អាជ្ញាធរ​ស្រុក​ព្រះស្តេច លែង​សត្វពស់ និង​សត្វលលក​ចូល​ព្រៃ​ធម្មជាតិ ​បន្ទាប់ អ.ហ ចាប់បាន

ព្រៃវែង៖  នៅចុងសប្តាហ៍កន្លងមកនេះ អាជ្ញាធរស្រុកព្រះស្តេច ខេត្តព្រៃវង បានលែងសត្វពស់ ៧ គីឡូក្រាម ជាង១០ក្បាល និងសត្វលលក ប្រមាណ៣០ក្បាល ចូលព្រៃធម្មជាតិវិញ នៅព្រៃខាងក្រោយ សាលាស្រុកព្រះស្តេចបន្ទាប់ពី សមត្ថកិច្ច កងរាជអាវុធហត្ថចាប់បាន។

លោក ប៉ិច សុង អភិបាលស្រុកបានឲ្យដឹងថា សត្វពស់ និងសត្វលលក ដែលយកមកលែងនេះ គឺបានមកពីមន្ត្រីកងរាជអាវុធហត្ថស្រុក ចាប់បានកាលពី ថ្ងៃទី៥ខែមិនាឆ្នាំ២០១៦ នៅព្រំប្រទល់ ស្រុកព្រះស្តេច និង ស្រុកកំពង់ត្របែក ដែលឈ្មួញកំពុងដឹកចេញទៅលក់ទៅប្រទេសវៀតណាម។

លោកអភិបាលបន្តថា ការយកសត្វទាំងនេះមកលែង នៅខាងក្រោយសាលាស្រុកមកពីទីនេះជាព្រៃ ហើយបានដាំដើមឈើតូច ធំ ដូចជាក្រញូង បេង គគីជាដើម ហើយស្រួលការពារ តែបើពស់ពឹស ក៏មិនហ៊ានលែងដែរ ខ្លាចប៉ះពាល់ពលរដ្ឋ ។

មន្ត្រីកងរាជអាវុធហត្ថលួចបង្ហើបប្រាប់ថា  សត្វពស់ និងសត្វលលក នេះឈ្មួញបម្រុងដឹកនាំចេញ ទៅលក់នៅប្រទេសវៀតណាម តាមច្រកពាមន្ទា ហើយកន្លងមក មានការ ដឹកជញ្ជួនរបៀបនេះ ច្រើនដងមកហើយ ក៏ប៉ុន្តែតាមចាប់មិនបាន តែលើកនេះចាប់បាន ដោយសារមានគេប្រាប់ភិនភាគម៉ូតូ ពេលចុះទៅចាប់បាន សមត្ថកិច្ចចាប់យកតែសត្វ សម្រាប់មកលែងតែប៉ុណ្ណោះ ឯមនុស្សគ្រាន់តែ អប់រំណែនាំ ដើម្បីឲ្យឈប់ប្រកបរបរ នេះតទៅទៀត៕