ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្ទឹងត្រែង ៖ តំបន់​ខាងលិច​នៃ​ស្រុក​សៀម​ប៉ា​ង​ជាទី​ជម្រក​របស់​សត្វ​ត្មាត ដោយ​គេ​រក​ឃើញ​ជា​លើក​ដំបូង​សំបុក​ពង​កូន​ក្នុង​តំបន់​អភិរក្ស ។ ត្មាត​ជា​ប្រភេទ​សត្វ​ស្លាប​រស់នៅ​លើ​ដើមឈើ ស្ថិត​ក្នុង​ព្រៃ​ល្បោះ ហើយ​បច្ចុប្បន្ន​ស្ថិត​ក្នុង​ប្រភេទ​សត្វ​ស្លាប​ជិត​ផុត​ពូជ ។ សត្វ​ត្មាត​នៅ​តំបន់​ខាងលិច​ស្រុក​សៀម​ប៉ា​ង​មាន​៣​ប្រភេទ គឺ​ត្មាតភ្លើង ត្មាត​ប្រផេះ និង​ត្មាត​ត្នោត ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ពពួកសត្វ​ត្មាត​នៅ​ភាគ​ខាងលិច​នៃ​ស្រុក​សៀម​ប៉ា​ង​មាន​ប្រហែលជា​១២០​ក្បាល ក្នុង​ចំណោម​សត្វ​ត្មាត​ជាង​១៥០​ក្បាល នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ក្នុង​នោះ​សត្វ​ត្មាតភ្លើង​មាន​ត្រឹម​៤​ទៅ​៦​ក្បាល​ប៉ុណ្ណោះ នេះ​បើ​តាម​ការ​ជំរឿន​ពី​អង្គការ​សត្វ​ស្លាប​( Bird Life )​។

លោក​កែវ បុប្ផា​រង្សី ជំនួយការ​គម្រោង​អភិរក្ស​ជីវៈចម្រុះ​ស្ទឹង​ត្រែង​-​ក្រចេះ​បាន​ប្រាប់​យ៉ាង​យកចិត្តទុកដាក់ និង​ត្រូវ​ផ្តល់​អាហារ​ដ្ឋា​ន​ដល់​ពួក​វា​រៀង​រាល់​ខែ ហើយ​មិន​ប្រាកដ​ថា ពួក​វា​ត្រូវ​ចុះ​មក​រក​អាហារ​ទៀងទាត់​ទេ ។ ជីវសាស្ត្រ​នៃ​ការ​រស់នៅ​របស់​សត្វ​ត្មាត​មិន​មានការ​ផ្លាស់​ប្តូរ​ទេ តែ​មាន​ត្មាត​តិចតួច​ប្រែប្រួល​តាម​រដូវ​កាល ពួក​វា​បា​នប​ម្លា​ស់​ទី​ពី​តំបន់​ខាងលិច​ស្រុក​សៀម​ប៉ា​ង​ទៅ​កាន់​ខេត្តរតនគិរី និង ខេត្តព្រះវិហារ ហើយ​ពួក​វា​នឹង​វិល​ត្រឡប់​ទៅ​វិញ ។

សត្វ​ត្មាត​ទាំង​៣​ប្រភេទ បើ​ទោះបីជា​ប្រភេទ​សត្វ​ស្លាប​តែ​មួយ​ពិតមែន តែ​ការ​បន្ត​ពូជ​របស់​វា​មិន​ដូច​គ្នា​ទេ ដោយ​ត្មាតភ្លើង​ពង​កូន​នៅ​រដូវវស្សា​ក្នុង​មួយ​ឆ្នាំ​មាន​តែ​ម្តង​ប៉ុណ្ណោះ ហើយ​ពេល​ខ្លះ​ជោគជ័យ និង​ពេល​ខ្លះ​មិន​ជោគជ័យ​ដោយសារ​ត្រូវ​សត្វ​ក្អែក​ចឹក​ស៊ី ឬ​នៅ​ពេល​ញាស់​ជា​កូន​ហើយ​ត្រូវ​សត្វ​ក្អែក​ចាប់​ស៊ី​នៅ​ពេល​មេ​ចេញ​ទៅ​រក​អាហារ ។ រីឯ​ត្មាត​ប្រផេះ​និង​ត្មាត​ត្នោត ពួក​វា​ពង​កូន​នៅ​រដូវប្រាំង ហើយ​ការ​ពង​កូន​បាន​២​គ្រាប់ ក្នុង​មួយ​ឆ្នាំ​ដូច​គ្នា ។ ពួក​វា​មាន​វដ្ត​ជីវិត​ចាប់ពី​កើត​រហូត​ទៅ​ដល់​ពេញវ័យ​មាន​អាយុ​ពី​៨​ទៅ​១២​ឆ្នាំ និង​ទម្ងន់​ពី​៦​ទៅ​៧​គីឡូក្រាម ។

ដោយសារ​តែ​ការ​បន្ត​ពូជ​របស់​សត្វ​ត្មាត​ទាំង​៣​ប្រភេទ​ប្រឈម​ទៅ​នឹង​ឧបសគ្គ​គំរាមកំហែង​ពី​ពពួកសត្វ​ស្លាប​ដទៃ អង្គការ​ជីវិត​សត្វ​ស្លាប​បាន​ចំណាយ​ប្រាក់​ជួល​អ្នក​ភូមិ​ដេក​ថែទាំ​សំបុក​ពង​កូន​របស់​វា បន្ទាប់​ពី​ប្រទះ​ឃើញ​សំបុក​របស់​ពួក​វា​ហើយ​នោះ ។

សត្វ​ត្មាត​តំបន់​ខាងលិច​នៃ​ស្រុក​សៀម​ប៉ា​ង​ត្រូវ​គេ​អះអាង​ថា​មានការ​ធ្លាក់​ចុះ ហើយ​មូលហេតុ​នៃ​ធ្លាក់​ចុះ​នោះ​មក​ពី​កត្តា​កង្វះ​ប្រភព​ចំណីអាហារ​ធម្មជាតិ និង​ការ​បំពុល ដូច្នេះ​ហើយ​ទើប​អង្គការ BirdLife ថែរក្សា​ដោយ​ចំណាយ​លើ​ការ​ទិញ​គោ ឬ​ក្របី​ធ្វើ​ជា​អាហារ​សម្រាប់​ពួក​វា ៕