ក្លឹប​ទេសចរណ៍​សៀមរាប​ផ្ដល់​ថវិកា​​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ

ក្លឹប​ទេសចរណ៍​ខេត្ត​សៀមរាប ដែល​​បង្កើត​ឡើង​ដោយ​អ្នក​គ្រប់គ្រង និង​បុគ្គលិក​នៅ​តាម​សណ្ឋាគារ​ជា​ច្រើន​បាន​រៃ​អង្គាស​​គ្នា ហើយ​ប្រមូល​បាន​ប្រាក់​​ចំនួន ១.៥៥០​ដុល្លារ​អាមេរិក យក​ទៅ​ប្រគល់​​ជូន​មន្ទីរពេទ្យ​កុមារ​​អង្គរ​ខេត្ត​សៀមរាប សម្រាប់​ជា​​​អំណោយ​មនុស្ស​ធម៌ ដែល​ត្រូវ​ការ​​យក​ទៅ​​ពិនិត្យ និង​​ព្យាបាល​កុមារ​​ប្រមាណ ៥០០ ទៅ ៦០០​នាក់​ក្នុង​១​ថ្ងៃៗ។

ប្រធាន​មន្ទីរពេទ្យ​កុមារ​អង្គរ គឺ​លោក​វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា។ លោក​​មាន​ប្រសាសន៍​នៅ​ក្នុង​​ពេល​ទទួល​​យក​ជំនួយ​មនុស្ស​ធម៌​នេះ កាល​ពី​រសៀល​ថ្ងៃ​ទី​៤ ខែ​មីនា ថា​មូលនិធិ​មនុស្ស​ធម៌​នេះ គឺ​ពិត​ជា​សំខាន់​ក្នុង​ការ​រួម​ចំណែក​ជួយ​លើក​ស្ទួយ​​សុខភាព​កុមារ​ខ្មែរ៖ «សូម​អរគុណ​​​ច្រើន​ដល់​សៀមរាប ទួរីស ក្លឹប (ក្លឹប​ទេសចរណ៍ សៀមរាប) ដែល​មាន​លោក សុធា លោក ពិសិដ្ឋ ដែល​បាន​ខិត​ខំ​ខ្នះខ្នែង។ នេះ​គឺ​ជា​ការ​ជួយ​​សង្គម​ដ៏​ធំ​មួយ»

មន្ទីរ​កុមារ​អង្គរ គឺ​ជា​មន្ទីរពេទ្យ​ជួយ​​ព្យាបាល​​ជំងឺ​កុមារ ដូចគ្នា​នឹង​មន្ទីរពេទ្យ​គន្ធបុប្ផា ជ័យវរ្ម័ន​ទី​៧ ក្នុង​​​ខេត្ត​សៀមរាប ដែរ។ មន្ទីរពេទ្យ​ដែល​បង្កើត​ឡើង​ដោយ​អ្នក​ថតរូប​ជនជាតិ​ជប៉ុន​ មួយ​នេះ កំពុង​ត្រូវ​ការ​ជំនួយ​មនុស្ស​ធម៌​ពី​ពលរដ្ឋ​ខ្មែរ ទាំង​នៅ​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក ដើម្បី​​យក​មក​ព្យាបាល​កុមារ​ខ្មែរ​រាប់​ពាន់​នាក់ ក្នុង​១​ខែៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។