អ្នកមាន​ជំនឿ​នាំគ្នា​ធ្វើបុណ្យ​ឲ្យ​រូប នាង ពៅ​

6 Videos

​សម័យថ្មី​នេះ​រូបសំណាក​ជាច្រើន​ត្រូវបាន​គេកសាង​ទុក​សម្រាប់​គោរពបូជា​នៅតាម​ព្រៃភ្នំ វត្តអារាម និង អាស្រម ផ្សេងៗ ។ រូប​ទាំងនោះ​មានដូចជា អ្នកតា មេទ័ព ព្រះមហាក្សត្រ តាបស មុនី​ឥសី និង សិវលិង្គ ជាដើមដែល​គេ​ជឿថា​មាន​បារមី​ស័ក្តិសិទ្ធិ ។ តួយ៉ាង​នៅក្នុង​អារាម​ព្រះពុទ្ធសាសនា​មួយ​មានឈ្មោះ​វត្ត​ព្រៃ​ទប់ ឃុំ​ស្រងែ ស្រុក​ទ្រាំង ខេត្តតាកែវបន្ទាប់ពី​រូបនាង​ពៅ​របូតដៃ​ធ្លាក់​ស្លាប់​ពី​កន្ទុយ​ព្រះ​គោ កសាង​រួចមកអ្នក​ជំនឿ​បាននាំគ្នា​ធ្វើបុណ្យ​ថ្វាយ​ភ្លេងពិណពាទ្យ​សុំ​សេចក្តីសុខ​ចម្រើន​និង​សុំ​ទឹកភ្លៀង​ផងដែរ ។​ ​វត្ត​ព្រៃ​ទប់មាន​ទីតាំង​ជិត​ទន្លេ​ស្ថិតនៅ​ខាងកើត​ឆៀង​ខាងត្បូង​ទី​រួម​ខេត្តតាកែវ​ប្រមាណ​ជា ១០ គីឡូម៉ែត្រ ។ ផ្លូវ​ទៅកាន់​ទីនោះ​ជា​ផ្លូវលំ​ក្រាល​កៅស៊ូងាយស្រួល​ធ្វើដំណើរ​ប្រកប ដោយ​សុវត្ថិភាព​គ្មាន​ជង្ហុក​រលោង​ស្រិល​តែម្តង ។ ព្រះគ្រូ​ចៅអធិការ​វត្តនេះ​ល្បីល្បាញ​បំផុត​ខាង​សម្តែង​ព្រះធម៌​ទេសនា​បាន​ចាក់ផ្សាយ​តាម​ប៉ុស្តិ៍​វិទ្យុ​រាល់ថ្ងៃ​ទៀតផង ។ មួយទៀត​ផ្នែក​បារមី​ផ្លូវ​ងងឹត​រឹតតែ​ខ្លាំងក្លា​ដែល​អ្នក​ជំនឿ​តែងតែ​ទៅមក​រាល់ថ្ងៃតាមរយៈ​ការធ្វើ​បុណ្យទាន បន់ស្រន់ ដោយមាន​ទាំង​អ្នក​នៅក្នុង​ប្រទេស​និង​ក្រៅប្រទេសផងដែរ ។

អ្នកមាន​ជំនឿ​នាំគ្នា​ធ្វើបុណ្យ​ឲ្យ​រូប នាង ពៅ​

M88

ទិដ្ឋភាព​ជាក់ស្តែង​ទីធ្លា​ក្នុង​វត្ត​ប្រកបដោយ​សោភណភាព​ស្អាត​ស្រស់បំព្រង​គួរជាទី​រីករាយ​ជ្រះថ្លា ពិសេស​រូបសំណាក​ព្រះ​គោ​ហោះ​ព្រះ​កែវ​តោង​កន្ទុយហើយ​នាង ពៅ របូតដៃ​ធ្លាក់​ស្លាប់​គួរឱ្យ​សង្វេគ ។ ចំណែក​រូបនាង ចេក នាង ចម វិញ​នៅ​អម​សងខាង ក្រៅពីនោះ​រូប​ព្រះរាម និង ហនុមាន​ត្រូវបាន​សាង​ឡើង​តាមបែប​ស្ថាបត្យកម្ម​ឥណ្ឌា ។ ក្នុង​ពិធី​នោះ​អ្នក​ជំនឿ​ក្មេង​ចាស់​ប្រុស​ស្រី​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ដង្ហែ​ប្រទក្សិណ​ជុំវិញសាលា​ភត្ត​រួច​ឡើងទៅ​ខាងលើ​អុជ​ធូប​ទៀន​បួងសួង​សុំ​សុខ​ចម្រើន ។ លោក​អាចារ្យចាប់ផ្តើម​ប្រកាស​យាង​បារមី​ប្រាំបី​ទិស​មាន​នាង ចេក នាង ចម តា ក្រហម​-​ក ព្រះ​កែវ​ព្រះ​គោ ឥសូរ ឥសី បារមី​ស្រី​ស​ស្អាតបាត​បល្ល័ង្ក តាំងពី​ព្រះរាម ហនុមាន ជាដើម​មក​គង់​សណ្ឋិត ។ ស្របពេលនោះ​ភ្លេងពិណពាទ្យ​រនាត​ស្គរធំ​ក៏​ប្រគំ​ញាប់​រន្ថាន់​ដែរធ្វើឱ្យ​ព្រឺក្បាល​ខ្ញាកៗ ដើម្បី​ថ្វាយ​ដំឡើង​ឫទ្ធិ​បារមី​ឱ្យ​ពូកែ​ជាង​មុន ។​

អ្នកមាន​ជំនឿ​នាំគ្នា​ធ្វើបុណ្យ​ឲ្យ​រូប នាង ពៅ​

​លោកតា​អាចារ្យ ម៉ៅ បានលើកឡើង​ថា​វត្ត​ព្រៃ​ទប់​មាន​បារមី​ខ្លាំងក្លា​ណាស់​តាំងពី​ដើម​រៀងមក​មិនទាន់​សាបសូន្យ​ឡើយ ។ វត្ត​ព្រៃ​ទប់​មាន​ទសបារមី​ពីរ​ប្រភេទ​កាន់កាប់មួយ​ជា​បារមី​ខ្មែរមួយទៀត​ជា​បារមី​ឥណ្ឌា ។ បារមី​ខ្មែរ​មានដូចជា​នាង ចេក នាង ចម មុនី​ឥសី ព្រះ​គោ ព្រះ​កែវ មេទ័ព​ជិះសេះ ជាដើម ។ ចំណែក​ឥណ្ឌា​មាន ព្រះរាម និង ហនុមាន ។ ទោះបីជា​រូបសំណាក​ទើបនឹង​កសាង​យ៉ាង ណា​តែ​បារមី អ្នក​ខ្លាំងពូកែ​ទាំងអស់នេះ​មាន​សណ្ឋិត​នៅ​តាំងពីដើម​រៀងមកហើយ​បាន​ជួយ​ឱ្យ​វត្ត​រីកចម្រើន​ទៀតផង​តាំងពី​ក្រ​រហូត​កើត​សមិទ្ធផល​ជាច្រើន​នៅក្នុង​វត្ត​នេះ ។ ពិធី​នេះ​មិន​ត្រឹមតែ​ដំឡើង​ឫទ្ធិ​ថ្វាយ​បារមី​ប៉ុណ្ណោះ​ទេ​ថែម​មាន​បញ្ចូល​ពិធីបួងសួង​សុំ​ទឹក ភ្លៀង​ផងដែរ​ព្រោះ​រដូវវស្សា​ឆ្នាំ ២០១៤ នេះ ហាក់ដូចជា​គ្មាន​ភ្លៀង​ធ្លាក់​ច្រើន​សោះ ។

បច្ចុប្បន្ន​សន្ទូង​សំណាប​របស់​ប្រជាពលរដ្ឋ​ត្រូវ​ក្រៀម​ស្វិត​អស់ ព្រោះ​តាំងពីដើម​មក​ពួក​អ្នកស្រុកភូមិ​ទីនេះ​ធ្វើស្រែ​ប្រាំង​ផង​វស្សា​ផងឥឡូវ​កំពុង​ប្រឈម​នឹង​ការខ្វះ​ទឹក ។ មួយទៀត​នៅពេល​កន្លងទៅ​បារមី​វត្ត​ព្រៃ​ទប់​តែងតែ​ជួយសម្រេច​បំណង​អ្នក​ជំនឿ​ជា​ហូរហែ​រកស៊ី​ឆាប់​មានបាន​ជួយ​ឱ្យ​ជំងឺ​តម្កាត់​ឆាប់​ជា និង ប្រឡង​ឡើង​ថ្នាក់​ធ្វើ​ការងារ​ព្រមទាំង​ឆាប់​ចេញទៅ​បរទេសជាដើម ។ បើ​មិន​ពូកែ​ទេ​ក៏​គ្មាន​ការរីកចម្រើន​ដូច​សព្វថ្ងៃ​នេះដែរធ្វើឱ្យ​ប្រជា​បរិស័ទ​មាន​ជំនឿ​មកលើ​វត្ត​នេះ​កាន់តែ​ច្រើនឡើងៗ​គួរឱ្យកត់សម្គាល់ ។​

អ្នកមាន​ជំនឿ​នាំគ្នា​ធ្វើបុណ្យ​ឲ្យ​រូប នាង ពៅ​

​លោកតា​អាចារ្យ ម៉ៅ មានប្រសាសន៍​ឱ្យដឹងទៀតថា វត្ត​ព្រៃ​ទប់ កាលពី​ជំនាន់​ដើម​សម្បូរ​ដោយ​ព្រៃ ឈើ​ដុះ​ក្រាស់ឃ្មឹក​មិន​ដូច​ឥឡូវ នេះ​ទេ ។ ទីតាំង​វត្ត​នេះ​ជិត​ទន្លេ​ស្រាប់​កាលនោះ​ទោះបីជា​ទឹក​ជន់​ឡើងយ៉ាងណា​ក៏​មិនដែល​លិចលង់​ផ្ទះសម្បែង​ឬ​ស្រុកភូមិ​ដែរ ព្រោះ​មាន​ព្រៃឈើ​ជា​របាំង​ជួយ​ទប់ ទើប​ហៅ​វត្ត​ព្រៃ​ទប់​ជាប់​រហូតមក ។ មកដល់​សម័យ​បច្ចុប្បន្ននេះ​បន្ទាប់ពី​លែងមាន​ព្រៃ​ដូច​មុនស្រុកភូមិ​ផ្ទះសម្បែង​តែងតែមាន​ទឹក​ជន់​លិចលង់​រាល់​ឆ្នាំ ។ មួយទៀត​វត្ត​ព្រៃ​ទប់មិន​ត្រឹម​តែមាន​បារមី​ស័ក្តិសិទ្ធិ​អាច​បន់ស្រន់​បានសម្រេច​ដូច​បំណង​ប៉ុណ្ណោះ​ទេ​ចំណែក​បារមីស្រី​ស​ស្អាតបាត​បល្ល័ង្កវិញ​ក៏​កាច​ណាស់ដែរ​ព្រោះ​ស្រី​ស​ស្អាតនោះ​មាន​តួនាទី​ជួយ​ថែរក្សា​វត្ត​ខាង​បោសសម្អាត​អ្នក​សាង​អាក្រក់ ។

បើ​មាន​អ្នកណា​មក​លួច​ទ្រព្យសម្បត្តិ​គរុភណ្ឌ ឬ លួច​នេសាទ​ត្រី​ស្រះ​វត្ត​មុខជា​នាង បាត​បល្ល័ង្ក កាច់​ឱ្យ​ឈឺ​ធ្ងន់ លុះ​ថ្វាយ​ភ្លេងពិណពាទ្យសុំ​ខមាទោស​ទើប​រួចខ្លួន ព្រោះ​កន្លងមក​ធ្លាប់​មានរឿង​នេះដែរ​ហើយ​ចាប់តាំងពី​មាន​លំ​អានម្តង​មក​ពួក​អ្នក​ស្រុកភូមិ​កោតខ្លាច​គ្រប់ៗ​គ្នា​គ្មាន​នរណា​ហ៊ាន​ប្រមាថ កាតទានប៉ះពាល់​វត្ត​នេះឡើយ ។ មិនតែប៉ុណ្ណោះ​សូម្បីតែ​ជ្រូក គោ មាន់ ទា ចូល​វត្ត​មិនបាន​ផង មុខជា​ថ្លោះ​គ្រេចជើង​សត្វ​ដោយ​មិនដឹង​មូលហេតុ ។ លុះត្រា​ម្ចាស់​អុជធូប​ទៀន​សុំ​ខមាទោស​លើ​ព្រះវិហារ​ទើប​សត្វ​ដើរ​ត្រង់​វិញ​ព្រោះ​វត្ត​នេះ​គឺជាកន្លែង​ប្រណិប័តន៍​ធម៌​ត្រូវការ​ស្អាតស្អំ​មិនអាច​ឱ្យ​បុគ្គល​បាប និង សត្វ ជ្រូក គោ មាន់ ទា ចូល​ប្រព្រឹត្ត​មិនល្អ​និង​អាចម៍​នោម​ស្អុយ​ឆ្អេះ​ទ្បើ​យ ។​

អ្នកមាន​ជំនឿ​នាំគ្នា​ធ្វើបុណ្យ​ឲ្យ​រូប នាង ពៅ​

ត្រឡប់មក​និយាយ​ពី​ពិធីបុណ្យ​នាង ពៅ របូតដៃ​ធ្លាក់​ស្លាប់​ពី​កន្ទុយ​ព្រះ​គោវិញ​គឺ​ចង់បង្ហាញ​ពី​ជំនឿ​បង្កើន​សទ្ធា​បុណ្យ​បរិស័ទ និង ឆ្លង​ឧទ្ទិស​កុសល​ជូន​ដល់ ដួងវិញ្ញាណ​នាង ពៅ ផងដែរព្រោះ​គេ​ជឿថា ព្រះ​កែវ ជា​តួអង្គ​ព្រះ​ពោធិសត្វនឹងត្រូវ​ត្រាស់ដឹង​ជា​ព្រះពុទ្ធ​នាម​ព្រះ​អរិយ​មេ​ត្ត​យ្យោ​នៅ​ចុង​ភទ្ទកប្ប​នេះ ។ ចំណែក នាង ពៅ វិញ​ជា​កន្សៃ​ស​ពេ​ជ្ញ​ព្រះអង្គ ។ រូបសំណាក​ទាំង​ប៉ុន្មាន​ក៏​មិនមែន​ដើម្បី​សាង​ឱ្យ​ល្អមើល​នោះទេដោយ​គោលដៅ​ចម្បង​គឺ​សម្រាប់​ជាទី​សក្ការៈ​គោរពបូជា​សុំ​សុខ​ចម្រើន​នៃ​អ្នក​ជំនឿ ៕​ កែវ សិលា​