លោក សុខ ឥសាន្ត៖ បក្សប្រឆាំង ចង់សំដៅលើ បក្សកាន់អំណាច ថាផ្តាច់ការ

ភ្នំពេញ៖ នៅព្រលប់ថ្ងៃនេះ ប្រធានគណបក្សប្រឆាំងឯកឧត្តម សម រង្ស៊ី បានសរសេរតាមហ្វេសបុកខ្លួនថា ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ តស៊ូប្រឆាំងអំណាចផ្តាច់ការ ។ ឯកឧត្តមសរសេរបន្តថា អ្នកខ្លះតែងតែសួរលោកថា សម័យខ្មែរក្រហម លោកនៅឯណា ហើយធ្វើអី?

តាមហ្វេសបុក ឯកឧត្តមបញ្ជាក់ថា “ កាលពីឆ្នាំ ១៩៧៥ ខ្ញុំទើបតែរៀនចប់នៅប្រទេសបារាំង ហើយចាប់ផ្តើមធ្វើការនៅធនាគារមួយ នៅទីក្រុងប៉ារីស។ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ខ្ញុំឆ្លៀតពេល ក្រៅម៉ោងធ្វើការចិញ្ចឹមជីវិត ដើម្បីសរសេរចាត់ចែង និងផ្សព្វផ្សាយពីប្រទេសបារាំង ព្រឹត្តិបត្រព័ត៌មានមួយឈ្មោះ សេរីកា (Sereika) សំឡេងកម្ពុជាសេរី (La Voix du Cambodge libre) ក្នុងគោលបំណង លាតត្រដាងស្ថានការណ៍ពិត នៅប្រទេសកម្ពុជា ឲ្យអន្តរជាតិបានដឹងឮ ព្រមទាំងប្រឆាំងពួកខ្មែរក្រហម ប្រល័យពូជសាសន៍ តាមផ្លូវនយោបាយនិងផ្លូវទូត”។

ជាការឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្ត ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា ប្រធានគណបក្សប្រឆាំង ចង់ចោទមកលើគណបក្សប្រជាជនថា ជាអ្នកផ្តាច់ការ។ ប៉ុន្តែកន្លងមកកម្ពុជា អនុវត្តន៍របបលទ្ឋិប្រជាធិបតេយ្យ ប៉ុន្តែឯកឧត្តមសម រង្ស៊ី នៅតែ មិនពេញចិត្ត។

លោកសុខ ឥសាន្ត សង្កត់ធ្ងន់ថា “នឹងមិនមែនគាត់ថា ទើបតស៊ូណា គាត់តស៊ូយូរហើយ គាត់ចោទគណបក្ស ប្រជាជន ដែលជាគណបក្សកាន់អំណាច ថាផ្តាច់ការ តែមិនចោទចំឈ្មោះ ក៏ប៉ុន្តគាត់ចង់សំដៅលើនឹងហើយ អីចឹងផ្តាច់ការ ឬមិនផ្តាច់ការ មិនមែនលើគាត់ថាណា គាត់ជាគណបក្សប្រឆាំង គេធ្វើប្រជាធិបតេយ្យប៉ុណ្ណា ក៏គាត់នៅតែមិនត្រូវ គាត់ចោទគេថាផ្តាច់ការ អីចឹងគាត់ប្រឆាំងសាកមើលទៅ គាត់បានសម្រេចតាមចិត្ត គាត់អត់?”៕