មិន​ហ៊ាន​សារភាព​ស្នេហ៍ ព្រោះ​ខ្ញុំ​ជា​កូនអ្នកក្រ​

6 Videos

​មើល​មក​ខ្លួនឯង​ខ្ញុំ​មាន​អារម្មណ៍​ថា​គួរឱ្យ​ខ្មាស​អ្នកដទៃ​ខ្លាំងណាស់ ទៅ​រៀន​រាល់ពេលខ្ញុំ​ត្រូវ​ជិះ​ម៉ូតូ​ដោយសារ​មិត្តភក្តិ ខ្ញុំ​មិនមាន​អ្វី​ទាំងអស់ ព្រោះតែ​កើតមក​ក្នុង​គ្រួសារ​ទីទ័លក្រដូច្នេះ​ពេល​បង្ហាញ​ពី​មនោសញ្ចេតនា​របស់ខ្លួនខ្ញុំ​ខ្លាច​ថា​នាង​នឹង​មើលងាយ​រូបខ្ញុំ ។​

​ខ្ញុំ​ចាប់កំណើត​និង​ធំ​ឡើង​នៅ​ជនបទ​ក្នុង​ខែត្រ​កំពង់ចាម ។ កាលពី​រៀន​ថ្នាក់​ទី១២ ខ្ញុំ​បាន​លួច​ស្រឡាញ់​នារី​ម្នាក់ ប៉ុន្តែ​នាង​ហាក់ដូច​មិន​ចូលចិត្ត​ខ្ញុំ ថ្វីបើ​ដឹង​ពី​អារម្មណ៍​របស់ខ្ញុំតែ​នាង​ចេះតែ​គេច​មុខ​ហើយ​ខ្ញុំ​ក៏​មិន​ហ៊ាន​សារភាព​ស្នេហ៍​ប្រាប់​នាង​ដែរ ។ ស្ថានភាព​បែបនេះ​នៅតែ​កើត​ចំពោះ​ខ្ញុំ​រហូតដល់​ថ្នាក់​មហាវិទ្យាល័យ ។ រៀន​នៅ​មហាវិទ្យាល័យ​ខ្ញុំ​បាន​ជួប​នាង​ម្តងទៀតហើយ​ក៏បាន​និយាយ​លេង សើច​លាយ​នឹង​ការពិត​អំពី​រឿង​ចាស់​ពេលនោះ​នាង​ប្រាប់ថាមកពី​ខ្ញុំ​មិន​សារភាព​ប្រាប់​នាង​ទើប​នាង​មិនអាច​ឆ្លើយតប ។

M88

មកដល់​ឆ្នាំ​ទី ៣ នៅ​មហាវិទ្យាល័យ​ខ្ញុំ​បាន​ស្គាល់​នារី​ម្នាក់​ផ្សេងទៀត ។ ទាំង​សម្តី​ទាំង​ចរិតគឺ​ប្រកប ដោយ​ភាពទន់ភ្លន់​ទាក់ទាញ ។ កាន់តែ​និយាយ​ជាមួយ​នាង​ខ្ញុំ​កាន់តែដឹង​ច្បាស់​ថាខ្ញុំ​ស្រឡាញ់​នាង ។ មកដល់​ឆ្នាំនេះ​ខ្ញុំ​ហាក់ដូចជា​ចាស់​ជាង​អាយុ ។ នៅក្នុង​ថ្នាក់​រៀនមាន​បុរស​ជាច្រើន​តាម​ស្រឡាញ់​នាងពិសេស​គឺ​កូនអ្នកមានៗ ពួកគេ​ទាក់ទាញ​នាង​ដោយ​ភាព​ហ៊ឺហា ប្រាក់កាស រថយន្ត​ទំនើបៗ ចំណែក​ខ្ញុំ​វិញ​បានត្រឹមតែ​មើល​នាង​ពី​ចម្ងាយ ។

​មាន​ពេល​មួយ​នោះ​ខ្ញុំ​មានឱកាស​និយាយ​លេង​ជាមួយ​នាង​ខ្ញុំ​និយាយ​រឿង​កំប្លែង​ឱ្យ​នាង​ស្តាប់ពេលនោះ​យើង​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ។ រាត្រីកាល​ចូលមក​ដល់​ខ្ញុំ​ស្រមៃ​ដល់​អនាគត​ដ៏​ល្អ​ក៏ប៉ុន្តែ​កាន់តែ​ស្រមៃ​ខ្ញុំ​កាន់តែ​ភ័យព្រួយខ្លាច​នាង​បាន​ទៅ​អ្នកដទៃ​នោះ​គឺ​កូនអ្នកមាន ។ ​ពីរ​បី​ថ្ងៃ​បន្ទាប់​ការ​ស្រមៃ​ដ៏​អាក្រក់​របស់ខ្ញុំ​បានក្លាយ​ជាការ​ពិត ។ បេះដូងរបស់ខ្ញុំ​ស្ទើរតែ​ផ្ទុះ​បែក​ជា​បំណែក​នៅពេល​ឃើញ​នាង​និង​កូនអ្នកមាន​ម្នាក់នោះ​និយាយ​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ទាំង​ថ្ងៃ​ព្រមទាំង​មក​រៀន​ជាមួយគ្នា​និង ​ដើរលេង​ជាមួយគ្នា ។ ពេលនេះ​ខ្ញុំ​ស្ទើរតែ​ទ្រាំ​មិនបាន​ហើយ​ក្នុង​ចិត្ត​របស់ខ្ញុំ​វិលវល់​មិនអាច​ផ្តោតអារម្មណ៍​ទៅលើ​ការសិក្សា​ចំណែក​សុខភាព​ក៏​ចុះខ្សោយ ហើយ​លទ្ធផល​នៃ​ការសិក្សា​ក៏​មិន​សម​តាម​បំណង​ដូច​មុន ។ តើ​ខ្ញុំ​ត្រូវធ្វើយ៉ាងណា​ដើម្បី​អាច​បំភ្លេច​នាង​ហើយ​អាច​ចាក​ផុតពី​បញ្ហា​នេះ ?

​ចំពោះ​អ្នកមាន​វិបត្តិ​ស្នេហ៍​
​ពាក្យចាស់​លោក​ពោលថា​«​កុំ​ស្រឡាញ់​ស្រី​ក្នុង​វ័យ​សិក្សា​» ឬឃ្លា​ដែល​អាក្រក់​ជាង​នេះនោះ​គឺ «​ស្នេហា​ជាស​ត្រូវ​នៃ​ការសិក្សា​»​ឃ្លា​ទាំងពីរ​នេះ​ពិតជា​មានន័យ​គ្រប់គ្រាន់​សម្រាប់​អ្នក​ដែល​កំពុង​សិក្សា​ពិសេស​គឺ​បុរស ព្រោះថាមិន​ត្រឹមតែ​ធ្វើឱ្យ​ការសិក្សា​មាន​ភាពអន់ថយ​ប៉ុណ្ណោះ​ទេ​តែ​ស្នេហា​ក្នុង​វ័យ សិក្សា​ក៏​អាច​បំផ្លាញ​អនាគត​របស់​អ្នក​រាល់គ្នា​ផងដែរ ។

​ទាក់ទិន​នឹង​រឿង​ស្នេហា​រវាង​អ្នកមាន​និង​អ្នកក្រ​តាម​ដែល​«​ប្រជាប្រិយ​»​មើលឃើញ​សង្គម​បច្ចុប្បន្ន អ្នក​ដែលមាន​ប្រាក់កាស មាន​រថយន្ត មានទ្រព្យ​ច្រើន​ពិសេស​គឺ​កូនអ្នកមានពួកគេ​ភាគច្រើន​តែងតែ​យកឈ្នះ​លើ​អ្នកក្រីក្រ​ក្នុង​រឿង​ស្នេហាពួកគេ​ទាក់ទាញ​នារី​ទាំងឡាយ​ដោយ​ប្រើ​ទឹកប្រាក់​និង​ភាពមានបានហើយ​ចំណែក​នារី​សម័យនេះ​ក៏​ហាក់​ប្លែក​ច្រើន​ពី​នារី​ជំនាន់​មុន​ព្រោះថាពួកនាង​ភាគច្រើន​មិន​ចង់​ជ្រើស​យកដៃ​គូជីវិត​ដែលជា​កូនអ្នកក្រ​ឬ​ខ្វះ​សមត្ថភាព​រកប្រាក់​ចិញ្ចឹម​គ្រួសារ​ក្នុង​ពេលអនាគត​បន្ទាប់​ពី​បាន​រៀបការ ។ នារី​បច្ចុប្បន្ន​តែង​ចង់បង្ហាញ​អ្នកស្រុក​អ្នកភូមិ​និង​អ្នកជិតខាង​ថា​ខ្លួន​មាន​សង្សារ​ជា​កូនអ្នកមាន និង ដើរលេង​ស៊ីចាយ​ចូល​ហាងធំៗ​តាមបែប​បទ​ជា​អ្នកមាន នារី​ស្ទើរតែ​ទាំងអស់​មិន​យកចិត្តទុកដាក់​ទៅលើ​រឿង​ស្នេហា​តាមបែប​«​ទុំ​ទាវ​»​នោះទេ នេះ​ប្រហែលជា​នារី​សម័យថ្មី គិតថា​មាន​ប្រាក់​គឺមាន​អ្វីៗ​ទាំងអស់ ។​

​ផ្ទុយទៅវិញ​នារី​មួយចំនួនធំ​មិនបាន​គិតដល់​ចំណុច​សំខាន់​មួយនោះគឺថា​ខ្លួន​នឹង​ធ្លាក់​ក្នុង​អន្ទាក់​ប្រាក់កាស​មួយ​ដែល​អាច​នឹង​ធ្វើឱ្យ​ពួកនាង​ស្តាយក្រោយ​អស់​មួយជីវិត ព្រោះថា​កូនអ្នកមាន​ចំនួន​ធំ​ក៏​មិនសូវ​ផ្តល់​តម្លៃ​ដល់​ស្នេហា​ស្មោះត្រង់ ។ ម្យ៉ាងទៀត​ពួកគេ​តែងមាន​ដៃគូ​ស្នេហា​ច្រើន​ក្នុងពេល​តែមួយហើយ​តែង​ប្តូរផ្លាស់​ស្នេហា​ជា​បន្តបន្ទាប់ ។ ជាង​នេះ​ពួក​បុរស​ជាកូនអ្នកមាន​ភាគច្រើន​ក៏​ប្រហែលជា​នឹងមិន​យក​នារី​ដែល​ធ្លាប់​បាត់បង់​ភាព បរិសុទ្ធ​ដោយសារ​ស្នាដៃ​របស់ខ្លួន​មក​ធ្វើជា​ភរិយា​ដែរ ពួកគេ​តែង​ស្វែង រក​នារី​ដែលមាន​ភាពទន់ភ្លន់​នៅមាន​ភាព​បរិសុទ្ធ​សម្រាប់​ធ្វើជា​គូជីវិតបើទោះ​ខ្លួនឯង​ជា​មនុស្ស​ខូចខិល​ដល់​កំពូល​ក៏ដោយ ។​

​រឿងរ៉ាវ​របស់​ប្អូនប្រុស​មិន​ខុស​រឿងរ៉ាវ​របស់​កូនអ្នកក្រ​ដទៃ​ទេពួកគេ​តែង​បាន​ជួបប្រទះ​នឹង​ស្ថានភាព​ដូចគ្នានេះ ប៉ុន្តែ​បើតាម​និយមន័យ​ទូទៅ ស្នេហា​ពិត​គឺ​វា​មិន​អាស្រ័យ​ទាំងស្រុង​ទៅលើ​ទ្រព្យ​នោះទេ​គឺ​វា​អាស្រ័យទៅលើ​ការតស៊ូ ភាពក្លាហាន​បង្កើន​ចំណេះដឹង​បង្កើន​សមត្ថភាព​ក្នុងការ​រកប្រាក់​និង​ដឹង​ពី​កាលៈទេសៈ​ថា តើ​គួរ​មាន​ស្នេហា​នៅពេលណា​ទើប​ល្អ​និង​ជោគជ័យ ។​ល​។​

ដូចដែល​បាន​រៀបរាប់​ខាងលើ​តាម​គំនិត​«​ប្រជាប្រិយ​»​អ្វីដែល​ប្អូនប្រុស​ត្រូវធ្វើ​ពី​ពេលនេះ​តទៅគឺ​ខំ​សិក្សា​ឱ្យបាន​ចប់​ចុង​ចប់​ដើម​ដោយ​ទុក​រឿង​ស្នេហា​ឱ្យនៅ​កៀនជញ្ជាំង ។ ប្រសិនបើ​នៅតែ​បន្ត​ឈឺចិត្ត​ទាំង​នាង​មិនបាន​ដឹងខ្លួន ឬក៏​សារភាព​ប្រាប់​នាង​នៅពេល​ខ្លួន​មិនទាន់មាន​សមត្ថភាពរ​ក​ប្រាក់វា​នឹង​កាន់តែ​ធ្វើឱ្យ​ប្អូនប្រុស​ធ្លាក់​ទៅក្នុង​ស្ថានភាព​អាក្រក់​មួ​យ​ដែល​ពិបាក​នឹង​ងើប​រួច ។ នៅពេល​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​ប្អូនប្រុស​ប្រាកដជា​អាច​រកបាន​ការងារ​ល្អ​ធ្វើ ហើយ​ពេលនោះ​នឹង​ដឹងថា​ប្អូន​នឹង​អាច​ចាក​ផុតពី​ភាពក្រីក្រ​មិន​ខាន ។

បើ​មាន​ចំណូល​ហើយ ចូរ​បែងចែក​ប្រាក់​ទាំងនោះ​ឱ្យបាន​សមស្របដូចជា​ប្រាក់​ប៉ុន្មាន​ភាគរយ​សម្រាប់​ជូន​ឪពុកម្តាយ​ប៉ុន្មាន​ភាគរយ​សម្រាប់​សន្សំទុក​និងប៉ុន្មាន​ភាគរយ​សម្រាប់​បង្កើន​ចំណេះដឹង​ដូចជា​វគ្គ​សិក្សា​ខ្លីៗ ឬ បន្ត​ការសិក្សា​អនុបណ្ឌិត ។ ធ្វើបាន​ដូច្នេះ​ជឿថា​អនាគត​របស់​ប្អូនប្រុស​ពិតជា​ល្អប្រសើរ​ហើយ​អាច​រកបាន​ភរិយា​ដែល​ខ្លួនពេញចិត្ត​និង​ល្អ​ជាង​នារី​ដែល​ប្អូន​កំពុង​លួច​ស្រឡាញ់​មិន​ខាន ៕​