រោងចក្រ​ផលិត​ចំណី​គោ​ដំបូង​គេ​នៅ​កម្ពុជា​

6 Videos

​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ប្រទេស​កម្ពុ​ជាមាន​រោងចក្រ​ផលិត​ចំណី​គោ​ដ៏​ធំ​មួយរោងចក្រ​នេះ​ត្រូវបាន​គេ​បង្កើតឡើង​នៅលើ​ទឹកដី​ខេត្តកំពង់ស្ពឺហើយ​ចំណី​គោ​ដែល​ផលិត​បាន​នឹងត្រូវ​នាំចេញ​ទៅកាន់ប្រទេស​កូរ៉េ ។ រោងចក្រ​ផលិត​ចំណីគោ​នេះ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៤ កន្លងទៅនេះ ។

​រោងចក្រ​ផលិត​ចំណី​គោ​នាំចេញ​ដំបូង​គេ​នៅ​កម្ពុជា​នេះ​ចំណាយដើមទុន​វិនិយោគ​សរុប​ទឹកប្រាក់​អស់​ចំនួន ២ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយ​គេ​គ្រោង​ផលិត​ចំណី​គោ​ដើម្បី​នាំចេញ​ឱ្យបាន​ជាង ៣.០០០ តោន ក្នុង​មួយខែ ។ រោងចក្រ​នេះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ទី ៦ ឃុំ​ត្រែង​ទ្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺនៅ​ជិត​បង្គោលគីឡូម៉ែត្រ​លេខ ១០០ តាមផ្លូវជាតិ​លេខ ៤ ។

M88

រោងចក្រ​ផលិត​ចំណី​គោ​ដំបូង​គេ​នៅ​កម្ពុជា​

​លោក ឈឹម ឆែម អគ្គនាយក​និង​ជា​ម្ចាស់​រោងចក្រ​ផលិត​ចំណី​គោនេះ​មានប្រសាសន៍​ឱ្យដឹងថា​«​កត្តា​ដែល​ជំរុញ​ឱ្យ​ខ្ញុំ​បើក​អាជីវកម្ម​ប្រភេទ​នេះគឺ​ដោយ​មើលឃើញថាប្រទេស​កម្ពុជា​ក៏ដូចជា​ប្រទេសមួយ​ចំនួន​នៅលើពិភពលោក​មិនទាន់មាន​ចំណី​គោ​ដែល​វេច​ខ្ចប់​ចេញពី​រោងចក្រ​នៅឡើយ​។ កន្លងមក​យើង​មានតែ​ចំណី​មាន់ ទា ជ្រូក ត្រី និង ចំណី​សត្វ​ផ្សេងៗ​ទៀត​ប៉ុណ្ណោះ ។ អាជីវកម្ម​ប្រភេទ​នេះ​ប្លែក​មាន​វិធីសាស្ត្រ​ងាយៗ ហើយ​នៅក្នុង ប្រទេស​កម្ពុជា​សម្បូរ​វត្ថុធាតុដើម​ក្នុងការ​ផលិត​និង​មាន​ដៃគូ​វិនិយោគ ជាមួយ​ប្រទេស​កូរ៉េ​ផងដែរ ។

វត្ថុធាតុដើម​ដែល​ផ្សំ​សំខាន់ៗ​ដើម្បី​កែច្នៃ​ផលិត​ចំណី​គោ​នេះរួមមាន​កាក​អំពៅ​(​ប្រមាណ​ជាង ៥០ ភាគរយ​នៃ​វត្ថុធាតុដើម​សរុប ១០០ ភាគរយ​) ស្មៅ ឬ ដើម​ពោត​ប្រហែល ៣០ ភាគរយ​កាក​ស្រា​បៀរ និង គ្រឿងផ្សំ​ជា​ប្រភេទ​រុក្ខជាតិ​មួយចំនួន​ទៀត ។ គោ​នៅ​ប្រទេស​កូរ៉េ​ភាគច្រើន​ប្រើចំណី​ប្រភេទ​នេះ​វា​អាចមាន​ទម្ងន់​ជាង ១.០០០ គីឡូក្រាម បន្ទាប់ពី​វា​មាន​អាយុ​ពីរ​ឆ្នាំ ហើយ​ជា ទូទៅ​គេ​អាច​លក់​គោ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ ៧ ដុល្លារ ។ ដូច្នេះ​គោមួយ​ក្បាល​កសិករ​អាច​រកបាន​ចំណូល​រាប់ពាន់​ដុល្លារ​នៅ​ប្រទេស​កូរ៉េ​»។

រោងចក្រ​ផលិត​ចំណី​គោ​ដំបូង​គេ​នៅ​កម្ពុជា​

​លោក ឈឹម ឆែម បាន​បន្តទៀតថា​«​បច្ចុប្បន្ន​រោងចក្រ​ផលិត​ចំណី​គោ​នេះ​កំពុងដំណើរការ និង ផ្តល់​ការងារ​ដល់​បុគ្គលិក​ចំនួន ២៥ នាក់ ដែលជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ជុំវិញ​នោះ ។ ក្នុងចំណោម​បុគ្គលិក​សរុប​ចំនួន ២៥ នាក់​មាន​អ្នកបច្ចេកទេស​បញ្ជា​ម៉ាស៊ីន ៣ នាក់ និង អ្នក បច្ចេកទេស​លាយ​វត្ថុធាតុដើម​អ្នក​សេសសល់​ជា​បុគ្គលិក​ដែល​មិនសូវ​ប្រើ​ជំនាញ ។ ជាមធ្យម​បុគ្គលិក​ដែល​មិនសូវមាន​ជំនាញ​បានទទួល​ប្រាក់ខែ​ចន្លោះ​ពី ១៥០ ទៅ ២០០ ដុល្លារ ក្នុង​មួយខែ ។​

​ដំបូង​យើង​យក​កាក​អំពៅ​(​ប្រមាណ​ជាង ៥០ ភាគរយ​នៃ​វត្ថុធាតុដើម​សរុប​) ស្មៅ ឬ ដើម​ពោត​ប្រហែល ៣០ ភាគរយ កាក​ស្រា​បៀរ​ដោយ​ផ្អែកលើ​ខ្នាត និង រូបមន្ត​នៃ​ការ​ផ្សំ តាម​បច្ចេកទេសរួច​ដាក់បញ្ចូល​ទៅក្នុង​ម៉ាស៊ីនបន្ទាប់ពី​កិន​វា​រយៈពេល ១៥ នាទី ហើយ បង្ហូរ​ទៅកាន់​កន្លែង​វេច​ខ្ចប់ ។ មុនពេល​វេច​ខ្ចប់​ត្រូវ​ថ្លឹង​ទម្ងន់​ទៅតាម​ប្រភេទ គឺមាន​ពីរ​ប្រភេទ​រួមមាន ៦០០ គីឡូក្រាម និង ២៥ គីឡូក្រាម រួច​វេច​ខ្ចប់​ដាក់​ក្នុង​ថង់​បា្ល​ស្ទិ​ក​ដូច​ដុំ​ថ្នាំជក់​ដែរ ។ បន្ទាប់ពី​ការ​វេច​ខ្ចប់​រួច​នឹងមាន​អ្នកបើកបរ​ដឹកជញ្ជូន​ទៅ​ដាក់​ក្នុង​ឃ្លាំង​មួយ ដោយឡែក រហូតដល់​គ្រប់​ចំនួន ៤៨០ តោន ស្មើនឹង ២៤ កុង​តែ​ន័​រ ឬ បើតាម​ផែនការ រហូតដល់ ១.០០០ តោន ទើប​នាំ​ចេញទៅ​ប្រទេស​កូរ៉េ​ម្តង ។

​រាល់ថ្ងៃនេះ​រោងចក្រ​បាន​ប្រមូល​ទិញ​វត្ថុធាតុដើម​ពី​ប្រជាពលរដ្ឋដូចជា​ដើម​ពោត ក្នុង​មួយ​តោន​មានតម្លៃ​ពី ៤០ ទៅ ៥០ ដុល្លារ ស្មៅ ៣០ ដុល្លារ​ក្នុង​មួយ​តោន កាក​អំពៅ ១០ ដុល្លារ​ក្នុង​មួយ​តោន ដោយ​ទិញ​ពី​ក្រុមហ៊ុន​រោងចក្រ​ផលិត​ស្ករស ទ្រី ភាព និង កាក​ស្រា​បៀរ ៦០ ដុល្លារ​ក្នុង​មួយ​តោន ។ ការផលិត​ចំណី​គោ​នេះ​ក្នុង​មួយ​តោន​ចំណាយ​ប្រាក់​ទៅលើ វត្ថុធាតុដើម​ប្រមាណ ៦០ ទៅ ៨០ ដុល្លារ ចំណែកឯ​ការនាំចេញ​វិញ​ក្នុង​មួយ​តោន​តម្លៃ ១៦០ ទៅ ១៨០ ដុល្លារ​»​។

រោងចក្រ​ផលិត​ចំណី​គោ​ដំបូង​គេ​នៅ​កម្ពុជា​

​លោក ឈឹម ឆែម បច្ចុប្បន្ន​មាន​តួនាទី​ជាទី​ប្រឹក្សា​សម្តេច ហេង សំរិន និង ជា ប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​បេសកកម្ម​សុខុមាល​ភាព​សង្គម​កម្ពុជា ហើយ​អង្គការ​នេះ​មាន បេសកកម្ម​ចិញ្ចឹម​កុមារកំព្រា និង ថែទាំ​សុខភាព​កុមារ ។ នៅក្នុង​អង្គការ​មាន​កុមារ​ចំនួន ១២០ នាក់ ដែល​កំពុង​ត្រូវបាន​ចិញ្ចឹម​នៅក្នុង​អង្គការ ក្រោម​ការឧបត្ថម្ភ​ដោយ​សប្បុរសជន នៅ​ប្រទេស​កូរ៉េ ។

​នៅពេល​សួរថា ហេតុអ្វី​បានជា​លោក​មានគំនិត​បង្កើត​រោងចក្រ​នេះ លោក ឈឹម ឆែម បាន​មានប្រសាសន៍ថា ‘​នៅ​ថ្ងៃមួយ​ខ្ញុំ​បាន​ទៅ​ទស្សនកិច្ច​នៅក្នុង​កសិដ្ឋាន​មួយកន្លែង នៅ​ប្រទេស​កូរ៉េ ហើយ​ខ្ញុំ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយ​គិត​ឃើញថា នៅ​ប្រទេស​កម្ពុជា​ពិតជា​សម្បូរ​វត្ថុធាតុដើម​ទាំងនេះ​ណាស់ ។ បន្ទាប់ពី​មកដល់​កម្ពុជា​វិញ​ខ្ញុំ​ចាប់ផ្តើម​ពិនិត្យ​កន្លែង​សាងសង់​រោងចក្រ ហើយក៏​មានការ​ប្រឹក្សា​យោបល់​ពី​អ្នកបច្ចេកទេស​មកពី ប្រទេស​កូរ៉េ រួច​ក៏​សម្រេច​ដាក់​ទីតាំងនៅ​ទឹកដី​ខេត្តកំពង់ស្ពឺ​តែម្តង​»​។

​លោក​បន្តថា ប្រសិនបើ​រោងចក្រ​ដែល​ទើបតែ​បើក​នេះ​ដំណើរការបាន​រលូន​នោះ លោក​មាន​គម្រោង​ពង្រីក​សាខា​បន្ថែមទៀត​នៅ​ខេត្តកំពត​ម្តុំ​ស្រែអំបិល ពីព្រោះ​នៅ​ទីនោះ សម្បូរ​ទៅដោយ​វត្ថុធាតុដើម ហើយ​លោក​មាន​គោលបំណង​បើក​លក់​ចំណី​សត្វ​គោ​នេះ​នៅ លើ​ទីផ្សារ​កម្ពុជា និង បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​ផងដែរ ៕ សុ​ទ្ឋ គឹម​សឿន​