កុមារី​អាយុ​១១​ឆ្នាំ​ម្នាក់​ជា​សិស្សសាលា ត្រូវ​ជន​ល្មោភកាម​រំលោភ​ហើយ​សម្លាប់​យ៉ាង​អាណោចអាធ័ម

​ខេត្តសៀមរាប​៖ បន្ទាប់ពី​ឃាតកម្ម​ដ៏​សាហាវ សម្លាប់​កាត់​ក្បាល​ស្ដ្រី​វ័យក្មេង នៅក្នុង​បន្ទប់​ផ្ទះសំណាក់​ប្រាសាទកែវ នា​កណ្ដាល​ក្រុង​សៀមរាប នា​រាត្រី​ថ្ងៃទី​១៣ កុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅ​មិនទាន់​រសាត់​បាត់​ពី​អារម្មណ៍​អ្នក​ខេត្តសៀមរាប​ផង ឥឡូវនេះ​មាន​ឃាតកម្ម​សាហាវ​មួយ​ទៀតហើយ​កើតឡើង ដោយ​ក្មេងស្រី​អាយុ​១១​ឆ្នាំ​ម្នាក់ ត្រូវបាន​យុវជន​ល្មោភកាម​ម្នាក់ រំលោភ​រួច​សម្លាប់​យ៉ាង​ឃោរឃៅ​បំផុត​ដែរនោះ​។ ករណីនេះ​កើតឡើង នៅ​រសៀល​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦​ម្សិលមិញ​នៅ​ខេត្តសៀមរាប​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនសង្ស័យ​ក្នុងករណី​រំលោភ​សម្លាប់​ក្មេងស្រី​នេះ ត្រូវបាន​ចាប់ខ្លួន​មានឈ្មោះ សរ កុសល់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​សិស្សសាលា បច្ចុប្បន្ន​រស់នៅ​ភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ខណៈ​កុមារី​រងគ្រោះ មានឈ្មោះ ជន សុធី​ណា អាយុ​១១​ឆ្នាំ ជា​សិស្សសាលា ដែលមាន​ស្រុកកំណើត នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក​។

​លោក វរសេនីយ៍ត្រី អ៊ូ សុផល នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​បញ្ជាក់ថា ឃាតកម្ម​នេះ​កើតហេតុ​នៅ​ម៉ោង​ប្រមាណ​ជា ១៥ និង​០០​នាទី រសៀល​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៦ នៅពេលដែល​កុម​រា​រី​រូបនេះ បាន​ចេញពី​សាលារៀន នៅ​ម៉ោង​ប្រមាណ​ជា ១៤ និង​០០​នាទី នា​រសៀល​នេះ​។ បន្ទាប់ពី​ការស្រាវជ្រាវ សមត្ថកិច្ច​បាន​ឈានទៅដល់​ការឃាត់ខ្លួន ជនសង្ស័យ​បាន​នៅ​ម៉ោង ១៧ និង​៣០​នាទី នា​ថ្ងៃ​ដដែល​។ សមត្ថកិច្ច​នឹង​បន្ត​សាកសួរ​ជនសង្ស័យ​បន្ថែមទៀត នៅ​ព្រឹក​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៦​នេះ​៕

KA-06-02-2016-13 KA-06-02-2016-14