បុរស​បរទេស​បួស​ជា​សង្ឃ​ខ្មែរ​

6 Videos

​ដោយសារតែ​ស្រ​ទ្បា​ញ់​ព្រះពុទ្ធសាសនា​ស្រ​ទ្បា​ញ់​ប្រពៃណី វប្បធម៌ និង​ពលរដ្ឋ​ខ្មែរ​បានធ្វើឱ្យ​បុរស ជនជាតិ​អាល្លឺម៉ង់​ម្នាក់​មិន​វិលត្រឡប់​ទៅកាន់​មាតុប្រទេស​របស់ខ្លួន​វិញ ហើយក៏​បានសម្រេច​ចិត្ត​សាង​ផ្នួស​ជា​ព្រះ​ភិក្ខុសង្ឃដែល​បច្ចុប្បន្ន​ព្រះអង្គ​កំពុង​គង់ និង ស្នាក់នៅ​ក្នុង​វត្ត​ឧណ្ណាលោម ។ ព្រះសង្ឃ​ជនជាតិ​បរទេស​មួយអង្គ​នេះ​បានចាត់ទុក​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាច់ញាតិ​នឹង​ប្រជា​ពល រដ្ឋ​របស់​ព្រះអង្គ មិនតែប៉ុណ្ណោះ​ព្រះអង្គមាន​ទឹកចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​ខ្មែរដោយ​ព្រះអង្គ​បាន​លះបង់​កម្លាំងចិត្ត និង កម្លាំងកាយ ជួយសង្គ្រោះ​ប្រជាពលរដ្ឋខ្មែរ​តាមរយៈ​ការបង្កើត​មន្ទីរពេទ្យ​សម្រាក​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខេត្តសៀមរាប​ដោយ​ឥតគិតថ្លៃ ។​

បុរស​បរទេស​បួស​ជា​សង្ឃ​ខ្មែរ​

M88

​ព្រះសង្ឃ​ជនជាតិ​បរទេស​អង្គ​នេះ​ព្រះនាម អ៊ី​ន​ហ្គោ ហូ​ហ្វ​មែន (Ingo Hoffmann) មាន​ព្រះជន្ម ៤០ ព្រះវស្សា ជា​ជនជាតិ​អាល្លឺម៉ង់ មាន​ទីកន្លែង​កំណើត​នៅ​ទីក្រុង​ប៊ែ​រ​ឡាំងនៃ​ប្រទេស​អាល្លឺម៉ង់ ។ ពេល​ជួប​ជាមួយ​អ្នកយក​ពត៌មាន​«​ប្រជាប្រិយ​»​នៅក្នុង​វត្ត ឧណ្ណាលោម ព្រះអង្គ​មាន​ថេរ​ដីកា​ឱ្យដឹងថាកាលពី​ដំបូង​ទ្បើ​យ​ព្រះអង្គ​បាន​ចូលប្រឡូក​ក្នុង​វិស័យការងារ​នៅ​ឆ្នាំ ១៩៩០ ដោយ​ធ្វើជា​អ្នក​ថតរូប​ឱ្យ​ស្ថាប័ន​កាសែត United Nation​រយៈពេល ១២ ឆ្នាំ ។ ពេលនោះ​មិនទាន់បាន​រៀន​ចប់​ថ្នាក់​មហាវិទ្យាល័យ​ផ្នែក​ព័ត៌មានវិទ្យា​នៅឡើយ បន្ទាប់មក​ក៏ ដូរ​តួនាទី​ទៅកាន់​តួនាទី​ថ្មី​ជា​ភ្នាក់ងារ​យក​ព័ត៌មាន​ឱ្យ Reuters News បន្ទាប់មកទៀត​ធ្វើជា​អ្នក រៀបចំ​កម្មវិធី និង អ្នក​ថត​វីដេអូ​ទូរទស្សន៍ TV Berlin, FAB, RTL អស់​រយៈពេល​បី​ឆ្នាំ​នៅ​ប្រទេស​អាល្លឺម៉ង​ផងដែរ ។​

​ព្រះអង្គ​បន្តថា​ចំណាយ​ពេលវេលា​ធ្វើជា​អ្នកកាសែត​រយៈពេល ១៥ ឆ្នាំ លុះដល់​ឆ្នាំ ២០០៥ ព្រះអង្គ​ស្រ​ឡា​ញ្ញ់​មុខវិជ្ជា​ពេទ្យ​ក៏​សិក្សា​បន្ត​ជំនាញ​ពេទ្យ ប៉ុន្តែ​នៅក្នុងក្របខ័ណ្ឌ​ទាហាន (​ពេទ្យ​ទាហាន​) រួច​សិក្សា​បណ្តើរ​បម្រើ​ការងារ​នៅក្នុង​ពេទ្យ​ទាហាន​បណ្តើរ​អស់ រយៈពេល ៥ ឆ្នាំ​ទៀត ។ ការបម្រើ​ការងារ​នៅ​ក្នុ​ុ​ង​មន្ទីរពេទ្យ​ទាហាន​ពិតជា​ធ្វើឱ្យ​ព្រះអង្គ​ពិបាក​ដោយសារ​មិនសូវមាន​ពេលទំនេរ ហើយ​សិទ្ធិសេរីភាព​ក្នុងការ​ដើរហើរ​ក៏​គ្មាន ។ ក្រោយមកទៀត​ព្រះអង្គ មាន​មិត្តភក្តិ​មួយក្រុម​ជា​តន្ត្រីករពេល​មានឱកាស​ឈប់សម្រាក​ម្តងៗ​ព្រះអង្គ​តែងតែ​ទៅ​ចូលរួម ហាត់​រាំ ច្រៀង រៀន​ភ្លេងជាពិសេស​ទៅ​ថតរូបឬ វីដេអូ​ឱ្យ​មិត្តភក្តិ ម្យ៉ាងវិញទៀត​ព្រះអង្គ​មានបទពិសោធ​ផ្នែក​ខាង​កាន់​កាមេរ៉ា​នេះ​ស្រាប់​ផង ។ មិនយូរប៉ុន្មាន​ដោយ​នឹកឃើញ​ការងារ​នេះ​ធ្វើឱ្យសប្បាយរីករាយ និង ឆាប់​ល្បីឈ្មោះ​ទៀត​នោះព្រះអង្គ​ក៏​សម្រេចចិត្ត​ចូលរួម​ធ្វើការ​ជាមួយ​មិត្តភក្តិ ជា​អ្នក​ថតរូប ឬ វីដេអូ និងជា​អ្នក​លេងភ្លេងជាដើម ។​

បុរស​បរទេស​បួស​ជា​សង្ឃ​ខ្មែរ​

​ចាប់តាំងពី​ពេលនោះ​មក​ព្រះអង្គ​មានឱកាស​ចេញទៅ​សម្តែង និង ដើរ​កម្សាន្ត​នៅក្រៅ​ប្រទេស​ជា​ញឹក ញាប់ ដូចជា​ប្រទេស​អូស្ត្រាលី ថៃ វៀតណាម សិង្ហ​បុរី ស្រីលង្កា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី កម្ពុជា និង តំបន់​អឺរ៉ុប ស្ទើរតែ​ជុំវិញ​ពិភពលោកដូច្នេះហើយ​បានជា​ព្រះអង្គ​ឈ្វេងយល់​ពី​ការរស់នៅ​របស់​មនុស្ស​ខុសៗ​គ្នាគឺ​ការសប្បាយ និងទុក្ខលំបាក​វេទនា​រប​ស់មនុស្ស​លើ​ពិភពលោក ។​

​ព្រះអង្គ​បន្តថានៅ​ឆ្នាំ ២០១២ព្រះអង្គ​បានធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ប្រទេស​កម្ពុជាដែល​មាន​រយៈ ពេល​ត្រឹម​តែមួយ​សបា្តហ៍​ប៉ុណ្ណោះ ប៉ុន្តែដោយសារតែ​ទំនៀមទម្លាប់​ប្រពៃណី វប្ប​ធ​ម៍​ដ៏ ល្អ​រុងរឿង​បំផុត និង ប្រជាពលរដ្ឋ​ខ្មែរ​ចេះនិយាយ​រាក់ទាក់​ទៅរក​ព្រះអង្គធ្វើឱ្យ​ព្រះអង្គ​មិន​ដាច់ចិត្ត​វិលទៅ​មាតុប្រទេស​របស់​ព្រះអង្គ​វិញ​ទ្បើ​យ ។ ពេលនោះ​ព្រះអង្គ​ដើររក​ការងារ​ធ្វើនៅក្នុង​ស្រុក​ខ្មែរ​ហើយ​ដោយសារតែ​ព្រះអង្គ​មាន បទពិសោធ​ផ្នែក​ខាង​កាន់​កាមេរ៉ា​ក៏​ធ្វើជា​អ្នក​ថត វីដេអូ​ថតរូប និងជា​អ្នករៀបចំ​កម្មវិធី​ថត​ចម្រៀង ខារ៉ាអូខេ និង ភាពយន្តនៅក្នុង​ផលិតកម្មចម្រៀង​ក្នុងស្រុក​ខ្មែរ​ល្បីៗ​មួយចំនួន​ផងដែរ ។​

​ធ្វើការ​បណ្តើរ​ដើរ​កម្សាន្ត​ជុំវិញ​ប្រទេស​កម្ពុជា បណ្តើរ ធ្វើឱ្យ​ព្រះអង្គ​បាន​សង្កេតឃើញ​ពី​ជីវិត​រស់នៅនិង ជីវភាព​រស់នៅ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ខ្មែរដែលលំបាក​វេ​ទ​នាមិនមានសាលារៀន មន្ទីរពេទ្យ និង ចំណីអាហារ​គ្រប់គ្រាន់ជាដើម ។ ហេតុដូចនេះ​ព្រះអង្គ​ចាប់ ផ្តើម​មានចិត្ត​អាណិតអាសូរ​ប្រជាពលរដ្ឋ​ខ្មែរ ដោយ ចាត់ទុក​អ្នក​ទាំងអស់នោះ​ជា​សាច់ញាតិ​របស់​ព្រះ អង្គ ។ ព្រះអង្គ​តែងតែ​ចូលចិត្ត​ស្តាប់​ការជជែក គ្នា​ជាមួយ​ព្រះសង្ឃ ដូចជា ស្តាប់​ព្រះធម៌ ទម្លាប់ ព្រះសង្ឃ អាកប្បកិរិយា​ព្រះសង្ឃ​ចេះ​ជួយ​ទុក្ខ ធុរៈ​អ្នក ដទៃ និង ការប្រតិបត្តិ​ព្រះធម៌ បើ​ទោះបី​ព្រះ​អង្គជា​មនុស្ស​ចូលចិត្តការកម្សាន្ត​សប្បាយ និង មាន​សេរីភាព​ក៏ដោយ ។

​ព្រះអង្គ​បន្តថា ក្រោយមក​ព្រះអង្គ​បានសម្រេចចិត្ត​ឈប់​ពី​ការងារ​ជា​អ្នក​ថតរូបនិងវីដេអូ ។ ព្រះអង្គ​ឧស្សាហ៍​មកលេង និង ស្តាប់​ព្រះធម៌ នៅ​វត្ត​ឧណ្ណាលោមមិនយូរប៉ុន្មាន​ព្រះអង្គ​ស្គាល់ ព្រះសង្ឃ​ដែលជា​ព្រះចៅអធិការ​វត្ត​ឧណ្ណាលោម រួច​សុំ​ព្រះអង្គ​បួស​ជា​ព្រះសង្ឃ​នៅ​វត្ត​ឧណ្ណាលោមនោះ​តែម្តង​នៅ​ពាក់កណ្តាល ឆ្នាំ ២០១៣ ។ ចាប់តាំងពីពេលដែល​ព្រះអង្គ​បួស​ជា ព្រះសង្ឃ​មក​ព្រះអង្គ​បាន ប្រតិបត្តិ​នូវ​អ្វីដែល​លោក គ្រូ​ចៅអធិការ​វត្ត​បាន​ណែនាំ និង បង្ហាត់បង្រៀន​ពី​ច្បាប់ និង វិន័យ​ជា​ព្រះសង្ឃ​ដូចជា​និមន្ត​បិណ្ឌបាត ឧបាសក ឧបាសិកា និមន្ត​សូត្រមន្ត រៀន​ព្រះធម៌ និង ក្រៅពីនេះ​ព្រះអង្គ​បាន​ជួយ​សម្អាតអនាម័យ​នៅ​ទីធ្លា​ក្នុង​វត្ត ។​

​ថ្ងៃមួយ​ព្រះអង្គ​និមន្ត​ទៅ​ខេត្តសៀមរាប ដែល​ត្រូវ បាន​គេ​និមន្ត​សូត្រមន្ត​នៅ​ទីនោះ និង ឆ្លៀត​និមន្ត ទៅលេង​ប្រាសាទអង្គរវត្ត ហើយ​បាន​ជួប​ក្មេង​កំព្រា ក្មេង​អនាថា ចាស់ជរា អង្គុយ​សុំទាន និង មាន អ្នកខ្លះ​កំពុង​ឈឺ​មិន​ត្រូវបាន​យកទៅ​ព្យាបាល  ទើប ជំ​រុញឱ្យ​ព្រះអង្គ​បង្កើត​មន្ទីរពេទ្យ​មួយ​នៅ​ទីនោះ ដែលមាន​ឈ្មោះថា  Nanda Health and Hope Foundation  នៅ​ទីក្រុង​សៀមរាប ដែល​បាន ដំណើរការ​អស់​រយៈពេល​ជាង​បី​ខែ​មកហើយ ។​

​ប្រជាពលរដ្ឋ​គ្រប់រូប​អាច​សម្រាក​ព្យាបាល និង ពិគ្រោះ​ជំងឺ​គ្រប់​ប្រភេទដោយ​ឥតគិតថ្លៃ ប៉ុន្តែគ្រាន់តែ​សម្ភារៈ​បរិក្ខារ​ពេទ្យ ថ្នាំពេទ្យ និង ក្រុម​គ្រូ ពេទ្យ​នៅ​ទីនោះ​មិនទាន់​គ្រប់គ្រាន់​នឹង​ឆ្លើយតបតាម​តម្រូវការ​របស់​អ្នកជំងឺ​បាន​មួយរយ​ភាគរយ នៅឡើយ  ។ បច្ចុប្បន្ន​នៅ​មន្ទីរពេទ្យ​នោះ​មាន​គ្រូពេទ្យ​ចំនួន ៥ នាក់ និង វេជ្ជបណ្ឌិត​ម្នាក់ ។ ព្រះ អង្គ​បន្ថែមថា​ប្រសិនបើ​មាន​សប្បុរសជន​ក្នុងប្រទេស​ក្រៅប្រទេស និង សហគមន៍​អឺរ៉ុបចង់​ជួយផ្តល់ជំនួយ​ទោះបីជា​សម្ភារៈ​បរិក្ខារ​ពេទ្យថ្នាំពេទ្យ និង ថវិកាក៏​ព្រះអង្គ​ទទួល​ទាំងអស់ ព្រោះ​មន្ទីរ ពេទ្យ​នេះ​កំពុង​ជួប​បញ្ហា​វិបត្តិ​ខាង​ហិរញ្ញវត្ថុនិងមាន​អ្នកជំងឺ​ជាច្រើន​កំពុង​សម្រាក​ព្យាបាល ។​

​ទៅ​ថ្ងៃ​អនាគត​ព្រះអង្គ​មានបំណង​ចង់​បង្កើត​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែលមាន​ឈ្មោះថា Nanda Health and Hope Foundation ដោយ​បម្រើ​លើ​សេវាកម្ម​គ្លីនិក​សម្រាក​ព្យាបាល ជំងឺ​ទូទៅ​ដោយ​ឥតគិតថ្លៃ និង សាលាបង្រៀន ភាសា​ខ្មែរ និង ភាសាបរទេស​ដោយ​ឥតគិតថ្លៃ​ផង ដែរ ។ ជាមួយគ្នានេះ​ព្រះអង្គ​ក៏បាន​អំពាវនាវ​រក ជំនួយ​ពី​បណ្តា​សប្បុរសជន​ក្នុងប្រទេសក្រៅប្រទេសសហគមន៍​អឺរ៉ុប និង ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​ផងដែរ ដើម្បីឱ្យ​មន្ទីរពេទ្យ​របស់​ព្រះអង្គ អាច​ដំណើរ​ការបន្ត​ទៅមុខទៀត ៕  សុទ្ធ គឹម​សឿន