អាមេរិក​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ និង​នាវា​កម្ទេច​​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង

អាមេរិក​បញ្ជូន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ និង​នាវា​កម្ទេច​​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង

រូបភាព​ពីអាកាស​បង្ហាញ​ពី​​ផ្នែក​មួយ​ក្រុង​ Sansha នៃ​កោះ​ Yongxing ដែល​ឥឡូវ​នេះ​ប្រទេស​ចិន​ចាត់​ទុក​ជា​ផ្នែក​នៃ​ខេត្ត​ Hainan។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ពង្រាយ​នាវា​ដឹកយន្តហោះ​ចម្បាំង​មួយ​គ្រឿង​និង​នាវា​អម​មួយ​ចំនួន​ទៀត​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដើម្បី​ជា​ការបង្ហាញ​កងកម្លាំងរបស់​ខ្លួន​ដល់​ប្រទេស​ចិន។ ​

មាន​សេចក្តីរាយការណ៍​ថា​ នាវា John C. Stennis ជាមួយ​នឹង​នាវា​កម្ទេច​០២​គ្រឿង​ និង​នាវា​ចម្បាំង​ល្បឿន​លឿន០​២​គ្រឿងបាន​មក​ដល់​ដែន​ទឹក​ដែល​មាន​ជម្លោះ​កាល​ពី​ដើម​សប្តាហ៍​នេះ។ កងនាវា​ចម្បាំង​អាមេរិក​ក៏​ស្ថិត​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ។
ប្រទេស​ចិន​បាន​ទាមទារ​យក​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរ​តែ​ទាំង​មូល។

សហរដ្ឋអាមេរិក​ក៏​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា ​បាន​ដាក់ពង្រាយ​កងយោធា​នៅ​ទី​នោះ ខណៈ​ដែល​ចិន​កំពុង​តែ​ប្រជែង​យក​ដែន​ទឹក​ដែល​ទាមទារ​ដោយ​ប្រទេស​ដ​ទៃ​ទៀត។

បន្ទាប់​ពី​ប្រទេស​ចិន​ដាក់​ពង្រាយគ្រាប់​មីស៊ីល​បាញ់​ឡើង​លើ​របស់​ខ្លួន​នៅ​កោះ Paracel កាល​ពី​ខែ​មុន លោក​អគ្គ​មេបញ្ជាការ​កងទ័ព​ជើងទឹកHarry Harris ដែល​ជា​មេបញ្ជាការរបស់​អាមេរិក​នៅ​តំបន់​ប៉ាស៊ីហ្វិក​បាន​ថ្លែង​ប្រាប់​ដល់​សភា​ថា វា​ច្បាស់​ណាស់​ថា ​ប្រទេស​ចិន​កំពុង​តែ​ពង្រាយ​កម្លាំង​យោធា​របស់​ខ្លួន​នៅ​សមុទ្រ​នេះ។
ប្រទេស​ចិន​បាន​ច្រានចោល​ការចោទប្រកាន់​នេះ ហើយ​ថា សហរដ្ឋអាមេរិក​ទៅ​វិញ​ទេ​ដែល​ជា​អ្នក​បង្ក​ភាព​តានតឹង​នេះ​ឡើង​។

ក្រុមមន្រ្តី​នាវិក​នៅ​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​បាន​និយាយ​ថា សហរដ្ឋអាមេរិក​បាន​ត្រួតត្រា​លើ​សមុទ្រ​ប៉ាស៊ីហ្វិក​ជា​ទៀងទាត់​ដែល​ក្នុង​នោះ​ក៏​មាន​ទាំង​សមុទ្រ​ចិន​ខាង​ត្បូង​ផង​នោះ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​ ហើយ​មិន​មាន​បំណង​បន្ធូរ​បន្ថយ​នោះ​ទេ៕