កត្តា​ទាំងនេះហើយ ដែល​នាំ​ឲ្យ​រ​លូតកូន​

កត្តា​ទាំងនេះហើយ ដែល​នាំ​ឲ្យ​រ​លូតកូន​

​ការដែល​ជួប​បញ្ហារ​លូត​កូន​ម្តងៗ ពិតជា​រឿង​ប៉ះទង្គិច​ដ៏​ធ្ងន់ធ្ងរ​ណាស់ សម្រាប់​គូរ​ស្វាមីភរិយា​គ្រប់រូប​។ ការ​រលូត​កូន​ដោយ​ខ្លួនឯង ច្រើន​តែ​មិន​អាច​សម្គាល់​ដឹង តាមរយៈ​ការ​អា​ការៈផ្សេងៗ​ឡើយ ប៉ុន្តែ ករណីបែបនេះ មាន​ប្រហែល ១៥ ទៅ ២០ ភាគរយ​ប៉ុណ្ណោះ​។

​ដូច្នេះ បើសិន​ជា​អ្នក កំពុង​តែ​គិត​ចង់​យក​កូន យក​ល្អ គួរតែ​ចាប់ផ្តើម​ត្រៀមលក្ខណៈ​ជា​មុន​សិន​។ ការពិនិត្យ​សុខភាព មុនពេល​មាន​ផ្ទៃពោះ គឺជា​រឿង​សំខាន់ ដើម្បី​ជួយ​ឲ្យ​ឱកាស នៃ​ការ​មាន​ផ្ទៃពោះ មាន​សុខភាព​ល្អ​ទាំង​ម្តាយ និង​កូន​។ យ៉ាងណាមិញ អ្នក​ក៏​គួរ​យល់​ដឹង​អំពី​កត្តា ដែល​នាំ​ឲ្យ​រ​លូតកូន​ដែរ ដូចជា ៖

ខ្លួន​មាន​ជំងឺ​
របៀប​រស់នៅ​មាន​សុខភាព ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ ទម្ងន់​រាងកាយ​ល្អ សុទ្ធតែ​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ​។ បើសិន​ជា​អ្នក​កំពុងតែ មាន​ជំងឺ​មួយចំនួន​ហើយ​នោះ អ្នក​ត្រូវ​តែ​គ្រប់គ្រង​វា​ឲ្យបាន​ល្អ ឬ​ផ្លាស់ប្តូរ​ថ្នាំ​ប្រើប្រាស់​ណា ដែល​អាច​បង្ការ​ការ​រ​លូត​កូន ឬ​កូន​កើត​មក​ខូច​អវៈយវៈ​បាន​។ ជំងឺ​ទឹកនោម​ផ្អែម​ដែល​មិន​បាន​ព្យាបាល ឬ​ត្រៀម​កើត​ជំងឺ​ទឹកនោម​ផ្អែម អាច​ធ្វើ​ឲ្យ​កូន កើត​មក​ខូច​អវៈយវៈ​បាន​។

ក្រពេញ​ទី​រ៉ូ​អ៊ីត​
អ័រម៉ូន​របស់​ក្រ​ពេញទី​រ៉ូ​អ៊ីត ដើរ​តួនាទី​សំខាន់​ណាស់ ក្នុងពេល​មាន​ផ្ទៃពោះ សម្រាប់​ការលូតលាស់​កូន​ដ៏​មាន​សុខភាព​ល្អ និង​ការថែរក្សា​សុខភាព​របស់​ម្តាយ​ផង​ដែរ​។ អ័រម៉ូន​នេះ​សំខាន់​ណាស់ សម្រាប់​ការអភិវឌ្ឍន៍​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ​របស់​ទារ​ក​។ នៅ​ត្រីមាស​ដំបូង ទារក​ត្រូវការ​អ័រម៉ូន​ទី​រ៉ូ​អ៊ី​តរបស់​ម្តាយ តាមរយៈ​ការផ្គត់ផ្គង់​ពី​សុក​។ នៅ​សប្តាហ៍​ទី ១២ ក្រពេញ​ទី​រ៉ូ​អ៊ី​តរបស់​កូន ចាប់ផ្តើម​បំពេញ​មុខងារ​របស់​វា​។ ការ​ដែល​មាន​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​ចេញ​ច្រើនពេក និង​តិចពេក សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ រលូត​កូន​បាន​ទាំងអស់​។ ដូច្នេះ អ្នក​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​បន្ថែម និង​ពិនិត្យ​រក​បញ្ហា​នេះ​ផង នៅពេល​រៀប​គម្រោង​មាន​ផ្ទៃពោះ​។

ការចាក់​វ៉ាក់សាំង​
អ្នក​គួរតែ​ចាក់​វ៉ាក់សាំង ឲ្យបាន​គ្រប់គ្រាន់ និង​ដឹង​អំពី​ស្ថានភាព​សុខភាព​អ្នកផង​។ ជំងឺ​ស្អូច គឺជា​ជំងឺឆ្លង​ដោយសារ​វីរុស​មួយ​ប្រភេទ​ដែល​អាច​ឆ្លង នៅពេល​ទើបតែ​មាន​ផ្ទៃពោះ​ភ្លាមៗ ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​កូន ខូច​អវៈយវៈ​បានដែរ ដូច្នេះ អ្នក​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ជំងឺ​នេះ មុនពេល​មាន​ផ្ទៃពោះ ដើម្បី​បង្ការ​ផលវិបាក​របស់​វា​។ ការចាក់​វ៉ាក់សាំង​ត្រឹមត្រូវ នៅ​ពេលវេលា​ត្រឹមត្រូវ អាច​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ និង​មិន​ឲ្យ​កូន​មាន​ជំងឺ​ធ្ងន់ធ្ងរ​បាន​ផង​។

សារធាតុ​ពុល​
ចូរ​ចៀសវាង​សារធាតុ​ពុល និង​សារធាតុ​គ្រោះ​ថ្នាក់​នានា នៅ​មជ្ឈដ្ឋាន​ដែល​អ្នកធ្វើការ ឬ​ក្នុង​ផ្ទះ ដូចជា ថ្នាំ​សម្លាប់​សត្វល្អិត ថ្នាំ​បាញ់​សក់ ឬ​លាមក​សត្វ​ជាដើម​។ សារធាតុ​ទាំងនេះ អាច​ធ្វើឲ្យមាន​បញ្ហា ដល់​ប្រព័ន្ធ​ប្រដាប់បន្តពូជ​ទាំង​បុរស និង​ស្ត្រី​បាន​។ ការប៉ះពាល់​ទៅនឹង សារធាតុ​ទាំងនេះ​តែ​បន្តិច ក៏​អាច​នាំ​ឲ្យ​រ​លូតកូន​ដែរ​។

ផលិតផល​ថែរក្សា​សម្ផស្ស​
ថ្នាំលាប​ក្រចក ក្រែ​មលាប​មាត់ និង​ផលិតផល​ថែរក្សា​សម្ផស្ស​ផ្សេងៗ​ទៀត សុទ្ធ​តែ​អាច​មាន​សារធាតុ​គីមី​ដូចជា Phthalate និង​ជាតិ​សំណរ ដែល​អាច​ប៉ះពាល់​ដល់ ការលូតលាស់​របស់​ទា​រក​ទាំងអស់​។ អ្នក​ត្រូវ​តែ​កាត់បន្ថយ ការប្រើប្រាស់​របស់​អស់ទាំង​នេះ​។

អាហារ​កែឆ្នៃ​
ជីវជាតិ ដើរ​តួនាទី​សំខាន់​ណាស់ សម្រាប់​ការលូតលាស់ របស់​ទារក​ដ៏​មាន​សុខភាព​ល្អ​។ យ៉ាងណាមិញ អាហា​រណា​ដែល​មាន​បញ្ជាក់​ថា មាន​ថ្នាំ​សម្លាប់សត្វ​ល្អ មាន​សារធាតុ​រក្សា​គុណភាព​អាហារ និង​សារធាតុ​គីមី​ផ្សេងៗ​ទៀត សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ​កូន កើត​មក​ខូច​អវៈយវៈ​ទាំងអស់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី06  មីនា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។