មេដឹកនាំ​អ៊ីរ៉ង់​និង​តួកគី​យល់​ព្រម​បង្កើន​កិច្ចសហប្រតិបត្តិការ​និង​ពាណិជ្ជកម្ម

មេដឹកនាំ​អ៊ីរ៉ង់​និង​តួកគី​យល់​ព្រម​បង្កើន​កិច្ចសហប្រតិបត្តិការ​និង​ពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្រ្តី​តួកគី​ធ្វើ​ទស្សនកិច្ច​ទៅ​អ៊ីរ៉ង់​ កាលពី​ខែ​មីនា ឆ្នាំ២០១៦។

មេដឹកនាំ​អ៊ីរ៉ង់​និង​តួកគី​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ដើម្បី​បញ្ចប់​ជម្លោះ​ និង​អំពើ​ហិង្សា​ខាង​និកាយ​សាសនា​នៅ​ក្នុង​តំបន់។

លោក​នាយក​រដ្ឋ​មន្ត្រី​តួកគី Ahmet Davutoglu បាន​និយាយ​ថា​ ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​តួកគី​អាច​សហការ​ជាមួយ​គ្នា​ដើម្បី​បញ្ចប់​ជម្លោះ ​និង​ការ​សម្លាប់​បង​ប្អូន​ឯង​ប្រកប​ដោយ​ការ​បង្ហូរ​ឈាម។​ ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុងក្រុង​តេហេរ៉ង់ (Teheran) លោក Davutoglu បាន​មាន​ប្រសាសន៍​ថា​ កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ក៏​នឹង​មាន​ប្រសិទ្ធិភាព​ និង​មាន​ប្រយោជន៍​ក្នុង​ការ​បញ្ចប់​អំពើ​ហិង្សា​ខាង​និកាយ​សាសនា​ផង​ដែរ។​

លោក​អនុ​ប្រធានាធិបតី​អ៊ីរ៉ង់​ Eshagh Jahangiri បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​អ៊ីរ៉ង់​និង​ប្រទេស​តួកគី​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​ការ​ដោះស្រាយ​វិបត្តិនេះ​ ក៏​ប៉ុន្តែ​ភាគី​ទាំង​សង​ខាង​មាន​ការ​ប្តេជ្ញា​ក្នុង​ការ​ធ្វើ​ចលនា​ឆ្ពោះ​ទៅ​កាន់​ស្ថិរភាព។

ប្រទេស​តួកគី​ជា​អ្នក​គាំទ្រ​ខ្លាំង​មួយ​ដល់​ពួក​ឧទ្ទាម​ដែល​ប្រយុទ្ធ​ដើម្បី​ទម្លាក់​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ចេញ​ពី​តំណែង ចំណែក​ឯ​ប្រទេស​អ៊ីរ៉ង់​ជាមួយ​នឹង​ប្រទេស​រុស្សី​វិញ ជា​អ្នក​ទ្រទ្រង់​ខ្លាំង​ដល់​រដ្ឋាភិបាល​លោក​ Assad។

ឥស្សរជន​ទាំង​ពីរ​នាក់​នេះ​បាន​និយាយ​ថា អស់​លោក​មាន​បំណង​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​បាន​ដល់​៣០ពាន់​លាន​ដុល្លារ។​

គេ​រាយការណ៍​ថា​ ពាណិជ្ជកម្ម​រវាង​ប្រទេស​តួកគី និង​ប្រទេស​អ៊ីរ៉ង់​មាន​ទឹក​ប្រាក់​ប្រមាណ​១០លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥​ ដែល​នេះ​ជា​ការ​ចុះ​ថយ​ពី​ចំនួន​កាល​ពី​ឆ្នាំ​មុនៗ៕