សង្គមស៊ីវិល គាំទ្រគោលការណ៍ របស់សាលាក្រុង សម្រេចបង្កើត ក្រុមការងារ ប្រគល់កម្មសិទ្ធិដី ឲ្យពលរដ្ឋ

ភ្នំពេញៈ សាលារាជធានីភ្នំពេញ សម្រេចបង្កើតក្រុមការងារ រៀបចំប្រគល់កម្មសិទ្ធិដី ឲ្យពលរដ្ឋ ដែលកំពុងមានលំនៅដ្ឋាន លើដីឯកជនរបស់រដ្ឋ។ ការសម្រេចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី០៤មីនា ម្សិលមិញ។ ប៉ុន្តែមិនទាន់កំណត់គោលដៅ នៅឡើយ។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា តាមហ្វេសបុករបស់លោកថា” ជាដំណឹងរីករាយ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋាន ជាយូរមកហើយ នៅលើដីឯកជនរបស់រដ្ឋ ដូចជានៅលើទីតាំង អង្គភាពរបស់រដ្ឋ ក្រសួង មន្ទីរនានា នឹងត្រូវរៀបចំប្រគល់កម្មសិទ្ធិជូន ហើយកាត់ចេញពីបញ្ជីសារពើភ័ណ្ឌរបស់ស្ថាប័ន។ រសៀលមិញនេះ នៅសាលារាជធានីមានការប្រជុំពិភាក្សា ដើម្បីរៀបចំចាត់តាំងក្រុមការងារ សម្រាប់គ្រប់ខណ្ឌ ធ្វើសលកប័ត្រព័ត៌មានស្រង់ យកក្បាលដីនីមួយៗ និងរៀបចំនីតិវិធី ក្នុងការផ្តល់កម្មសិទ្ធិ”។

ប្រធានអង្គការច្រាក លោក សួន ប៊ុនសាក់ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា សាលាក្រុងមានឆន្ទៈ និងមានគោលនយោបាយមួយ ដើម្បីដោះស្រាយបញ្ហាប្រទេសជាតិ ដូចនេះលោកគាំទ្រ ចំពោះចំណាត់ការនេះ។

លោកថា “ បើសីនជាការសន្យារបស់សាលាក្រុងមិនពិត នោះនឹងអាចបាក់មុខរបស់សាលាក្រុង កន្លងមិនថាតែសាលាក្រុងទេ សូម្បីតែរដ្ឋាភិបាលចូលចិត្តបង្កើតដោះស្រាយបញ្ហា ក៏ប៉ុន្តែមិនសូវមានប្រសិទ្ឋភាព ប៉ុន្តែរឿងនេះ លោកនឹងតាមដានមើលទាំងអស់ ថាតើអាចជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋទេ”។

បញ្ហាទំនាស់ដីធ្លី នៅក្នុងរាជធានីភ្នំពេញ ដែលអូសបន្លាយយូរជាងគេ គឺនៅតំបន់បឹងកក់ និងសហគមបូរីកីឡាជាដើម។  សង្គមស៊ីវិលមើលឃើញថា បញ្ហាជម្លោះដីធ្លី នៅទូទាំងប្រទេសកម្ពុជា មានការថយចុះគួរឲ្យកត់សម្គាល់ នៅឆ្នាំ២០១៥។ ចំនែកឯក្រសួងដែនដីវិញ អះអាងថា ការដោះស្រាយវិវាទដីធ្លីនៅ ឆ្នាំ ២០១៥ សម្រេចជោគជ័យ ៣៧៦ ករណី ក្នុងចំណោមករណី វិវាទសរុប ៦៧៣ករណី នៅទូទាំងប្រទេស៕