ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​ជិះ​​ម៉ូតូ​ជ្រុល​ទៅ​បុករថយន្តក្រុង​ដឹក​អ្នកដំណើរក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា កាលពី​វេលា​ម៉ោង៨​និង​៣០​នាទី​យប់ថ្ងៃ​ទី​៥ ​​មី​នា ​​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ៩៣និង​​លេខ​៩៤ ស្ថិត​​នៅ​ក្នុងភូមិទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។

​មន្ត្រីសមត្ថកិច្ច​នគរបាល​បានឱ្យ​​ដឹង​ថា ​បុរស​រង​គ្រោះ​​​​ឈ្មោះ វ៉ា​ន់ គឹ​ម​លី ហៅ​ញ៉ុ​ក អាយុ៣៦​ឆ្នាំ មាន​ទី​​លំនៅភូមិ​សាលា​ផ្លូវ​វាយ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ​ ។ ​មុន​ពេល​កើតហេតុ ​បុរស​​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាកស៊ុ​យហ្សុ​យ​គីស្មា​ស់រី​វ៉ូ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ តាម​បណ្តោយ​ផ្លូវជាតិក្នុង​ទិស​ដៅ​ពី​ត្បូងទៅ​​ជើង​ លុះ​​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​​រេ​​ចង្កូត​​​ទៅ​​​ខាង​ឆ្វេង​ដៃបុក​ជាមួយ​រថយន្តក្រុងដឹក​អ្នកដំណើរ​​ពេញទំហឹង អូស​ចម្ងាយ​ជាង៨​ម៉ែត្រ បណ្តាល​​ឱ្យ​​​ស្លាប់​នៅ​កន្លែង​កើតហេតុ​​​តែ​ម្តង​ ។​

ក្រោយ​ពេល​កើតហេតុ ​​ម៉ូតូនិង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បី​រង់ចាំ​ដោះ​ស្រាយ​តាម​នីតិ​វី ៕