ជិត​ដល់​ថ្ងៃ​មង្គលការ កូនកំលោះ​ពង្រត់​អនាគត​ប្អូនថ្លៃ​ជា​សង្សារ​ទៅ​បាត់​មិន​ស្រណោះ

ជិត​ដល់​ថ្ងៃ​មង្គលការ កូនកំលោះ​ពង្រត់​អនាគត​ប្អូនថ្លៃ​ជា​សង្សារ​ទៅ​បាត់​មិន​ស្រណោះ

ខេត្តព្រៃវែង ៖ រឿងរ៉ាវ​ស្នេហា​របស់​មនុស្សលោក​ពិតជា​មាន​ច្រើន​បែប ច្រើន​សណ្ឋាន និង​ច្រើន​រសជាតិ អ្នកខ្លះ​ស្រឡាញ់​មិត្តភក្តិ​ខ្លួនឯង អ្នកខ្លះ​ស្រឡាញ់​សង្សារ​គេ ឯ​អ្នកខ្លះ​ស្រឡាញ់​បងថ្លៃ​ឯង ឬ​ប្អូនថ្លៃ​ឯង​ជាដើម ហើយ​លទ្ធផល​នៃ​សេចក្តី​ស្នេហា​នោះ អ្នកខ្លះ​ក៏​បាន​ជួប​គ្នា អ្នកខ្លះ​ក៏​បែកបាក់​គ្នា​អាស្រ័យ​ទៅ​តាម​កត្តា​ផ្សេង​ៗ​នៅ​ជុំវិញ​ពួក​គេ ជា​ពិសេស​គឺ​ការ​សម្រេចចិត្ត​របស់​ពួក​គេ​ផ្ទាល់ ។

ជាក់ស្តែង​ដូច​ជា​រឿងរ៉ាវ​ស្នេហា​របស់​យុវជន​១​គូ​ក្នុងភូមិ​សន្លុង ឃុំ​រកា ស្រុក​ពារាំង ឪពុក​ម្តាយ​បាន​ដណ្តឹងកូនក្រមុំ​គេ​ម្នាក់​ឱ្យ និង​ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ​នោះ ស្រាប់តែ​សាមីខ្លួន​ខាង​កូនប្រុស បែរជា​ដឹក​ដៃ​អនាគត​ប្អូនថ្លៃ​ដែល​ជា​គូសង្សារ​រត់​ចោល​រោងការ​ទៅ​រួមរស់​ជាមួយ​គ្នា​តាម​បំណងប្រាថ្នា​យ៉ាង​មាន​សេចក្តីសុខ ដោយ​មិន​ខ្វល់​ពី​អារម្មណ៍​អ្នក​ណា​ទាំងអស់ ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ខាង​ស្រី​ក្តៅក្រហាយ​ទ្រាំ​មិន​បាន  ក៏​នាំ​គ្នា​ដាក់​ពាក្យ​ប្តឹង​សុំ​ឱ្យ​សមត្ថកិច្ច​តាម​រក​ចាប់​កូនស្រី និង​កូនប្រុស​នោះ​មក​វិញ ព្រោះ​ធៀប​ការ​អញ្ជើញ​ភ្ញៀវ​អស់​ទៅ​ហើយ​ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ស្រុក​ពារាំង​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១ មីនា  ឱ​ពុក​ម្ដាយ​ខាង​កូនស្រី​បាន​មក​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច​ថា កូនស្រី​របស់​គាត់​ឈ្មោះ ទូច វ៉ា​ន់ អាយុ​១៤​ឆ្នាំ បាន​បាត់​ពី​ផ្ទះ​ចំនួន​១​ថ្ងៃមួយ​១​ហើយ ដោយ​មិនដឹង​ថា​បាត់​ទៅ​ណា​នោះ​ទេ និង​សំណូមពរ​ឱ្យ​សមត្ថកិច្ច​ជួយ​តាម​រក​ផង ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង សមត្ថកិច្ច​ក៏​ចាប់ផ្តើម​ចុះ​ស្រាវជ្រាវ​តាម​រក​អស់​រយៈពេល​១​ថ្ងៃ​១​យប់ ទើប​ដឹង​ដំណឹង​ថា យុវតី ទូច វ៉ា​ន់ មិន​បាន​បាត់​ទៅ​ណា​ទេ គឺ​គេ​បានរ​ត់ទៅ​តាម​គូស្នេហ៍​ឈ្មោះ រួន វ​ណ្ណា អាយុ​២២​ឆ្នាំ ដែល​ត្រូវជា​គូ​ដណ្តឹង​របស់​បងស្រី​ខ្លួន ហើយ​បច្ចុប្បន្ន​កំពុង​រស់នៅ​និង​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ ។

ជុំវិញ​រឿងរ៉ាវ​នៃ​ការ​ពង្រត់​គ្នា​នេះ ត្រូវ​បាន​លោក ឃុន ថន មេឃុំ​រកា​ប្រាប់​ឱ្យ​ដឹង​ថា គូស្នេហ៍​១​គូ​នេះ​បាន​លួច​ស្រឡាញ់​គ្នា​ជា​យូរ​មក​ហើយ ប៉ុន្តែ​ចាស់​ៗ​ទាំង​សងខាង​មិន​បានដឹង ហើយ​ពេល​ដែល​ដឹង​ថា ឪពុក​ម្តាយ​ចូល​ដណ្តឹង​នាង​បង​ឈ្មោះ ទូច រ៉ា​ន់ ដែល​ត្រូវជា​បងស្រី​របស់​គូស្នេហ៍​ខ្លួន​នោះ យុវជន រួន វ​ណ្ណា ក៏​មិន​បាន​ប្រាប់​ពី​រឿង​ស្នេហា​របស់​គេ​ដល់​មេបា​របស់​ខ្លួន​ទេ​បែរជា​នាំ​គ្នា​លាក់​រៀង​ៗ​ខ្លួន​រហូត​ដល់​ពេល​ឪពុក​ម្តាយ​ទាំង​សងខាង​ចាប់ផ្តើម​ដើរ​ចែក​ធៀប​ការ ទើប​យុវជន រួន វ​ណ្ណា និង​យុវតី ទូច វ៉ា​ន់ ជា​គូស្នេហ៍​សម្រេចចិត្ត​ដឹក​ដៃ​គ្នារ​ត់ទៅ​សាង​ទ្រនំ​ស្នេហ៍​ដោយ​មិន​ខ្វល់​ពី​ការ​សើចយំ​របស់​អ្នកស្រុក​អ្វី​ទាំងអស់ ទោះបី​ដឹង​ថា ការ​ធ្វើ​បែប​នេះ​វា​ខុសឆ្គង​នឹង​ប្រពៃណី និង​ធ្វើ​ឱ្យ​អាប់ឱន​កិត្តិយស​គ្រួសារ​យ៉ាងណា​ក៏​ដោយ ។

នៅ​ថ្ងៃ​ទី​២ មីនា ខណៈ​ពេល​តាម​ទៅ​រក​គូស្នេហ៍​១​គូ​នេះ​ដល់​ភ្នំពេញ លោក​មេឃុំ​បាន​ជួប​អ្នក​ទាំង​២​តាម​ទូរស័ព្ទ​ហើយ​ពួក​គេ​បាន​ប្រាប់​ថា បាន​រួមរស់​ជាមួយ​គ្នា​ជា​លក្ខណៈ​ប្តី​ប្រពន្ធ​ហើយ ព្រមទាំង​មានការ​ងារ​ធ្វើ​ទាំង​២​នាក់​ទៀត​ផង ដូច្នេះ​សូមកុំ​បារម្ភ​ចំពោះ​ពួក​គេ​អី ហើយ​ក៏​មិនបាច់​តាម​រក​ពួក​គេ​ដែរ​។

លោកនាយ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​រកា​បានឱ្យ​ដឹង​ដែរ​ថា ភ្លេង​ការ​ដែល​គ្រោង​នឹង​បន្លឺ​ឡើង​នៅ​ថ្ងៃ​ទី​២០ មីនា ខាង​មុខ​នេះ ត្រូវ​បាន​លុប​ចោល​វិញ​ហើយ ដោយ​ឪពុក​ម្តាយ​សាមីខ្លួន​ទាំង​សងខាង​ក៏​បាន​ដើរ​សំពះសុំទោស​ភ្ញៀវ​ពេញ​ភូមិ​ផង​ដែរ ព្រោះ​កម្មវិធី​ត្រូវ​លុប​ចោល​វិញ ។ ទោះជា​យ៉ាងណា ឪពុក​ម្តាយ​របស់​អ្នក​ទាំង​២ ពិសេស​ខាង​កូនស្រី​បាន​អះអាង​ថា មិន​ប្តឹងប្ដល់​និង​មិន​ប្រកាន់ទោស​អូស​ដំណើរ​អ្នក​ទាំង​២​នោះ​ទេ ធ្វើ​ម៉េច​បើ​កូន​ទាំង​២​សម្រេចចិត្ត​ជ្រើសរើស​ផ្លូវ​បែប​នេះ​ទៅ​ហើយ គឺ​ទុក​ឱ្យទៅ​តាម​ដំណើរ​នឹង​ទៅ​ចុះ ៕