អាជ្ញាធរថៃ ជូនព័ត៌មាន ពីដំណោះស្រាយ ពីរចំណុច ដល់អគ្គកុងស៊ុលខ្មែរ ប្រចាំខេត្តសាកែវ ពាក់ព័ន្ធនិងរឿងផ្សារ៉ុងក្លឿ

ភ្នំពេញ៖ នៅម៉ោប្រមាណ ១៩៖៣០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០៦ នេះ ភាគីថៃ បានជូនព័ត៌មានដល់អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ពីដំណោះស្រាយពីរចំណុចរបស់ភាគីថៃ ជុំវិញនិងរឿងអាជីវករខ្មែរនៅផ្សារ៉ុងក្លឿ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅយប់ថ្ងៃទី៥ ខែមីនា នេះ។

លោក ជុំ សុន្ទរី បានបញ្ជាក់ថា អនុវត្តតាមការណែនាំរបស់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកអគ្គរាទូតកម្ពុជានៅបាងកក និងអគ្គកុងស៊ុល កម្ពុជាប្រចាំនៅខេត្តសាកែវ ទន្ទឹមនឹងការខិតខំរបស់អាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា បានឈ្មុះឈ្មុលទំនាក់ទំនង ជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់ថ្នាក់របស់ថៃ ក្នុងការស្វែងរកដំណោះស្រាយ ជួយដល់អាជីវករខ្មែរនៅផ្សារ៉ុងក្លឿ។

លោក ជុំ សុន្ទរី បានបញ្ជាក់បន្ថែមទៀតថា ជាលទ្ធផល អាជ្ញាធរមានសមត្ថកិច្ចរបស់ថៃ បានជូនព័ត៌មានអគ្គកុងស៊ុលកម្ពុជាប្រចាំ នៅខេត្តសាកែវ នៅវេលាម៉ោង១៩៖៣០នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ ពីដំណោះស្រាយ របស់ភាគីថៃ ថាទី១.ចំពោះមុខ អាជ្ញាធរថៃ នឹងអនុវត្តការបោះសំអាត ទំនិញកម្មសិទ្ធិបញ្ញានៅក្នុង ខេត្តសាកែវ រហូតដល់ចុងខែមេសា ឆ្នាំ២០១៦ (មានន័យថាអាជីវករខ្មែរយើងមានពេលដល់ចុងខែមេសា) និងទី២.ក្នុងរយៈពេលវែង អភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តសាកែវ នឹងបន្តធ្វើការអប់រំ ដល់អាជីវករឲ្យបញ្ឈប់ការលក់ដូរ ទំនិញកម្មសិទ្ធិបញ្ញានៅលើទឹកដីថៃ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមទៀតថា ដើម្បីសំរួលដល់ការអនុវត្តដំណោះស្រាយខាងលើនេះ អាជ្ញាធរកម្ពុជា និងអគ្គកុងស៊ុល កម្ពុជា នឹងជួបណែនំាឲ្យអាជីវករខ្មែរ បញ្ឈប់ការលក់ដូរទំនិញកម្មសិទ្ធិបញ្ញា ដែលជាការកំណត់ មិនមែនតែនៅប្រទេសថៃប៉ុណ្ណោះទេ តែនៅគ្រប់ប្រទេសទាំងអស់ ហើយដែលប្រជាជនគ្រប់រូប មានកាតព្វកិច្ចត្រូវតែគោរពតាម ។ ទន្ទឹមនឹងនេះ ដោយយើងមានពេលដល់ចុងខែមេសា និងដើម្បីជៀសវាងការកើតមានបញ្ហា សូមអំពាវនាវឲ្យអាជីវករខ្មែរយើង យកទំនិញទាំងអស់ នោះមកទុកនៅក្នុងទឹកដីកម្ពុជាវិញ ដើម្បីឲ្យបានសមស្របតាមការកំណត់របស់អាជ្ញាធរថៃ៕