សម្បុក​ចោរប្លន់​ឆ្លងខេត្ត​មួយ​ក្រុម​ចំនួន​៧​នាក់​ដែល​ទើប​ចេញពី​គុក​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ខេត្តកំពង់ចាម​

​នៅ​រសៀល​ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ សម្បុក​ចោរប្លន់​ឆ្លងខេត្ត​មួយ​ក្រុម​ចំនួន​៧​នាក់​ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ផង​ ដែល​ល្បីល្បាញ​ខាង​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​នៅ​ខេត្តព្រៃវែង​ ខេត្ត​ត្បូងឃ្មុំ​ ខេត្តកំពង់ចាម​ ខេត្តកណ្តាល​ និង​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម​បង្ក្រាប​បាន​នៅ​ស្រុក​ជើងព្រៃ​ចំនួន​៣​នាក់​ និង​នៅ​ស្រុក​ស្ទឹង​ត្រង់​ចំនួន​៤​នាក់​ ។​

​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ក្រុម​សម្បុក​ចោរប្លន់​ប្រដាប់​អាវុធ​ដែល​បង្ក្រាប​បាន​នោះ​ មាន​មេក្រុម​របស់​ពួក​វា​ឈ្មោះ​ ហ៊ុ​ល​ សុធី​ ហៅ​ ផា​ន់​ គឹ​ម​ឈ​ន់​ និង​រហស្សនាម​ "​ក្រៃ​ថោ​ង​"​ មាន​ទីលំនៅ​ឃុំ​ខ្សឹ​ម​ ស្រុក​ឆ្លូង​ ខេត្តក្រចេះ​ ហើយ​ក្នុង​នោះ​ក្រុម​ចោរ​ដែល​ជា​មុខសញ្ញា​ចាស់​ទើប​ចេញពី​ពន្ធនាគារ​មាន​ចំនួន​៤​នាក់​ ។​ ក្នុង​ប្រតិបត្តិការ​នេះ​ កម្លាំង​សមត្ថកិច្ច​នគរបាល​ដកហូត​វត្ថុ​តាង​បាន​អាវុធ​ខ្លី​ចំនួន​១​ដើម​ម៉ាក​ K59​ និង​មាន​គ្រាប់​១​បង់​ចំនួន​៤​គ្រាប់​ ។​

​កម្លាំង​សមត្ថកិច្ច​នគរបាល​ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ទាំងនោះ​បាន​ធ្លាប់​ធ្វើ​សកម្មភាព​ប្លន់​ឆ្លងខេត្ត​យ៉ាង​សកម្ម​នៅ​ខេត្តព្រៃវែង​ ខេត្តកំពង់ចាម​ ខេត្ត​ត្បូងឃ្មុំ​ ខេត្តកណ្តាល​ និង​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​មួយ​ចំនួន​ទៀត​ ៕​
សម្បុក​ចោរប្លន់​ឆ្លងខេត្ត​មួយ​ក្រុម​ចំនួន​៧​នាក់​ដែល​ទើប​ចេញពី​គុក​ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ខេត្តកំពង់ចាម​

Related