ក្រសួង​អប់រំ អំពាវនាវ​ឲ្យ​ជួយផ្តល់​សៀវភៅ​ចាស់ៗ ដល់​បណ្ណាល័យ​ទូទាំងប្រទេស​

ភ្នំពេញ​៖ បណ្ណាល័យ​នៅតាម​សាលារៀន​ទូទាំងប្រទេស​ចំនួន​៨៤៧០ ដែល​មានតែ​សៀវភៅ​សិក្សា​គោល តែ​មិនទាន់មាន​សៀវភៅអាន​គ្រប់គ្រាន់​នៅឡើយ​នោះ បាន​ជំរុញ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ចេញ​លិខិត​អំពាវនាវ ដល់​សាធារណជន​ទូទៅ ជួយផ្តល់​សៀវភៅអាន និង​ឯកសារ​ចាស់ៗ ដល់​បណ្ណាល័យ​នៅ​ទូទៅ​ប្រទេស ដើម្បី​លើកកម្ពស់​ការអាន​នៅ​កម្ពុជា​។ 

ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​លិខិត​អំពាវនាវ​ដែលមាន​កម្រាស់​មួយ​ទំព័រ ស្នើសុំ​ឲ្យ​សាធារណជន ដែលមាន​សៀវភៅ និង​ឯកសារ​ចាស់ៗ ដែល​បាន​ប្រើប្រាស់​រួច ជួយផ្តល់​ឯកសារ និង​សៀវភៅ​ទាំងនោះ ដល់​បណ្ណាល័យ​នៅ​ទូទាំងប្រទេស ដើម្បី​ផ្តល់​ភាពងាយស្រួល ក្នុងការ​ស្រាវជ្រាវ​រប​ស់សិ​ស្ស និស្សិត និង​សាធារណជន​ទូទៅ ព្រមទាំង​ជា​ប្រយោជន៍ ដល់​មនុស្ស​ជំនាន់​ក្រោយ​។

«​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​អំពាវនាវ ដល់​សាធារណជន​ទាំងអស់ ដែលមាន​សន្តាន​ចិត្ត​អនុវត្តន៍​អនុក្រឹត្យ ស្តីពី​ទិវា​អំ​ណាន​ជាតិ ឲ្យ​ទទួលបាន​ជោគជ័យ និង​ជា​គុណប្រយោជន៍​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ សូមជួយ​ផ្តល់​ឯកសារ និង​សៀវភៅអាន​ផ្សេងៗ ដែល​ប្រើ​រួច ដល់​បណ្ណាល័យ​តាម​ការស្ម័គ្រចិត្ត​» នេះ​ជា​សេចក្តីអំពាវនាវ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានចេញ​លិខិត​អំពាវនាវ​កាលពី​ថ្ងៃទី​០៣ មីនា ឆ្នាំ​២០១៦​។ 

សូមបញ្ជាក់ថា អនុក្រឹត្យ​ស្តីពី​ទិវា​អំ​ណាន​ជាតិ បានចេញ​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ ដែលមាន​បំណង​ជំរុញ​ការអាន​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហ​ការណ៍​ជាមួយ​ដៃគូ និង​អង្គការក្រៅរដ្ឋាភិបាល​ជួយ​សាងសង់​បណ្ណាល័យ​។ តែ​អ្វី​ដែលជា​បញ្ហា​នោះ គឺ​បណ្ណាល័យ​នៅ​ទូទាំងប្រទេស​កំពុង​ខ្វះខាត​សៀវភៅអាន​។ ប្រសិនបើ​សាធារណជន មាន​សន្តាន​ចិត្ត​ចង់​ជួយផ្តល់​សៀវភៅអាន និង​ឯកសារ​ដល់​បណ្ណាល័យ​។ សូម​ទំនាក់ទំនង​ទៅ​មន្ទីរ​ក្រសួង​អប់រំ យុវជន និង​កីឡា រាជធានី និង​ខេត្ត ឬ​លោកនាយក​សាលា​រៀងៗ​ខ្លួន​៕ 

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​