ប្រតិបត្តិករទេសចរណ៍កម្ពុជា ស្វែងយល់កញ្ចប់ទស្សនាចរណ៍របស់ម៉ាឡេស៊ី

ចូហ័រ, ម៉ាឡាកា, កូឡាំឡាំពួរ៖ ក្រុមប្រតិបត្តិករទេសចរណ៍កម្ពុជា ប្រមាណ២០រូបមកទីភ្នាក់ងារទេសចរណ៍ផ្សេងៗគ្នា បានធ្វើដំណើរទស្សនកិច្ចស្វែងយល់ផលិតផលទស្សនកិច្ចទេសចរណ៍របស់ម៉ាឡេស៊ី ក៏ដូចជាបានជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនឹងសមភាគី ក៏ដូចជាមន្រ្តីទេសចរណ៍ម៉ាឡេស៊ី ផងដែរ។

លោក អាង គឹមអៀង ប្រធានសមាគមទេសចរណ៍កម្ពុជា ហៅកាត់ថា CATA (Cambodia Association for Travel Agency) បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចស្វែងយល់ទេសចរណ៍(Fam trip) សម្រាប់ប្រតិបត្តិករកម្ពុជា ក្រោមការរៀបចំនិងផ្តួមផ្តើមដោយ CATA និង PATA Cambodia Chapter ដែលត្រូវបានធ្វើឡើងជាលើកដំបូង ដោយមានការឧបត្ថម្ភពីសណ្ឋាគារ Swiss Gardenដែលមាន១០ទីតាំងនិង៣.០០០ នៅទូទាំងប្រទេសម៉ាឡេស៊ី ក៏ដូចជាក្រសួងទេសចរណ៍ម៉ាឡេស៊ី។

លោកបានឲ្យដឹងថា ដំណើរទស្សនកិច្ចដែលមានរយៈពេល៥ថ្ងៃ៤យប់ ចាប់ផ្តើមពីថ្ងៃទី១ដល់៥ ខែមីនា ឆ្នាំ២០១៦ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ដល់ប្រតិបត្តិការកម្ពុជា និងម៉ាឡេស៊ី ដើម។

លោក វុន ឌី តំណាង PATA Cambodia Chapter ក៏បានថ្លែងផងដែរ ដំណើរទស្សនកិច្ច នេះ ជាការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមករវាងប្រតិបត្តិករទេសចរណ៍កម្ពុជា និងម៉ាឡេស៊ី ក្នុងការពង្រឹងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនថែមទៀត។

ប្រទេសម៉ាឡេស៊ី គឺជាទិសដៅទេសចរណ៍ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក្នុងចំណោមប្រទេសអាស៊ានដីកោះ (ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី សឹង្ហបុរី និងព្រុយណេ)។

លោកស្រី ហ៊ន លីណា នាយិកាគ្រប់គ្រងទីភ្នាក់ងារទេសចរណ៍K.U ក៏បានថ្លែងអំពីចំណាប់អារម្មណ៍របស់ខ្លួនផងដែរជុំវិញដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កានេះ ជាពិសេសបានជួបប្រាស្រ័យជាមួយដៃគូរ និងបានពិនិត្យដោយផ្ទាល់នូវសម្បទាទេសចរណ៍ ទាំងសណ្ឋាគារ ភោជនីយដ្ឋាន ទីកន្លែងកម្សាន្តទេសចរណ៍ ប្រកបដោយភាពទាក់ទាញ។

-ទស្សនកិច្ចនៅតំបន់ទេសចរណ៍នៃរដ្ឋ ចូហ័រ ម៉ាឡាកា និង កូឡាឡាំពួរ

ដំណើរស្វែងយល់់ផលិតផលទេសចរណ៍ម៉ាឡេស៊ីនេះ ត្រូវបានរៀបចំនិងធ្វើពិធីបដិសណ្ឋារកិច្ចនៅរដ្ឋចូហ័រ ម៉ាឡាកា និងរដ្ឋធានីកូឡាំឡាំពួរ ដែលជាទិសដៅទេសចរណ៍ថ្មី សម្រាប់ភ្ញៀវទេសចរកម្ពុជា។ នៅតំបន់ទាំងនោះ មានតម្លៃសមរម្យ ព្រមទាំងសណ្ឋាគារលំដាប់ខ្ពស់ និងបន្ទប់ធំទូលាយ ព្រមទាំងមានកន្លៃកម្សាន្តច្រើន ទាំងបែបវប្បធម៌ និងកែច្នៃទំនើប។

-ប្រតិបត្តិករទេសចរណ៍ អំពាវនាវឲ្យពលរដ្ឋកម្ពុជា ដែលមានលទ្ធភាព គួរធ្វើដំណើរស្វែងយល់នៅក្រៅប្រទេស ឲ្យបានកាន់តែច្រើន

ដោយមើលឃើញពីវិជ្ជមាននៃដំណើរកម្សាន្តក្រៅប្រទេស ប្រតិបត្តិករទេសចរណ៍កម្ពុជា បានថ្លែងការលើកទឹកចិត្ត និងអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា គ្រប់រូបដែលមានលទ្ធភាព គួរតែចំណាយពេលវេលារបស់ខ្លួន ដើម្បីទស្សនាកម្សាន្ត តាមរយៈដំណើរកញ្ចប់ទស្សនកិច្ច (Package tour) ឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីឆ្លើយតបទៅនឹងការធ្វើសមាហរណកម្មអាស៊ានឆ្នាំ២០១៥។

លោក អាង គឹមអៀង បានថ្លែងថា “ការធ្វើសមាហរណកម្មអាស៊ាន បានមកដល់ហើយនៅឆ្នាំនេះ ហើយការជាឆ្នាំទី១ផងដែរ សម្រាប់ឆ្នាំ២០១៦នេះ ដូចនេះ ពលរដ្ឋខ្មែរយើងដែលមានលទ្ធភាពគួរតែមកស្វែងយល់ ពីរបៀបរស់នៅ ក៏ដូចជាវប្បធម៌ សុជីវធម៌...ការគោរពច្បាប់ចរាចរណ៍ផងដែរ”។ “ការយល់ឃើញថា ដំណើរកម្សាន្តនៅក្រៅ ជាការខាតបង់ថវិការឺចំណូលជាតិនោះ គឺមិនមែនជារឿងមួយដែលជាឧបសគ្គនោះទេ ប៉ុន្តែការធ្វើដំណើរក្រៅប្រទេស ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមកាន់តែច្រើនក្នុងជំរុញការអភិវឌ្ឍប្រទេសជាតិវិញក៏ថាបានដែរ”។

ព្រមគ្នានេះ លោកស្រី ហ៊ន លីណា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានលទ្ធភាពអាចចំណាយបានសម្រាប់ការធ្វើដំណើរទស្សនាចរណ៍ជាកញ្ចប់ គួរតែលៃលកមកដើរកម្សាន្ត ដើម្បីស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រទេស ដែលមានការរីកចម្រើនមុនកម្ពុជា។

-កុំរើស ដំណើរទស្សនាចរណ៍ តម្លៃថោកពេក

សម្រាប់លោក អាង គឹមអៀង បើផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋកម្ពុជា ដែលចង់ធ្វើដំណើរ គួរកុំជ្រើសរើសកញ្ចប់ទស្សនាចរណ៍ដែលមានតម្លៃថោកពេក រឺកុំចង់បានឲ្យវាមានតម្លៃថោកពេក ពីព្រោះប្រតិបត្តិករទេសចរណ៍ ទទួលបានប្រាក់ចំណេញតិចពេក ហើយថែមទាំងសេវាកម្ម រឺការស្នាក់នៅ អាហារហូបចុក មិនសូវបានល្អ រឺមិនសូវគុណភាព នាំឲ្យការដើរកម្សាន្តនោះ ក៏មិនសូវសប្បាយនោះទេ។ “យ៉ាងហោចណាស់ ក៏យកតម្លៃកណ្តាលដែរ កុំទាបពេក”។

លោកបន្តថា “ការកក់កញ្ចប់ទស្សនកិច្ច គួរតែរៀបចំឲ្យបានយូរ និងមានលក្ខណៈត្រៀមទុកជាមុន ដើម្បីឲ្យប្រតិបត្តិករទេសចរណ៍ មានពេលរៀបចំឲ្យបានល្អ ជាការធ្វើដំណើរដោយប្រញាប់ប្រញាល់”។

-ម៉ាឡេស៊ី បើកទ្វារចំហរង់ចាំទទួលបដិសណ្ឋារកិច្ច ភ្ញៀវទេសចរកម្ពុជា

អគ្គនាយកទេសចរណ៍នៃក្រសួងទេសចរណ៍ម៉ាឡេស៊ីDatuk Mirza Mohammad Taiyab បានថ្លែងថា ប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមបង្កើតនិងពង្រីកដំណើរទស្សនកិច្ចចូលស្រុក (Inbound) សម្រាប់ប្រទេសម៉ាឡេស៊ី រឺនិយាយមួយបែប គឺចង់ប្រមូលរូបិយប័ណ្ណខ្លះ ចូលប្រទេសខ្លួនឲ្យបានកាន់តែច្រើនថែមទៀត។

បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ប្រទេសកម្ពុជា គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់ទាក់ទាញបន្ទាប់ពីប្រទេសចិន ដែលកំណើនភ្ញៀវទេសចរកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់៕