Selina ក្រុម S.H.E ប្រកាស​ដំណឹង​លែងលះ​តាម Facebook តែ​ស្វាមី​សប្បាយ​ចិត្ត

សមាជិក​ក្រុម​ចម្រៀង​នារី​តៃវ៉ាន់ S.H.E នាង Selina Jen បាន​ប្រកាស​ពី​ដំណឹង​លែងលះ​ពី​ស្វាមី​​របស់​ខ្លួន ជា​មេធាវី​វ័យ ៤៣ឆ្នាំ Richard Chang តាម​រយៈ​បណ្ដាញ​សង្គម Facebook កាល​ពី​ថ្ងៃ​សុក្រ ទី​៤​ ខែ​មីនា កន្លង​ទៅ។

 

Selina ក្រុម S.H.E ប្រកាស​ដំណឹង​លែងលះ​តាម Facebook តែ​ស្វាមី​សប្បាយ​ចិត្ត

រូបថត Selina បង្ហោះ​ជាមួយ​ស្វាមី ភ្ជាប់​នឹង​សារ​លែងលះ

Selina បាន​បង្ហោះ​រូបថត​ភ្ជាប់​ជាមួយ​សារ​បង្ហាញ​ពី​ការ​លែងលះ ដែល​មក​ទល់​ពេល​នេះ​មាន​អ្នក​ចែកចាយ​បន្ត​ជិត ៧ម៉ឺន​ដង។ Jen បាន​សរសេរ​ជា​ភាសា​ចិន​ថា ចំណង​អាពាហ៍ពិពាហ៍​ទាមទារ​ឲ្យ​មាន​ការ​ប្រឹងប្រែង​​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ ហើយ​បាន​ទទួល​ស្គាល់​ថា​ជីវិត​ប្ដី​ប្រពន្ធ​របស់​នាង ដែល​បាន​រៀបអាពាហ៍ពិពាហ៍​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១១​នេះ គឺ​មិន​មាន​ក្ដី​ស្រលាញ់​និង​តស៊ូ​គ្រប់គ្រាន់​ឡើយ។​

 

តារា​ចម្រៀង​រូប​នេះ​បាន​និយាយ​ថា​នាង​មិន​បាន​បំពេញ​តួនាទី​ជា​ភរិយា​បាន​ល្អ​ឡើយ ដោយ​សារ​តែ​នៅ​តែ​មមាញឹក​លើ​ការងារ​ក្រោយ​ពី​រៀបការ។ “បញ្ហា​ដែល​កើត​ឡើង​ នៅ​តែ​កើត​ឡើង​មិន​ចេះ​ចប់។ គ្មាន​វិធី​មួយ​ណា​ដែល​អាច​ផ្លាស់​ប្ដូរ​ពួក​យើង​ទាំង​ពីរ​បាន​ឡើយ។ ដូច្នេះ​ការ​លែងលះ​គឺ​ជា​រឿង​ដែល​ត្រូវ​ធ្វើ”។ Selina សរសេរ។​

 

Selina ក្រុម S.H.E ប្រកាស​ដំណឹង​លែងលះ​តាម Facebook តែ​ស្វាមី​សប្បាយ​ចិត្ត

 

ដោយ​ឡែក​លោក Chang ដែល​ជា​ស្វាមី​បាន​សរសេរ​លើ​បណ្ដាញ Facebook របស់​ខ្លួន​ថា៖ “រីករាយ​ដែល​យើង​ក្លាយ​ជា​បង​ប្អូន​នឹង​គ្នា​វិញ។ ក្រោយ​ការ​លែងលះ ខ្ញុំ​​បាត់បង់​ប្រពន្ធ​ ប៉ុន្តែ​គាត់​បាន​ក្លាយ​ជា​ប្អូន​ស្រី​ម្នាក់ ដែល​ជិត​ស្និទ្ធ​ជាង​ប្អូន​ស្រី​បង្កើត​របស់​ខ្ញុំ​ទៅ​ទៀត។ សូម​កុំ​សោកស្ដាយ​ចំពោះ​ការ​លែងលះ​របស់​ពួក​យើង​អី។ ពួក​យើង​សប្បាយ​ចិត្ត​ជាង នៅ​ពេល​ក្លាយ​ជា​បង​ប្អូន​នឹង​គ្នា​បែប​នេះ”។

 

ដំណឹង​លែងលះ​នេះ​បាន​ក្លាយ​ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​សម្រាប់​មហាជន ដោយ​សារ Mr Chang តែងតែ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​​វីរបុរស​សេះស​របស់ Selina បន្ទាប់​ពី​លោក​បាន​​រួម​សុខ​រួម​ទុក្ខ​ជាមួយ​នាង​ អំឡុង​ពេល​នាង​ជួប​ឧបទ្ទវហេតុ​អគ្គិភ័យ​ឆេះ​ខ្លួន ស្ទើរ​តែ​ស្លាប់​កាល​ពី​ឆ្នាំ​២០១០។ លោក Chang ថែម​ទាំង​បាន​សរសេរ​សៀវភៅ​ឯកសារ​មួយ​ក្បាល​ទៀត​ផង ដើម្បី​រៀបរាប់​ពី​ដំណើរ​ព្យាបាល​របួស​​ដ៏​យូរ​របស់​ប្រពន្ធ​ខ្លួន។

 

ក៏​ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​​ពី​ការ​បែកបាក់​របស់​អ្នក​ទាំង​ពីរ​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​មុន បន្ទាប់​ពី​គេ​ឃើញ​អតីត​ស្វាមី​រូប​នេះ​​កៀកកើយ​ស្រី​ក្មេង​ម្នាក់​នៅ​ KTV ៕

 

Selina ក្រុម S.H.E ប្រកាស​ដំណឹង​លែងលះ​តាម Facebook តែ​ស្វាមី​សប្បាយ​ចិត្ត

សមាជិក S.H.E អបអរ​មង្គលការ​របស់ Selina

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ straitstimes