ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្ទឹងត្រែង ៖ ក្រុម​រថយន្ត​ធុន​យក្ស​ដឹក​ដំឡូង​មី​ជិត​១០០​គ្រឿង​​បាន​ធ្វើការ​តវ៉ា​ជាមួយ​ក្រុម​មន្ត្រី​ជញ្ជីង​ប្រចាំការ​នៅ​ចំណុច​អូរ​ពងមាន់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧​អា ស្ថិត​ក្នុងភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ព្រលឹម​ស្រាង​ៗ​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៦ បណ្តាល​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ណែនណាន់តាន់តាប់​សូ​ម្បី​តែ​ម៉ូតូ​ក៏​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​បាន​ដែរ ។

ក្រុម​អ្នក​បើករថយន្ត​ធំ​ដឹក​ដំឡូង​មី​ឆ្ពោះទៅ​ទីផ្សារ​ប្រទេស​វៀតណាម​ទាំង​នោះ​បានឱ្យ​ដឹង​ថា ពួក​គេ​នឹង​ធ្វើការ​បិទ​ផ្លួ​វ​ចំណុច​ជញ្ជីង​នេះ​រហូត​ដល់​មានការ​សម្រប​ស​ម្រួ​ម​ពី​អាជ្ញាធរ​ខេត្ត ឬ​រាជរដ្ឋាភិបាល ដោយ​ពួក​គេ​ទទួលស្គាល់​ថា ពួក​គេ​ពិតជា​មានការ​ដឹក​លើស​ទម្ងន់​មែន តែ​គួរតែ​មានការ​សម្រួល​អោយ​រថយន្ត​ដឹក​ដំឡូង​របស់​គាត់​ទៅ​ដោយ​រលូន​ផង ព្រោះ​បើ​មិន​ដឹក​លើស​ទម្ងន់​ទេ​គឺ​មិន​ចំណេញ​ទេ ។

ក្រុម​អ្នក​បើករថយន្ត​បាន​និយាយ​ទៀត​ថា បើ​ការ​លើស​ទម្ងន់​មានការ​ផាកពិន័យ​ក្នុង​១​តោន​១០ម៉ឺន​រៀល បើ​លើស​២០​តោន ការ​ដឹក​ដំឡូង​យក​ទៅ​ប្រទេស​វៀតណាម​គឺ​ចូល​ខ្យល់​តែ​ម្តង ហើយ​ការ​ស៊ីឈ្នួល​ដឹក​ដំឡូង​នេះ​បាន​តែ​៦​ម៉ឺន​ទៅ​៨​ម៉ឺន​រៀល​ប៉ុណ្ណោះ ។

ក្រុម​អ្នក​រថយន្ត​ធុន​យក្ស​ដឹក​ដំឡូង​បាន​បន្ត​ឱ្យ​ដឹង​ថា ទីផ្សារ​សព្វថ្ងៃ​ដំឡូង​មី​១​គីឡូក្រាម​តែ​៤០០ទៅ៦០០​រៀល​ប៉ុណ្ណោះ ហើយ​ការ​ដឹក​លើស​នេះ​ព្រោះ​ពេល​ទៅ​ដល់​ព្រំដែន​វៀតណាម​ជួន​ការ​ឈ្មួញ​វៀតណា​ម​ទម្លាក់​ថ្លៃ​ទៀត ហើយ​កាត់​គីឡូ​ដំឡូង​ទៀត បើ​មន្ត្រី​ជញ្ជីង​ផាកពិន័យ​ទៀត តើ​មាន​ផល​ចំណេញ​មកពីណា?

ក្រុម​អ្នក​រកស៊ី​ដឹក​ជញ្ជូន​ដំឡូង​តាម​រថយន្ត​យក្ស​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត និង​រាជរដ្ឋាភិបាល​ជួល​រក​ដំណោះស្រាយ​ផង និង​ការ​សម្របសម្រួល​តាម​ផ្លូវ​ណាមួយ ដូច​ជាទីផ្សារ​មាន​តម្លៃទិញ-លក់​ដំឡូង​ក្នុង​តំលៃ​ថ្លៃ​ទើប​កសិករ​មាន​ទីផ្សារ​ត្រឹមត្រូវ ហើយ​ការ​ដឹក​ជញ្ជូន​ក៏​មិន​អោយ​លើស​ទំងន់​ដែរ ។

ដោយឡែក​ក្រុម​មន្ត្រី​ជញ្ជីង​ចំណុច​អូរ​ពងមាន់ ខេត្តស្ទឹងត្រែង «​កោះសន្តិភាព​»​មិន​ទាន់​អាច​សុំ​កា​របក​បាន​នៅ​ឡើយ​ទេ ព្រោះ​មិន​ទាន់​មាន​មន្ត្រី​អាជ្ញាធរ​ណា​ចេញ​មុខ​មក​សម្របសម្រួល​នៅឡើយ​ ដែល​​ការ​​កកស្ទះ​ចរាចរណ៍​ដោយសារ​ការ​បិទផ្លូវ​នេះ​នៅ​មិន​ទាន់​ដក​ចេញ​នៅ​ឡើយ​ទេ​នៅ​​ម៉ោង​៦​ព្រឹក​ថ្ងៃ​ដដែល​នេះ​ ៕