កម្មការិនី​ជាង​៣០​នាក់​ដួល​សន្លប់​ផ្អើល​កម្មករ​នាំ​គ្នា​រត់​ចេញពី​រោងចក្រ

កម្មការិនី​ជាង​៣០​នាក់​ដួល​សន្លប់​ផ្អើល​កម្មករ​នាំ​គ្នា​រត់​ចេញពី​រោងចក្រ

រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​យីហោ​ជុន​ចៅ ជាង​៣០​នាក់​ក្នុង​ចំណោម​កម្មករ​សរុប​ចំនួន​៣៥០ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ដែល​គេ​សង្ស័យ​ថា​បណ្ដាល​មក​ពី​ក្លិន​ជាតិ​គីមី​នៅ​ក្នុង​ក្រណាត់ និង​ទឹក​ដែល​ថៅកែ​រោងចក្រ​ដាក់​ឲ្យ​កម្មករ​បរិភោគ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា មូលហេតុ​ពិតប្រាកដ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ហើយ​កម្មការិនី​រង​គ្រោះ​ក៏​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​រដ្ឋ និង​គ្លីនិក​ឯកជន​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ​។

ចំណែក​កម្មករ ដែល​មិន​ដួល​សន្លប់​បាន​នាំ​គ្នា​រត់​យ៉ាង​ប្រ​សេក​ប្រសាច​ចេញពី​ក្នុង​រោងចក្រ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្នុង​ស្ថានភាព​ភ័យ​ស្លេក​មុខ ហើយ​រោងចក្រ​នោះ ត្រូវ​បាន​បិទទ្វារ​បណ្ដោះអាសន្ន​ផង​ដែរ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ មីនា នៅ​ក្នុង​រោងចក្រ​កាត់ដេរ យីហោ​ជុន​ចៅ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ព័ត៌មាន​ពី​កម្មករ​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​នោះ បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គេ​បាន​នាំ​គ្នា​ចូល​ធ្វើការ​ចាប់តាំងពី​ម៉ោង​៧​ព្រឹក​រហូត ដល់​ម៉ោងជាង​៩​ព្រឹក​ក្នុង​ថ្ងៃ​ដដែល ស្រាប់តែ​មាន​អ្នក​ដួល​សន្លប់​ជា​បន្តបន្ទាប់ ។ ខណៈនោះ​បាន​បង្ក​ឲ្យ​មានការ​ជ្រួលច្របល់​ពេញ​ក្នុង​រោងចក្រ អ្នក​ដែល​អត់​ដួល​សន្លប់ បាន​នាំ​គ្នា​រត់​ចេញពី​ក្នុង​រោងចក្រ​មក​ក្រៅ​យ៉ាង​ប្រ​សេក​ប្រសាច និង​មាន​អ្នកខ្លះ​ពេល​រត់​ចេញ​ផុត​ពី​ក្នុង​រោងចក្រ​ទើប​ដួល​សន្លប់​ក៏​មាន ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​ជន​រង​គ្រោះ​ទាំងនោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង​ខ្លះ និង​គ្លីនិក​ឯកជន​ខ្លះ​ដើម្បី​សង្គ្រោះ​បន្ទាន់​ដោយ​មិន​មាន​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​នោះ​ឡើយ ។ ករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា បណ្ដាល​មក​ពី​ក្លិន​ជាតិ​គីមី​នៅ​ក្នុង​ក្រណាត់​ដែល​ថៅកែ​រោងចក្រ​នាំ​ចូល​កាលពី​៣​ថ្ងៃមុន​នេះ ដែល​មាន​ក្លិន​មិនល្អ​ពិបាក​ទ្រាំ និង​មូលហេតុ​មួយទៀត​សង្ស័យ​បណ្ដាល​មក​ពី​ទឹក​ដែល​ក្រុមហ៊ុន​ដាក់​ឲ្យ​កម្មករ​ផឹក​ទំនងជា​ដាក់​ថ្នាំ​សម្លាប់​មេរោគ​ច្រើន​ពេក ទើប​មាន​បញ្ហា​បែប​នេះ​កើតឡើង​។ ប៉ុន្តែ​ទោះជា​បែប​ណា​មូលហេតុ​ពិតប្រាកដ​យ៉ាងណា​នោះ​គេ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ទាល់តែ​មានការ​ពិនិត្យ​និង​ស្រាវជ្រាវ​ពី​មន្ត្រី​ជំនាញ​ទើប​ដឹង​បាន ៕