ព័ត៌មាន​ជាតិ &raquo ព័ត៌មាន​​សេដ្ឋកិច្ច

រាជធានី​ភ្នំពេញ ៖ ខណៈ​វិស័យ​សំណង់​បាន​និង​កំពុង​មាន​សន្ទុះ​កាន់តែ​ច្រើន​ឡើង ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​សំណង់ ក៏​បាន​និង​កំពុង​ពង្រីក​វិសាលភាព​របស់​ខ្លួន ដើម្បី​បំពេញ​នូវ​តម្រូវការ​ប្រើប្រាស់​លើ​ទីផ្សារ​ផង​ដែរ ។ ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​បរទេស​មួយ​ចំនួន​ក៏​បាន​សម្លឹង​ឃើញ​ឱកាស​មក​បណ្ដាក់ទុន​វិនិយោគ និង​ចាប់​ដៃគូ​ជាមួយ​វិនិយោគិន​ក្នុងស្រុក​ផង​ដែរ ។ ជាក់ស្ដែង​ក្រុមហ៊ុន​ផលិត​សម្ភារ​សំណង់​របស់​កម្ពុជា Phnom Penh Precast Plants និង​ក្រុមហ៊ុន​ចែកចាយ​សម្ភារ​សំណង់ VCON Group ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ បាន​សម្រេច​សហការ​គ្នា​ដើម្បី​ផ្គត់ផ្គង់​សម្ភារ​សំណង់​នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា និង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​៣ មីនា លោក​ឧកញ៉ា ជឹ​ង ធាន​សេង អគ្គនាយក​ក្រុមហ៊ុន Phnom Penh Precast Plants បានឱ្យ​ដឹងថា ៖ « កត្តា​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន Phnom Penh Precast Plants ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន VCON Group ដែល​ជា​ក្រុមហ៊ុន​ផ្គង់​ផ្គង់​សម្ភារ​សំណង់​ដ៏​ធំ​មួយ​របស់​ប្រទេស​ថៃ គឺ​ដោយសារ​តែ​មើលឃើញ​ថា ទីផ្សារ​សំណង់​កំពុង​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ហើយ​តម្រូវការ​ផ្គត់ផ្គង់​ទៅ​លើ​សម្ភារ​ដែល​មានគុណ​ភាព​ក្នុង​វិស័យ​នេះ គឺជា​រឿង​ចាំបាច់​ដែល​មិន​អាច​ខ្វះ​បាន ។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​ផ្គត់ផ្គង់​បង្គោល​ភ្លើង លូ និង​សសរ​គ្រឹះ​បេតុង​នាំមុខ​គេ​នៅ​កម្ពុជា យើង​នឹង​ពង្រឹង និង​ពង្រីក​ផលិតផល​របស់​យើង​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ព្រោះ​យើង​មាន​ដៃគូ​ផ្គត់ផ្គង់​មួយទៀត » ។

លោក​បន្ត​ថា ៖ « ក្នុង​ការ​ចាប់ដៃ​សហការ​ជាមួយ​ក្រុមហ៊ុន​ដែល​មានបទពិសោធន៍​ជាង​៣៥​ឆ្នាំ​នេះ គឺជា​ឱកាសល្អ​បំផុត​ដើម្បី​សិក្សា និង​ពង្រីក​សក្ដានុពល​របស់​យើង​ឱ្យ​កាន់តែ​សម្បូរ​បែប​ថែម​ទៀត​នៅ​ពេល​អនាគត ហើយ​តាម​រយៈ​ភាព​ជា​ដៃគូ​នេះ​ដែរ យើង​សង្ឃឹមថា នឹង​ផ្គត់ផ្គង់​សម្ភារ​ដែល​មានគុណ​ភាពល្អ​ជូន​អតិថិជន​របស់​យើង » ។
លោក​បញ្ជាក់​ថា ៖ « ជាមួយនឹង​ការ​សហការ​នេះ​ដែរ ក្រុមហ៊ុន Phnom Penh Precast Plants ក៏​នឹង​មាន​គម្រោង​ពង្រីក​រោងចក្រ​មួយទៀត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ទំហំ​ជាង​៤​ហិ​កតា ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​២​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត​ដើម្បី​ផលិត​សម្ភារ​សំណង់​ជូន​ដៃគូ​ចែកចាយ​ថ្មី » ។

ចំណែក​លោក រ​ង្ស៊ី ឆៃ​ចាន់​វង្ស អគ្គនាយក​ក្រុមហ៊ុន VCON Group ក៏​បានឱ្យ​ដឹង​ដែរ​ថា ៖ « មូលហេតុ​ដែល​ក្រុមហ៊ុន VCON Group ជ្រើសរើស​យក Phnom Penh Precast Plants ធ្វើ​ជា​ដៃគូ ដោយសារ​តែ​ក្រុមហ៊ុន​នេះ​ផ្ដល់​នូវ​សម្ភារ​សំណង់​ដូច​គ្នា​ជាមួយនឹង​ក្រុមហ៊ុន VCON Group កំពុង​ធ្វើ ។ តាម​រយៈ​បទ​ពិសោធន៍​ដែល VCON Group បាន​ធ្វើ​អាជីវកម្ម​នៅ​លើ​ទីផ្សារ ប្រទេស​ថៃ យើង​សង្ឃឹមថា នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន Phnom Penh Precast Plants ផ្ដល់​នូវ​សម្ភារ​ដែល​ល្អ​សម្រាប់​ក្រុមហ៊ុន​យើង​ចែកចាយ​បន្ត​ក្នុង​ទីផ្សារ ហើយនឹង​អាច​ធ្វើ​ឱ្យ​វិស័យ​សំណង់​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត​ផង​ដែរ » ។

គួរ​បញ្ជាក់​ថា រោងចក្រ Phnom Penh Precast Plants បាន​ចាប់ផ្ដើម​សាងសង់​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៣ នៅ​លើ​ផ្ទៃដី​ជិត​៣​ហិ​កតា នៅ​ជាយ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ ។ សព្វ​ថ្ងៃនេះ រោងចក្រ​បាន​ផ្ដល់​កម្លាំង​ពលកម្ម​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​៣០០​នាក់​បំពេញការងារ​នៅ​ក្នុង​រោងចក្រ ។ ក្រុម​ហ៊ុ​នេះ​ក៏​បាន​ផ្គត់ផ្គង់​លូ​ទៅ​ឱ្យ​ក្រុមហ៊ុន​សំណង់​ធំ​ៗ​មួយ​ចំនួន ដូច​ជា Hong Kong Land Tower និង​ស្ពាន​អាកាស​តិច​ណូ​ផង​ដែរ ៕