ប៉ូលិស​ខេត្តកណ្តាល បំបែកសំណុំរឿង​ក្រុមចោរប្លន់​ប្រដាប់អាវុធ កក្រើក​តាម​បណ្តា​ខេត្ត ចាប់ខ្លួនបាន​ជិត​១០​នាក់​

ភ្នំពេញ:  ក្រុមចោរប្លន់​ប្រដាប់​ដែល​តែងតែ​ធ្វើ​សកម្មភាព​ប្លន់​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ត្រូវ​នគរបាល​ខេត្តកណ្តាល​បំបែកសំណុំរឿង​ដ៏​ធំ​កក្រើក​មួយ និង​ឈានទៅដល់​ការចាប់ខ្លួន​មេខ្លោង និង​បក្ខពួក​បានជា​បន្តបន្ទាប់​ជិត​១០​នាក់ និង​ស្វែងរក​បក្ខពួក​បន្តទៀត ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​
​  
 ​ការឈាន​ដល់​បំបែក​ក្រុមចោរប្លន់​នេះ គឺ​បន្ទាប់ពី​នគរបាល​ខេត្តកណ្តាល​បាន​ចាប់ខ្លួន​មេខ្លោង និង​បក្ខពួក បាន​ចំនួន​២​នាក់ (​មាន​គ្នា​៦​នាក់​) ខណៈពេល​ក្រុមចោរប្លន់​បាន​បម្រុង​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​ចងការ​ប្រាក់ នៅ​ភូមិ​ព្រែក​ជ្រៅ​ឃុំ រកា​កោង​២ ស្រុក​មុខកំពូល ខេត្តកណ្ដាល​កាលពី​យប់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៦​។ ដោយសារតែ​ចាប់បាន​មេខ្លោង និង​មានការ​សារភាព​នោះ ទើប​នគរបាល​ខេត្តកណ្តាល ដោយមាន​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល និង​មានការ​បញ្ជា​ដឹកនាំ​ផ្ទា​ល់ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ឈានដល់​ការចាប់ខ្លួន​បក្ខពួក​ក្រុម​ចោរប្លន់​បានជា​បន្តបន្ទាប់​រហូត​ជិត​១០​នាក់​។​
​   
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ក្រុមចោរប្លន់​ចំនួន​៦​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខេត្តកណ្តាល សហការ​ជាមួយ​នគរបាល​ខេត្តកំពង់ចាម ចាប់ខ្លួន​បានជា​បន្ត​ប​បន្ទាប់​កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦​នេះ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រៃឈរ និង​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្រោយពី​មាន​ករណី​ក្រុមចោរប្លន់​ប្រដាប់អាវុធ​ធ្វើ​សកម្មភាព​ប្លន់​ផ្ទះ​សេវា​ផ្ទេរប្រាក់​វី​ង នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ រួចមក លោក​បាន​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​ចុះ​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​កំណត់​បាន​ព័ត៌មាន​និង​សកម្មភាព​របស់​ក្រុមចោរ​ខាងលើនេះ​។ នៅ​មុនពេល​ចាប់ខ្លួន​ប៉ុន្មាន​ថ្ងៃ​លោក​បានទទួល​ព័ត៌មាន​ថា ក្រុមចោរ​ទាំងអស់​នោះបាន​រៀប​គម្រោង​បម្រុង​ធ្វើ​សកម្មភាព​ប្លន់​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខ្លះ ពី​សកម្មភាព​របស់​ក្រុមចោរ លោក​បាន​បញ្ជា​ឲ្យ​អធិការនគរបាល​ស្រុក​ក្រុង​ទាំង​១១ ពង្រឹងកម្លាំង​តាម​គោលដៅ​ងាយ​រងគ្រោះ​។ មួយផ្នែក​ទៀត លោក​បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ជាមួយនិង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រឿន ណា​រ៉ា ស្នងការរង​ទទួល​ផែន ចុះ​ច្បាម​មុខសញ្ញា​តាម​ដងផ្លូវ​ជាតិ រហូត​បាន​ប្រទះឃើញ​មុខសញ្ញា​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ជាតិ​លេខ​៦ ក្នុងស្រុក​មុខកំពូល ។ ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​ព្យាយាម​ស្ទាក់​ជនសង្ស័យ​ឲ្យ​ឈប់ តែ​ពួកគេ​មិន​ព្រម​ឈប់​ម៉ូតូ ទើប​សមត្ថកិច្ច​បើក​ការបាញ់ប្រហារ​ដោយ​ប្រុងប្រយ័ត្ន​បំផុត ត្រូវចំ​ជនសង្ស័យ ឈានដល់​ឃាត់ខ្លួន​ពួកវា​ទាំង​៦​នាក់​បានជា​បន្តបន្ទាប់  ។​
​ 
  ​ក្រុ​ជនសង្ស័យ​ជិត​១០​នាក់ ដែល​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​នេះ គឺជា​មុខសញ្ញា​ប្លន់​ផ្ទះ​បើក​សេវាកម្ម​ផ្ទេរប្រាក់​វី​ង កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥​កន្លងទៅ​។ នៅ​មុនពេល​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​បាន​ណាត់គ្នា​ជាមួយ​បក្ខពួក បម្រុង​ធ្វើ​សកម្មភាព​ប្លន់​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​មុខកំពូល ស្រុក​ពញាឮ និង​នៅ​ខេត្តកំពង់ចាម តែ​មិនបាន​សម្រេច​ត្រូវបាន​នគរបាល​ខេត្តកណ្តាល និង​ខេត្តកំពង់ចាម បង្ការ​និង​បង្ក្រាប​ទាន់ពេលវេលា​។​
​  
 ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន បាន​បញ្ជាក់ថា ប្រតិបត្តិ​ការបង្ក្រាប​នេះ ធ្វើទៅបាន​ដោយ​ជោកជ័យ ដោយសារ​តែមាន​ការដឹក​នាំ​បញ្ជា ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ដោយមាន​កិច្ចសហការ​ពី​ស្នងការ​នគរបាល​ខេត្តកំពង់ចាម ព្រៃវែង កំពង់ធំ ព្រះវិហារ ស្វាយរៀង តាកែវ និង​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​៕​