គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ប្ដឹង​ឈ្មួញ​ព្រៃឈើ​៩​នាក់​ទៅ​តុលាការ

មន្ត្រី​ជាន់​ខ្ពស់​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឲ្យ​ដឹង​ថា តុលាការ​បាន​ចេញ​ដីកា​មួយ​ចំនួន​កោះ​ហៅ​ឈ្មួញ​រក​ស៊ី​ព្រៃ​ឈើ ៩​នាក់ នៅ​ខេត្ត​ត្បូងឃ្មុំ ឲ្យ​មក​បំភ្លឺ បន្ទាប់​ពី​រក​ឃើញ​ថា ជន​ទាំង​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​បំផ្លាញ​ព្រៃឈើ និង​ជួញដូរ​ព្រៃឈើ​ខុស​ច្បាប់។ ប៉ុន្តែ​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ឈ្មួញ​បំផ្លាញ​ព្រៃឈើ​នៅ​ខេត្ត​ត្បូងឃ្មុំ មាន​ច្រើន​ណាស់ មិន​មែន​ត្រឹម ៩​នាក់​នេះ​ទេ និង​ស្នើ​ឲ្យ​មាន​វិធានការ​ផ្លូវ​ច្បាប់​លើ​ឈ្មួញ​ព្រៃឈើ​ផ្សេង​ទៀត។

តុលាការ​ខេត្ត​ត្បូងឃ្មុំ ចេញ​ដីកា​ជា​បន្តបន្ទាប់​ដើម្បី​​កោះ​ហៅ​ឈ្មួញ​រក​ស៊ី​ឈើ ៩​នាក់​មក​បំភ្លឺ​នៅ​តុលាការ។ គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ កំពុង​តែ​តាម​ដាន​គ្រប់​ដំណើរ​ការ​នៃ​នីតិវិធី​របស់​តុលាការ។

​ថ្លែង​ឲ្យ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​០៥ ខែ​មីនា អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី ឲ្យ​ដឹង​ថា មនុស្ស​ទាំង ៩​នាក់​នោះ ជា​មេការ​ក្រុមហ៊ុន និង​មុខ​សញ្ញា​ដែល​ទាក់ទង​ឃ្លាំង​ស្តុក​ឈើ​ព័ត៌មាន​លំអិត​ជាង​នេះ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៖ «»។

​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី អះអាង​ថា គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ កំពុង​អនុវត្ត​ការងារ​របស់​ខ្លួន​បាន​ជោគជ័យ​ស្ទើរ​គ្រប់​ខេត្ត​នៃ​មុខ​សញ្ញា ប៉ុន្តែ​ក៏​ជួប​ឧបសគ្គ​ខ្លះ​ដែរ ព្រោះ​ខ្វះខាត​មធ្យោបាយ និង​ជួប​ករណី​ភ្លើង​ឆេះ​ព្រៃ។ លោក​បន្ត​ថា នៅ​ពេល​នេះ ក្រុម​ការងារ​រក​ឃើញ​ឈើ​រាប់​ម៉ឺន​ម៉ែត្រ​គូប ដែល​មាន​ទាំង​ឈើ​ស្រប​ច្បាប់ និង​ឈើ​ខុស​ច្បាប់​ដែល​ទាក់ទង​នឹង​ក្រុមហ៊ុន​ដី​សម្បទាន។

​មន្ត្រី​ដដែល​បញ្ជាក់​ថា គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ ដែល​ដឹកនាំ​ដោយ​អគ្គ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា រក​ឃើញ​មុខ​សញ្ញា​ច្រើន​នៅ​តាម​ខេត្ត​ផ្សេងៗ​ទៀត ហើយ​ក្នុង​ករណី​ស៊ើបអង្កេត​ឃើញ​ថា នៅ​ខេត្ត​ណា ក្រុម​ការងារ​នឹង​ប្ដឹង​តុលាការ​នៅ​ខេត្ត​នោះ ដើម្បី​ផ្ដន្ទាទោស។

​ទាក់ទង​ករណី​បំផ្លាញ​ព្រៃឈើ​នេះ មន្ត្រី​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) នៅ​ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត សង្កេត​ឃើញ​ថា នៅ​ខេត្ត​នេះ ឈ្មួញ​រក​ស៊ី​ឈើ​មួយ​ចំនួន​ធំ​ជា​អភិបាល​ស្រុក មេ​ព្រៃ មេ​ប៉ូលិស មន្ត្រី​កងរាជអាវុធហត្ថ និង​សមត្ថកិច្ច​នៅ​តាម​ច្រក​ដឹក​ជញ្ជូន​ឈើ ដែល​អ្នក​ទាំង​នោះ​មាន​ជាង ៣០​នាក់។ លោក​ស្នើ​ឲ្យ​គណៈកម្មការ​ជាតិ​បង្ក្រាប និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ចុះ​ប្រមូល​ព័ត៌មាន​បន្ថែម​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ៖ «»។

ខណៈ​គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ ប៉ុន្តែ​បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ទៅ​លោក សៅ សុខា ឲ្យ​ប្រើ​គ្រាប់​រ៉ុកកែត បាញ់​កម្ទេច​ក្រុម​ឈ្មួញ​រក​ស៊ី​ព្រៃឈើ​ដែល​ព្រហើន។

កន្លង​មក​នៅ​ពេល​គណៈកម្មការ​ជាតិ​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ចុះ​ទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ តែង​ឃើញ​មាន​ការ​ដុត​កម្ទេច​ឈើ​នៅ​តាម​ក្រុមហ៊ុន​មួយ​ចំនួន។ អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី  ថា មក​ទល់​ពេល​នេះ​មិន​ទាន់​រក​ឃើញ​មូល​នេះ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។