ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ព្រហ្មចារី​ គឺជា​អ្វី? តើ​ព្រហ្មចារី​ គឺជា​កត្តា​កំណត់​ភាព​ស្មោះត្រង់​របស់​ស្ត្រី​ចំពោះ​គូរ​ស្នេហ៍​ ឬ​ក៏​អនាគត​ស្វា​មី ​ឬ​យ៉ាងណា? អនាគត​
ប្រ​ព​ន្ធ​​ទាំងអស់​ ដាច់ខាត​ត្រូវ​តែ​នៅ​ព្រហ្មចារីឬ​យ៉ាងណា​ មុន​ពេល​រៀប​ការ?

បុរស ​ៗ​ជា​ច្រើន ​មានការ​យល់​ខុស​គ្នា​អំពី​និយម​ន័យ​​នៃ​ពាក្យ​ព្រហ្មចារី​នេះ? បុរស​ខ្លះ​បាន​គិត​ថា​ ស្ត្រី​ម្នាក់​មាន​ព្រហ្មចារី កាលណា​នាង​មានការ​​ហូរ​ឈាម​​នៅ​ពេល​រួម​ភេទ ​ជាមួយ​ស្វា​មី​ ​ដែល​រៀប​ការ​ដំបូង ​។ បុរស​ខ្លះ​ទៀត​និយាយ​ថា ​ព្រហ្មចារី​ គឺ​មាន​ន័យ​ថា ​នាង​មិន​ធ្លាប់​​ឆ្លងកាត់​ការ​រួម​ភេទ​​ឡើយ មុន​ពេល​ដែល​នាង​រៀប​ការ​ជាមួយ​បុរស​ម្នាក់ ​។ បុរស​កម្ពុជា​ជា​ច្រើន​គិត​ថា ​ពួក​គេ​ចង់​រៀប​ការ​ជាមួយ​ស្ត្រី​មួយ​រូប ​ដែល​នៅ​ក្រមុំ​ព្រហ្មចារី​ ដោយ​មិន​ធ្លាប់​ឆ្លងកាត់​ការ​រួម​ភេទ​​ពី​មុន​​មក ​ហើយ​ពួក​គេ​រំពឹង​ថា ​ដើម្បី​មាន​ភាព​ស្មោះត្រង់ ស្ត្រី​ម្នាក់​ ត្រូវ​រក្សា​ព្រហ្មចារី​ សម្រាប់​ស្វា​មី​របស់​​ខ្លួន ​។ ពួក​គេ​សម្គាល់ថា​ ភរិយា​យ​ថ្មីថ្មោង​​នៅ​ព្រហ្មចារី​ នៅ​ពេល​ដែល​ការ​រួម​ភេទ​​ដំបូង​មាន​ការ​ប្រឡាក់​ឈាម​នៅ​លើ​កម្រាលពូក ​។

ប៉ុន្តែ ​តាម​​លក្ខណ​:​វេជ្ជសាស្ត្រ សន្ទះ​ព្រហ្មចារី ​គឺ​ស្បែក​ស្តើង​នៅ​ជាប់​នឹងរ​ន្ឋ​យោនី​ ដែល​អាច​លាត​ស​ន្ឋឹ​ង​​បាន ​។ សន្ទះ​ព្រហ្មចារី​នេះ​មាន​​លក្ខណ​:​ខុស​គ្នា ​ពី​មនុស្ស​ម្នាក់ ​ទៅ​មនុស្ស​ម្នាក់​ទៀត ​។ ទន្ទឹម​នោះ សន្ទះ​ព្រហ្មចារី​នេះ​ អាច​ដាច់ដោច​ដោយសារ​សកម្មភាព​​មួយ​ចំនួន​ ដូច​ជា​ការ​លេង​កីឡា​ ឬ​សកម្មភាព​មួយ​​ចំនួន​ ។ ដូច្នេះ គេ​ពិបាក​នឹង​កំណត់​ណាស់​ថា​ ស្ត្រី​ម្នាក់​នៅ​ក្រមុំ​ព្រហ្មចារី​ដែរ​ឬ​អត់ ពី​ព្រោះ​ សន្ទះ​ព្រហ្មចារី​មិន​អាច​​នាំ​ដល់​ការ​សន្និដ្ឋាន​ថា ​ស្ត្រី​ម្នាក់​បាន​ធ្លាប់​ឆ្លងកាត់​ការ​រួម​ភេទ ​ឬ​អត់​នោះ​ឡើយ?

ដោយ ​ផ្អែក​លើ​ភាព​មិន​ច្បាស់លាស់​​នៃ​និយម​ន័យ​នៃ​ពាក្យ​ព្រហ្មចារី​ និង​ស្ថានភាព​ខុស​គ្នា​ពី​ស្ត្រី​ម្នាក់​ ទៅ​ស្ត្រី​ម្នាក់​ទៀត​នោះ វា​អាច​នឹង​អយុត្តិធម៌​​ចំពោះ​ស្ត្រី បើសិនជា​បុរស​ៗ​គិត​ថា ​ពួក​គេ​ត្រូវ​តែ​រៀប​ការ​ជាមួយ​ស្ត្រី​ ដែល​មានការ​ហូរ​ឈាម​នៅ​ថ្ងៃ​ដំបូង​​នៃ​ការ​រួម​ភេទ​ក្រោយ​​ពី​ការ​រៀប​មង្គល ​ការ​ហើយ ពីព្រោះ​ស្ត្រី​ខ្លះ​​អាច​រហែក​សន្ទះ​ព្រហ្មចារី​​នៅ​ក្នុង​ដំណាក់កាល​ណាមួយ ​នៃ​ជីវិត​របស់​ពួក​គេ ​ដោយ​មិន​ដឹង​​ខ្លួន ​។

ដូច្នេះ​ វា​ជា​ការ​ចាំបាច់​ណាស់ ​ដែល​បុរស​ៗ​យល់​ដឹងឱ្យ​​ច្បាស់លាស់​ អំពី​កត្តា​ទាក់ទង​នឹង​ភាព​ងាយ​រហែក​នៃ​សន្ទះ​ព្រហ្មចារី​នេះ​ ។ ភាព​​ស្មោះត្រង់​របស់​ស្ត្រី​ចំពោះ​ស្វាមី មិន​គួរ​ត្រូវ​បាន​កំណត់​ដោយ​ការ​សម្គាល់ការ​ចេញ​ឈាម ​នៅ​ពេល​រួម​ភេទ​លើក​ដំបូង​ឡើយ​ ។
ការ​​សម្គាល់​ភាព​ស្មោះត្រង់​របស់​ ស្ត្រី​ម្នាក់​ចំពោះ​ស្វាមី​របស់​ខ្លួន ​ដោយសារ​តែ​ការ​សម្គាល់​អំពី​ការ​ចេញ​ឈាម​ នៅ​ពេល​ការ​រួម​ភេទ ​នឹង​ក្លាយ​ជា​រឿង​អយុត្តិធម៌​មួយ​សម្រាប់​ស្ត្រី​ ។

ដោយ​ឈរ​លើ​ភាព​ យុត្តិធម៌រវាង​មនុស្ស​ប្រុស ​និង​មនុស្ស​ស្រី​នោះ វា​ក៏​មិន​​សម​ទំនង​ដែរ ​ដែល​បុរស​ទាំងអស់​ ត្រូវ​តែ​ទាមទារឱ្យ​​ស្ត្រី​ជា​ប្រ​ព​ន្ធ ​ត្រូវ​តែ​នៅ​ព្រហ្មចារី​ ឬ​ក៏​មិន​ធ្លាប់​រួម​ភេទ​​សោះ ខណ​:​ដែល​ស្ត្រី​មិន​ដែល​​បាន​ខ្វាយខ្វល់​នឹង​សំណួរថា​ តើ​បុរស​ជា​ប្តី ​ធ្លាប់​រួម​ភេទ​ឬ​ក៏​មិន​ធ្លាប់​រួម​ភេទ​​សោះ​ពី​មុន​ឡើយ ​។

សេចក្តី ​ស្មោះត្រង់​រវាង​ប្តី​ និង​ប្រ​ព​ន្ធ ​គួរតែ​ជា​សេចក្តី​ស្មោះត្រង់​ ដែល​មាន​ពិត​ៗ​នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ​ហើយ​វា​នឹង​គ្រប់គ្រាន់​ហើយ បើសិនជា​បុរស​និង​ស្ត្រី​ពីរ​នាក់ ​ជា​គូ​​ស្នេហ៍​អាច​រស់នៅ​ជាមួយ​គ្នា​ ដោយ​សេចក្តី​រីករាយ ​នៅ​ពេល​បច្ចុប្បន្ន​និង​អនាគត ​ដោយ​មិន​ខ្វល់​អំពី​ប្រវត្តិ​ខាង​ផ្លូវភេទ​របស់​ដៃគូ​​ស្នេហា​ ។

តើ ​អ្នក​អាន​កោះសន្តិភាព​​យល់​យ៉ាងណា​ អំពី​បញ្ហា​ព្រហ្មចារី​នេះ? តើ​អ្នក​យល់​ស្រប​ដែរ​ឬទេ​ ជាមួយនឹង​ការ​វិភាគ​ខាងលើ? សូម​រួម​គ្នា​ផ្តល់​​យោបល់​ និង Share ​អត្ថបទ​នេះ​ ទៅ​កាន់​មិត្ត​របស់​អ្នក​ ។