“មន្ត្រី​ជាន់​ខ្ពស់​បក្ស​សំបុក​ឃ្មុំ​៥​រូប​ទៀត​ចាក​ចេញ​ពី​លោក ម៉ម សុណងដូ”

អតីត​អគ្គលេខាធិការ​របស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក អ៊ុក ស៊ុយ ដែល​បាន​លាលែង​ចេញ​ពី​បក្ស​សំបុក​ឃ្មុំ អះអាង​ថា មាន​អគ្គលេខាធិការ​រង​នៃ​គណបក្ស​នេះ​ចំនួន ៥​រូប មក​ចូល​រួម​ជាមួយ​លោក​ដើម្បី​បង្កើត​គណបក្ស​ថ្មី​មួយ។ លោក អ៊ុក ស៊ុយ ឲ្យ​ដឹង​ថា លោក​នឹង​ទៅ​ចុះ​ឈ្មោះ​គណបក្ស​របស់​លោក​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៧ ខែ​មីនា ខាង​មុខ។ ប៉ុន្តែ​លោក​មិន​ទាន់​បង្ហាញ​ឈ្មោះ​គណបក្ស​ថ្មី​នេះ​នៅ​ឡើយ​ទេ។

ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៥ ខែ​មីនា លោក អ៊ុក ស៊ុយ និយាយ​ថា ក្រៅ​ពី​អគ្គលេខាធិការ​រង​ទាំង ៥​រូប​នៃ​គណបក្ស​សំបុក​ឃ្មុំ នៅ​មាន​គណៈកម្មការ​ប្រតិបត្តិ​ចំនួន ២១​ខេត្ត​នៃ​គណបក្ស​នេះ ក៏​មក​ចូល​រួម​ជាមួយ​លោក​ផង​ដែរ។ តាម​ការ​បញ្ជាក់​របស់ លោក អ៊ុក ស៊ុយ នៅ​ពេល​នេះ លោក​មាន​មន្ត្រី​ជាន់​ខ្ពស់​ជាង ៨០០​នាក់ និង​មាន​ស្នាម​មេដៃ​គាំទ្រ​ជាង ៦.៣០០​នាក់ គាំទ្រ​ឲ្យ​លោក​បើក​បក្ស​ថ្មី៖ «»។

អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក អ៊ុក ស៊ុយ មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ចាក​ចេញ​ពី​គណបក្ស​សំបុក​ឃ្មុំ​ទេ។ ប៉ុន្តែ​លោក​ថា អ្នក​ដែល​ចាក​ចេញ​ពី​គណបក្ស​សំបុក​ឃ្មុំ​តាម​លោក ព្រោះ​ពួកគេ​យល់​ឃើញ​ថា ការ​ដឹកនាំ​របស់​លោក​គឺ​ការពារ​យុត្តិធម៌​សង្គម និង​មិន​ប៉ះពាល់​ផលប្រយោជន៍​ជាតិ។

ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បដិសេធ​មិន​បំភ្លឺ​ចំពោះ​ការ​ចាក​ចេញ​ជា​បន្តបន្ទាប់​នៃ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ​ទេ។ ប៉ុន្តែ​លោក​ធ្លាប់​បញ្ជាក់​ថា ការ​ចាកចេញ​របស់​លោក អ៊ុក ស៊ុយ ជា​ការ​លាលែង​ដោយ​មិត្តភាព និង​សន្តិភាព មិន​មាន​ទំនាស់​ណា​មួយ​ឡើយ។

មុន​នឹង​ចូលរួម​ជាមួយ​លោក ម៉ម សូណង់ដូ លោក អ៊ុក ស៊ុយ ជា​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ទើប​តែ​បាន​ចូលរួម​ជាមួយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ និង​បាន​ចាក​ចេញ​ពី​គណបក្ស​នេះ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។