ឯកឧត្តម កឹម សុខា៖គេធ្វើឲ្យ CNRP ទ័លច្រក ប៉ុន្តែបក្សដើរ ទៅមុខជានិច្ច

ភ្នំពេញ៖ ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ (CNRP) ឯកឧត្តម កឹម សុខា បានថ្លែងនៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ថា មានគេមានបំណងបិទផ្លូវ និងធ្វើឲ្យគណបក្សសង្រ្គោះជាតិទ័លច្រក មិនអាចដើរទៅមុខបាន ប៉ុន្តែគណបក្សបានជំនៈរាល់បញ្ហាទាំងអស់ ហើយធ្វើដំណើរទៅយ៉ាងរលូន។

ឯកឧត្តម កឹម សុខា បានថ្លែងក្នុង “វេទិកាសកម្មជនមូលដ្ឋាន” ដើម្បីជួបជាមួយ ថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន ចលនាយុវជន ចលនាស្រ្ដី និងចលនាខ្មែរ-ឥស្លាម នៅភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ថា “គេអាចធ្វើឲ្យយើងទ័លច្រក ប៉ុន្តែគណបក្សសង្រ្គោះជាតិ មិនទ័លច្រកជាដាច់ខាត យើងមានច្រកដែលអាចដើរបាន ទៅដល់គោលដៅដែលយើងចង់បាន។ គោលដៅរបស់យើងធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ដើម្បីនាំមកនូវការផ្លាស់ប្តូរ”។

ឯកឧត្តមបន្តថា គណបក្សសង្រ្គោះជាតិ បានធ្វើការទាមទារ ជាច្រើនដែលនាំឲ្យ មានការផ្លាស់ប្តូរ ជាក់ស្តែង បានធ្វើការកំណែទម្រង់ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតជាដើម។

ប្រធានស្តីទីបន្ថែមថា “យើងអត់ទ័លច្រកទេ យើងមិនចាំបាច់យកក្បាលទៅបោកនឹងជញ្ជាំងទេ យើងត្រូវរកច្រកដើរ។គេថា យើងខ្ទិចខ្ទីអស់ហើយ ប៉ុន្តែយើងមានខ្ទិចខ្ទីឯណា យើងមានអ្នកគាំទ្រច្រើនជាងឆ្នាំ ២០១៣ទៀត។ បើយើងដើរខុសផ្លូវ យើងធ្លាក់រណ្តៅ និងធ្លាក់នរកបាត់ហើយ”៕

ឯកឧត្តម កឹម សុខា៖គេធ្វើឲ្យ CNRP ទ័លច្រក ប៉ុន្តែបក្សដើរ ទៅមុខជានិច្ច