អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ​ព្រមាន​បិទ​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត

អាជីវករ​ផ្សារ​រ៉ុងក្លឿ នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ព្រមាន​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ជា​ការ​ឆ្លើយ​តប​នឹង​សមត្ថកិច្ច​ចម្រុះ​របស់​ថៃ ដែល​មាន​បំណង​រឹប​អូស​ទំនិញ​បន្លំ​ម៉ាក​យីហោ ឬ​កម្មសិទ្ធិបញ្ញា​ពី​ក្នុង​តូប​របស់​ខ្លួន។ ការ​ព្រមាន​នេះ គឺ​បន្ទាប់​អាជីវករ​ប្រមាណ ៥០០​នាក់​​ដែល​ភាគ​ច្រើន​ជា​អាជីវករ​ខ្មែរ ប្រឈម​មុខ​ដាក់​គ្នា​ជាមួយ​អាជ្ញាធរ​ថៃ នៅ​មុខ​ផ្សារ​ដំបូល​ខៀវ។

ឆ្លើយ​តប​នឹង​បញ្ហា​ចម្រូងចម្រាស​នេះ ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា អាជ្ញាធរ​ថៃ ព្រមព្រៀង​ផ្អាក​ការ​ត្រួត​ពិនិត្យ​ទំនិញ​នោះ​តាម​ការ​ស្នើ​សុំ​របស់​អភិបាល​ខេត្ត​បន្ទាយមានជ័យ។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដែល​ចេញ​ភ្លាមៗ​នៅ​ក្រោយ​បញ្ហា​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អាជីវករ និង​អាជ្ញាធរ​ថៃ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា បញ្ជាក់​ថា លោក​រដ្ឋមន្ត្រី ហោ ណាំហុង ​ណែ​នាំ​ឲ្យ​អង្គកុងស៊ុល​កម្ពុជា នៅ​ខេត្ត​ស្រះកែវ និង​អភិបាល​ខេត្ត​បន្ទាយមានជ័យ ជួប​ជជែក​ដោះស្រាយ​ជាមួយ​អាជ្ញាធរ​ថៃ។ ក្រោយ​ភាគី​ទាំង​ពីរ​ជួប​ប្រជុំ​គ្នា ភាគី​ថៃ យល់​ព្រម​ផ្អាក​ការ​ត្រួត​ពិនិត្យ​ទំនិញ​តាម​សំណើ​របស់​កម្ពុជា។

ប្រភព​ពី​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ នៃ​ខេត្ត​ស្រះកែវ ឲ្យ​ដឹង​ថា កងកម្លាំង​យោធា​ថៃ បាន​ពង្រាយ​តាម​ដង​ផ្លូវ ច្រក​ទ្វារ​ព្រំដែន​ខ្មែរ-​ថៃ និង​នៅ​ក្បែរ​ផ្សារ​រ៉ុងក្លឿ តាំង​ពី​ព្រលប់​ថ្ងៃ​ទី​៤ ខែ​មីនា។ ក្រុម​អាជីវករ​សង្ស័យ​ថា កងកម្លាំង​ទាំង​នេះ​រង់ចាំ​អនុវត្ត​សាលដីកា​របស់​តុលាការ​ថៃ ក្នុង​ការ​រឹបអូស​ទំនិញ​បន្លំ​ម៉ាក​យីហោ​ពី​តូប​លក់​ដូរ​ចំនួន​៩ ក្នុង​ចំណោម​តូប​ជា​ច្រើន​ទៀត​នៅ​ក្នុង​ផ្សារ​ដំបូល​ខៀវ ឬ​ផ្សារ​ស៊ីហ្វា។

អាជីវករ​ម្នាក់ លោក ប៊ុន ណាង មាន​ប្រសាសន៍​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មីនា សមត្ថកិច្ច​ថៃ បម្រុង​ចូល​កាត់​សោ​តូប​អាជីវករ​ដើម្បី​រឹប​អូស​ទំនិញ ប៉ុន្តែ​ភ្លាមៗ​នោះ ក្រុម​អាជីវករ​បាន​ផ្អើល​មក​ចាំ​ជួយ​គ្នា។ ស្ថានការណ៍​បាន​ធូរ​ស្រាល​ទៅ​វិញ ក្រោយ​ពី​អភិបាល​ក្រុង​ប៉ោយប៉ែត និង​តំណាង​យោធា​ថៃ ជួប​ជជែក​គ្នា ប៉ុន្តែ​លទ្ធផល​នៃ​ជំនួប​យ៉ាង​ណា​នោះ ក្រុម​អាជីវករ​មិន​ទាន់​ដឹង​ច្បាស់លាស់​នៅ​ឡើយ។

លោក​ថា ការ​ធ្វើ​បែប​នេះ​អាជីវករ​ខ្មែរ​នឹង​ខាតបង់​ប្រាក់​ដើម​រាប់​ពាន់​ដុល្លារ ដែល​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ គប្បី​ទុក​ពេល​ពី ៣ ទៅ ៦​ខែ​ឲ្យ​អាជីវករ​លក់​បន្ត ហើយ​បើ​លក់​មិន​អស់​ចាំ​យក​មក​ស្រុក​ខ្មែរ​វិញ៖ «នៅ​ច្រក​ផ្លូវ​ជាតិ​ហ្នឹង​ដាក់​កម្លាំង​ចាំ​ចាប់​ទំនិញ​មួយ​ជាន់​ទៀត គេ​អត់​ឲ្យ​យក​ទំនិញ​ហ្នឹង​ចេញ​ពី​ប្រទេស ហើយ​ចង់​កាត់​សោ​យក​ទំនិញ​នៅ​ផ្សារ​រ៉ុងក្លឿ។ សំណូមពរ​ថា ឲ្យ​មាន​ការ​ចរចា​គ្នា​ពន្យារ​ពេល​លក់ ឬ​ខ្មែរ​យក​អីវ៉ាន់​ទៅ​ផ្ទះ​វិញ​តាម​របៀប​ណា​មួយ កុំ​ឲ្យ​មាន​ប្រើ​អំពើ​ហិង្សា​មក​កាត់​សោ បើ​សិន​ជា​មាន​ការ​កាត់​សោ​អ៊ីចឹង អាជីវករ​ទាំង​អស់​សុំ​បិទ​ផ្លូវ​ច្រក​ប៉ោយប៉ែត វិញ​ម្ដង»

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការបរទេស​ដដែល​ឲ្យ​ដឹង​ថា អាជ្ញាធរ និង​អគ្គ​កុងស៊ុល​កម្ពុជា អំពាវនាវ​ដល់​អាជីវករ​ខ្មែរ​ឈប់​លក់​ដូរ​ទំនិញ​កម្មសិទ្ធិ​បញ្ញា ឬ​បន្លំ​ម៉ាក​យីហោ ហើយ​សុំ​ឲ្យ​អាជីវករ​យក​ទំនិញ​ទាំង​អស់​នោះ​មក​រក្សា​ទុក​នៅ​ក្នុង​ទឹក​ដី​កម្ពុជា វិញ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ការ​កំណត់​របស់​អាជ្ញាធរ​ថៃ។ សេចក្ដី​ជូន​ដំណឹង​មិន​បាន​បញ្ជាក់​ពី​រយៈពេល​នៃ​ការ​ផ្អាក​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​ពី​សំណាក់​អាជ្ញាធរ​ថៃ នោះ​ទេ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន ដែល​ចុះ​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ដោយ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

អាជ្ញាធរ​មាន​សមត្ថកិច្ច​ថៃ បាន​បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ទំនិញ​លួច​កម្មសិទ្ធិបញ្ញា ឬ​បន្លំ​ម៉ាក​យីហោ នៅ​ផ្សារ​រ៉ុងក្លឿ កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦។ នៅ​អំឡុង​ពេល នៃ​ការ​ចុះ​ត្រួតពិនិត្យ​នោះ ក្រុម​អាជីវករ​បាន​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​ថៃ មួយ​ប្រាវ​បណ្ដាល​ឲ្យ​ឡាន ១​គ្រឿង​ខ្ទេច​ ​ដោយសារ​អាជីវករ​ព្រួត​គ្នា​វាយ។ ក្រោយ​មក​អាជីវករ​ពីរ​នាក់ ត្រូវ​តម្រួត​ថៃ ចាប់​បញ្ជូន​ទៅ​វិនិច្ឆ័យ​ទោស​នៅ​តុលាការ។

អាជីវករ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​តូប​លក់ដូរ​ប្រមាណ ៨០​ភាគរយ​នៅ​ក្នុង​ផ្សារ​រ៉ុងក្លឿ ខេត្ត​ស្រះកែវ ប្រទេស​ថៃ នៅ​បន្ត​បិទ​ទ្វារ​លក់ដូរ​បណ្ដោះអាសន្ន​នៅ​ឡើយ ព្រោះ​ខ្លាច​សមត្ថកិច្ច​ថៃ ចាប់​យក​ទំនិញ​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។