ការងារសំណង់ ផ្តល់ឱកាសឲ្យកូនខ្មែរ ចន្លោះពី ២០ ទៅ ២៥ ម៉ឺននាក់ ក្នុងមួយថ្ងៃៗ

ភ្នំពេញ៖ បច្ចុប្បន្នការងារសំណង់ ត្រូវគេចាត់ទុកថា ជាការងារក្នុង កំរិតទាបមួយក្នុងសង្គម បើធ្វើការប្រៀបធៀប នឹងការងារឯទៀត ហើយការងារនេះ ក៏មិនសូវ មានអ្នកអោយតម្លៃ។

ទោះបីជាយ៉ាងណាក៏ដោយ វាជាវិស័យមួយ ដែលកំពុងតែរីកចម្រើន នៅក្នុងប្រទេសកម្ពុជា។ ភាពរីកចម្រើននេះ ក៏បានផ្តល់ឱកាសការងារ ដល់កូនខ្មែរក្នុងមួយថ្ងៃៗ ប្រមាណ២០ទៅ២៥ម៉ឺននាក់។

តាមរបាយការណ៍ ក្រសួងដែនដី ឲ្យដឹងថា កម្ពុជាមានគម្រោងសាងសង់ដែលក្រសួង និងសាលារាជធានីខេត្ត បានផ្តល់លិខិត អនុញាតសាងសង់ក្នុងឆ្នាំ២០១៥ មានចំនួន២.៣០៥គម្រោងស្មើនឹង ទុនវិនិយោគប៉ានស្មានជាង៣.៣៣៨លានដុល្លា ធៀបនឹងឆ្នាំ២០១៤ កើនឡើង៣៣,១៤%។ ភាពរីកចំរើននេះហើយ បានជាកម្ពុជា កំពុងខ្វះខាតកំលាំង ពលកម្មនេះ។ បើគិតពីប្រាក់ចំណូល ក៏មិនចាញ់ពីការងារ រោងចក្រប៉ុន្មានឡើយ។ ក្នុងមួយថ្ងៃពួកគេអាចរកប្រាក់ ចំណូលបានទាបបំផុត ២ម៉ឺនរៀល រហូតដល់ជិត៤ម៉ឺនរៀល៕