៅថ្ងៃចន្ទខ្ញុំនិងមន្រ្តី៥នាក់នេះ នឹងធ្វើសន្និសីទកាសែតប្រាប់មហាជន អំពីរឿងពិតនៃការចាកចេញនេះ លោកចាកចេញនេះ មិនមែនអាក់អន់ចិត្តជាមួយលោក ម៉ម សូណង់ដូទេ តែអន់ចិត្តជាមួយមនុស្សម្នាក់ ដែលស្និទ្ធនឹងលោកម៉ម សូណង់ដូ ដែលចេះតែលូកដៃការងារបក្ស”។

អតីតមន្រ្តីជាន់ខ្ពស់គណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ដែលទើបចាកចេញពីគណបក្សសង្គ្រោះជាតិ សម្រេចចិត្តចាកចេញពី គណបក្សលោកម៉ម សូណងដូ ហាក់ស្ងប់ស្ងាត់ ជាងការចាកចេញពីគណបក្ស សង្គ្រោះជាតិ។ ស្ងប់ស្ងាត់ត្រង់ថា មិនទាន់ឃើញមន្រ្តីរូបនេះ ធ្វើការរិះគន់ទៅលើគណបក្ស លោកម៉ម សូណងដូរ៕