រាជរដ្ឋាភិបាល​កម្ពុជា​ គ្រោងរៀបចំ​តូប​ឲ្យ​អាជីវករ​ លក់​ក្នុងទឹកដី​ខ្មែរ​ (មានវិដេអូ)

ភ្នំពេញ៖ លោក ជុំ សន្ទរី មន្រ្តីនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា នៅព្រឹកថ្ងៃទី ៦ ខែ មីនា ឆ្នាំ ២០១៦នេះ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំ គម្រោងធ្វើយ៉ាងណា ឲ្យអាជីវករខ្មែរ មានតូបសម្រាប់លក់ដូរ ក្នុងទឹកដីខ្លួន ជៀសវាងការចូលទៅលក់ ក្នុងទឹកដីថៃដែលនាំឲ្យ មានបញ្ហា។

ការថ្លែងអះអាងរបស់អ្នកនាំពាក្យការបរទេសខ្មែរ បែបនេះ បានធ្វើខណៈអាជ្ញាធរថៃ បាននឹងកំពុងប្រើវិធានការក្តៅ លើកគ្នាជាច្រើនអមដោយ ទាហាន និងតម្រួត ចុះកាត់សោរឃ្លាំង ស្តុកទំនិញរបស់អាជីវករខ្មែរ ដើម្បីរឹបអូសយកទំនិញ ទាំងឡាយណាដែលជាន់ស្លាកយីហោ ដោយចោទថា ទំនិញទាំងនោះគឺ ប្រភេទទំនិញដែលរំលោកកម្មសិទ្ធិបញ្ញា។

លោក ជុំ សន្ទរី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី៦ មីនានេះថា “ជំហានបន្តទៀត គឺយើងនឹងគិត (ធ្វើយ៉ាងណាឲ្យអាជីវករខ្មែរមានតូបសម្រាប់លក់ក្នុងទឹកដីខ្លួន) ធ្វើយ៉ាងម៉េច ដើម្បីដោះស្រាយបញ្ហា ការធ្វើអាជីវកម្មរបស់អាជីវករខ្មែរ ហើយវាជាក់ស្ដែងយើងមិនអាចដោះស្រាយឲ្យអាជីវករខ្មែរយើង បន្តលក់ទំនិញពាក់ព័ន្ធកម្មសិទ្ធបញ្ញាក្នុងទឹកដីថៃទេ"។

លោក ង៉ោ ម៉េងជ្រួញ អភិបាលក្រុងប៉ោយប៉ែត បានថ្លែងថា ពេលនេះអាជីវករខ្មែរបានត្រឡប់ចូលលក់នៅទីតាំងចាស់ជាបណ្ដោះអាសន្ន  ហើយបន្ទាប់ពីចរចារ សម្រួលជាមួយអាជ្ញាធរថៃរួចមក ក្រុមអាជីករសម្រេចចិត្តនឹងមិនធ្វើបាតុកម្មបិទច្រកព្រំដែននោះទេ។ លោកបានបន្តថា "ភាគីថៃយល់ព្រមឲ្យអាជីវករខ្មែរ លក់ទំនិញនៅក្នុងផ្សារ ជាបណ្ដោះអាសន្ន ហើយជាធម្មតា ដើម្បីយើងរកវិធីចចារគ្នាបន្តទៀត"។

ចំណែក លោក ម៉េង ហុយ អ្នកតាមដានព្រឹត្តការណ៍ នៅកន្លែងកើតហេតុផ្ទាល់ ដែលមានភរិយាជាអាជីវករលក់ដូរក្នុងតំបន់ផ្សារបានថ្លែងថា ក្រុមអាជីវករបានស្នើឲ្យរាជរដ្ឋាភិបាល កម្ពុជារកដំណោះស្រាយធ្វើយ៉ាងណា ដើម្បីឲ្យមានទីកន្លែងសម្រាប់ លក់សមស្របមួយក្នុងទឹកដីខ្មែរ ដើម្បីជៀសវាងទទួល រងការបំភិតបំភ័យពីអាជ្ញាធរថៃ។

លោកបានបន្ថែមថា " ចង់ឲ្យរាជរដ្ឋាភិបាលយើងជួយរកដំណោះស្រាយ ចង់ឲ្យគាត់រកកន្លែងលក់ដូរសមស្របណាមួយ ដែលមិនមានការភិតភ័យ ព្រោះថា លក់ក្នុងទឹកដីគេ ពិបាកណាស់មិនចង់មកលក់ប៉ុន្មានទេ ពួកគាត់មានការឈឺចាប់ណាស់ ដោយមានការគាបសង្កត់គ្រប់រូបភាពពីអាជ្ញាធរថៃ"។
គួរបញ្ជាក់ផងដែរថា ដោយអនុវត្តតាមការណែនាំរបស់ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី ការបរទេស ឯកអគ្គរាទូតកម្ពុជា នៅបាងកក និងអគ្គកុងស៊ុល កម្ពុជាប្រចាំនៅខេត្តសាកែវ និងអាជ្ញាធរពាក់ព័ន្ធរបស់កម្ពុជា បានឈ្មុះឈ្មុលទំនាក់ទំនង ជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់ថ្នាក់របស់ថៃ ក្នុងការស្វែងរកដំណោះស្រាយ ជួយដល់អាជីវករខ្មែរនៅផ្សារ៉ុងក្លឿ។

ដើម្បីសំរួលដល់ការអនុវត្តដំណោះស្រាយខាងលើនេះ អាជ្ញាធរកម្ពុជា និងអគ្គកុងស៊ុល កម្ពុជា នឹងជួបណែនំាឲ្យអាជីវករខ្មែរ បញ្ឈប់ការលក់ដូរទំនិញកម្មសិទ្ធិបញ្ញា ដែលជាការកំណត់ មិនមែនតែនៅប្រទេសថៃប៉ុណ្ណោះទេ តែនៅគ្រប់ប្រទេសទាំងអស់ ដែលប្រជាជនគ្រប់រូប មានកាតព្វកិច្ចត្រូវតែគោរពតាម ៕

រាជរដ្ឋាភិបាល​កម្ពុជា​ គ្រោងរៀបចំ​តូប​ឲ្យ​អាជីវករ​ លក់​ក្នុងទឹកដី​ខ្មែរ​ (មានវិដេអូ)