«ចិន» ជា​មហា​អំណាច​«ថ្មី» នៃ​បាល់ទាត់?

ការទិញដូរកីឡាករ​នារដូវរំហើយ នៅក្នុងទ្វីបអ៊ឺរ៉ុប បានជួបនឹងការរអាក់រអួល ដោយ​សារក្រុម​បាល់ទាត់​ជា​ច្រើន នៅក្នុង​ប្រទេស​ចិន បានបណ្ដាក់ទុកមិនតិចជាង ២៩០លានដុល្លា (ប្រហាក់ប្រហែល ២៥៧លានអ៊ឺរ៉ូ) ដើម្បី​ទាក់ទាញ​យក​កីឡាករ​បាល់ទាត់ កម្រិត​អន្តរជាតិ​ល្អៗ ទៅទាត់ឲ្យពួកគេ។
«ចិន» ជា​មហា​អំណាច​«ថ្មី» នៃ​បាល់ទាត់?
កីឡាករបាល់ទាត់អន្តរជាតិល្បីៗ ដែលចេញទៅទាត់ នៅក្នុងប្រទេសចិន។ (រូបភាពឯកសារ)

ក្រុមបាល់ទាត់ជាច្រើន នៅក្នុងក្របខណ្ឌប្រកួត «Chinese Super League» និង «China League One» (ដែលសុទ្ធសឹង ជា​ក្របខណ្​ឌប្រកួតបាល់ទាត់អាជីព នៅក្នុងប្រទេសចិន) បានចំណាយទុនដ៏សម្បើម នៅដើមឆ្នាំនេះ ប្រមាណជា ២៩០លាន​ដុល្លា​របស់​ពួក​គេ ក្នុងការទិញ ឬធ្វើការផ្លាស់ប្ដូរ កីឡាករ​បាល់ទាត់​អន្តរជាតិ ពីបរទេស។ ការចំណាយនេះ អាចនឹងបំបែក​ឯកត្តកម្ម​ពិភពលោក សម្រាប់​រដូវទិញដូរកីឡាករ សម្រាប់​រដូវ​រំហើយនេះ ដែលនៅក្នុងប្រទេសចិន បានបិតបញ្ចប់ហើយ កាលពីថ្ងៃទី២៦ ខែកុម្ភៈ​កន្លង​មក (Editor's Note៖ រដូវសម្រាប់ធ្វើការទិញដូរ កីឡាករបាល់ទាត់ មានពីរដងក្នុងមួយឆ្នាំ។ នោះគឺនៅរដូវក្ដៅ រវាង​​ពី​ខែកក្កដា ដល់​ខែ​កញ្ញា និងនៅរដូវរំហើយ ពីខែធ្នូ ដល់ខែកុម្ភៈ។ រយៈពេលនេះ អាច​ផ្លាស់ប្ដូរ​ទៅ​តាម​ប្រទេស និងតំបន់)។

ក្រុមបាល់ទាត់ចិនឈ្មោះ «Jiangsu Suning» បានបំបែកឯកត្តកម្មនេះមុនគេ ដោយចំណាយប្រមាណជា ៥០​លានអ៊ឺរ៉ូ (ប្រមាណជា៥៥លានដុល្លា) ដើម្បីទិញកីឡាករខ្សែប្រយុទ្ធជាតិប្រេស៊ីល «Alex Teixeira Santos» ពី​ក្រុម​បាល់ទាត់ «Chakhtior Donetsk» របស់ប្រទេសអ៊ុយក្រែន។ ការចំណាយដ៏សម្បើមនេះ មិនធ្លាប់មាន ពី​មុន​មក​ទេ សម្រាប់ទីផ្សារទិញដូរកីឡាករបាល់ទាត់ នៅក្នុងទ្វីបអាស៊ី។ ចំណាត់ថ្នាក់បន្តបន្ទាប់មកទៀត ធ្លាក់​ទៅ​លើ​កីឡាករជាតិកូឡំប៊ី ឈ្មោះ «Jackson Martínez» ដែល​បាន​ទៅ​ទាត់​ឲ្យ​ក្រុម «Guangzhou Evergrande» សម្រាប់ទឹកប្រាក់ ៤២លានអ៊ឺរ៉ូ (ប្រមាណជា ៤២លានដុល្លា) និងកីឡាករ​ជាតិ​ប្រេស៊ីល «Ramires» ដែល​បាន​ចេញ​ពីក្រុម «Chelsea Football Club» នៅអង់គ្លេស ទៅទាត់ឲ្យក្រុម «Jiangsu Suning» សម្រាប់​​ទឹក​ប្រាក់ ២៨លានអ៊ឺរ៉ូ (ប្រមាណជា​៣០លានដុល្លា)។

ចំណាយប្រាក់ ដើម្បីចេតនានយោបាយ?

ប៉ុន្តែការទិញដូរដ៏សម្បើមនេះ អាចនឹងមានរូបភាព ជាលក្ខណៈនយោបាយ ដែលប្រទេសចិនកុម្មុយនីស តែង​យកមកប្រើ នៅ​ក្នុង​វិស័យកីឡា និងវប្បធម៌។ សម្រាប់គ្រូបង្វឹកលោក «Arsène Wenger» របស់ក្រុម «Arsenal» នៅអង់គ្លេស បានគិតថា បើ​ពិត​ជា​មាន​កម្លាំង«នយោបាយ»ស្ថិត​នៅ​ពី​ក្រោយ​មែន​នោះ វាជា​ការ​ព្រួយ​បារម្ភមួយ។ លោកថ្លែងឡើងថា៖ «មហាកម្លាំងទឹកប្រាក់ នៃ​ប្រទេស​ចិន អាច​ឲ្យ​ប្រទេស​នេះ ទាក់​ទាញ​កីឡាករខ្លាំងៗ នៅក្នុងក្របខណ្ឌប្រកួតនានា របស់អ៊ឺរ៉ុប។ តែបើវាជាចេតនា​នយោបាយ​នោះ យើង​ពិត​ជា​មាន​ការ​​ខ្វល់​ខ្វាយ​ខ្លាំងណាស់។»

សម្រាប់លោក «Pavel Zanozine» អ្នកជំនាញបាល់ទាត់ជាតិរ៉ូស្ស៊ីមួយរូប បានគិតថា វាជារឿងគួរ​ឲ្យ​ល្អមើល​ទៅ​វិញ។ លោក​ថ្លែង​ឡើង​ថា៖ «វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលសម្រាប់ខ្ញុំ ព្រោះប្រទេសចិន មិនធ្លាប់​ជា​ប្រទេស ដែល​ពូកែ​​ខាង​បាល់ទាត់​នោះ​ទេ។ ប៉ុន្តែ​​ពួក​គេ (ក្រុម​បាល់ទាត់​នៅចិន) បានផ្លាស់ប្ដូរស្ថានភាពយ៉ាងខ្លាំងក្លា និង​មានកម្រិតដ៏សម្បើម។»

អ្នក​ជំនាញរ៉ូស្ស៊ីរូបនេះ បានពន្យល់ថា កីឡាករល្បីៗល្អៗជាច្រើន បានចេញទៅទាត់ឲ្យក្រុមបាល់ទាត់ នៅ​ក្នុង​ប្រទេសចិន ដោយ​សារ​ពួកគេត្រូវបានទាក់ទាញ ដោយ«ទឹកប្រាក់»ដ៏មហាសាល។ លោកលើក​ជា​ឧទាហរណ៍​ឡើង​ថា៖ «ដូច​កីឡាករ​ជាតិ​អាហ្សង់ទីន "Ezequiel Lavezzi" ជាដើម ដែលអាចនៅទាត់​ឲ្យក្រុម​បារីស (PSG) ក្នុងប្រទេសបារាំងបាន។ តែកីឡាករ​រូប​នេះ បាន​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​រស់នៅ​​ក្នុងប្រទេសចិន ជា​មួយ​ប្រាក់​ចំណូលរបស់ខ្លួន ៣ដង ថ្លៃជាងនៅអ៊ឺរ៉ុប។»

«ចិននៅអន់ជាងកូរ៉េ (ខាងត្បូង) និងជប៉ុន»

យ៉ាងណាក៏ដោយ លោក «Pavel Zanozine» បានទទួលស្គាល់ថា ការធ្វើវិនិយោគទុន យកកីឡាករ​អន្តរជាតិ​ល្បីៗ ទៅ​ទាត់​នៅ​ក្នុង​ប្រទេស​ចិន នឹងធ្វើឲ្យវិស័យបាល់ទាត់ របស់ប្រទេសកុម្មុយនីស មានការ​រីក​ចម្រើន​ឡើង។ អ្នកជំនាញបានរំលឹកថា៖ «ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន ក្រុមបាល់ទាត់ជម្រើសជាតិចិន នៅមិន​ទាន់​មាន​កម្រិត ដល់ប្រទេសកូរ៉េ ឬប្រទេសជប៉ុន ដែលនៅក្បែរ​ខាង​​ខ្លួន​នោះ​ផងទេ។ នា​ពេល​នេះ ប្រទេស​ចិន​ឈរ​​នៅចំណាត់ថ្នាក់ ទី៩៣ នៅក្នុងតារាងចំណាត់ថ្នាក់​បាល់ទាត់ របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នៅ​ឡើយ។»៕