ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ លំនៅ​ដ្ឋា​ន​នៅ​ក្នុង​តំបន់​មិន​រៀបរយ​ចំនួន​៤​ខ្នង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​នៅ​ចំណុច​ម្តុំ​មាត់ទន្លេ ស្ថិត​ក្នុងភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អគ្គី​ភ័យ​នេះ​ផ្តើម​ចេញពីផ្ទះ​របស់​ជនជាតិ​វៀតណាម​ម្នាក់​ដែល​គេ​ហៅ​ថា​ឈ្មោះ​ ឃាង អាយុ​២៨​ឆ្នាំ មុខរបរ​លក់​ប្រហិត ដែល​ចាក់សោរ​ចោល ប៉ុន្តែ​ចាត់​ទុក​ថា​សំណាងល្អ​ដែរ ដែល​ប្រជាជន​ភាគច្រើន​ដែល​ជា​និគមជន​ជាតិ​វៀតណាម​នៅ​ទីនោះ​បាន​ប្រើប្រាស់​បំពង់​ពន្លត់អគ្គីភ័យ​អស់​ប្រហែល​២១​បំពង់ និង​ដងទឹក​ទន្លេ​ជះ​ពន្លត់​ទាន់​មិន​មិន​ឲ្យ​ឆេះ​រាលដាល​អស់​ច្រើន ។

ខណៈ​ពេល​អគ្គី​ភ័យ​នោះ​គេ​ឃើញ​លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ។

នៅ​ក្នុង​ហេតុការណ៍​នេះ រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៤​គ្រឿង​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ជួយ​បាញ់​ទឹក​ពន្លត់​ដែរ តែ​មិន​អាច​ចូល​ទៅ​បាញ់​បាន​ដោយសារ​តំបន់​នោះ​ជា​តំបន់​មិន​រៀបរយ ផ្លូវ​តូច​ចង្អៀត​ពេក ។

សមត្ថកិច្ច​បញ្ជាក់​ជា​ជំហាន​ដំបូង​ថា អគ្គី​ភ័យ​នេះ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី​ចេញពីផ្ទះ​ឈ្មោះ ឃាង ដែល​ចាក់សោរ​ចោល​(​ម្ចាស់​មិន​នៅផ្ទះ​) ធ្វើ​ឆេះ​ផ្ទះ​អស់​ចំនួន​៤​ខ្នង គឺ​១​ខ្នង​ឆេះ​អស់ទាំង​ស្រុង​គឺ​ផ្ទះ​របស់​ឈ្មោះ ឃាង ឯ​២​ខ្នង​ទៀត​ឆេះ​អស់​ជាង​ពាក់កណ្ដាល និង​១​ខ្នង​ទៀត​គ្រាន់តែ​រោល​ៗ​ប៉ុណ្ណោះ ៕