មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​ថា​សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​ឈ្មួញ​ជនជាតិ​វៀតណាម​ជួញ​ដូរ​ឈើ

មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ អះអាង​ថា ឈ្មួញ​ជនជាតិ​វៀតណាម ដែល​ល្បី​ខាង​ជួញ​ដូរ​ឈើ​ប្រណិត​ជាច្រើន​ឆ្នាំ​កន្លង​មក​ឈ្មោះ ហេង សំនៀង ហៅ​យាយ ព្រឿង កំពុង​មាន​វត្តមាន​នៅ​ខេត្ត​ស្ទឹងត្រែង ខណៈ​មន្ត្រី​ជំនាញ​នៃ​អនុ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បាន​រក​ឃើញ​ឈើ​ខុស​ច្បាប់​របស់​ឈ្មួញ​រូប​នោះ។

មន្ត្រី​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​ទី​៥ មីនា អំពាវនាវ​ឲ្យ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ អនុវត្ត​ច្បាប់​ឲ្យ​ខ្លាំងក្លា និង​មាន​ប្រសិទ្ធភាព ដោយ​នាំ​ខ្លួន​មេខ្លោង និង​អ្នក​សម​គំនិត កាត់​ទោស​តាម​ច្បាប់។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ឈ្មួញ​ជនជាតិ​វៀតណាម ជា​ឈ្មួញ​ដុះ​ស្លែ​ក្នុង​ខេត្ត​ស្ទឹងត្រែង ឈ្មោះ យាយ ព្រឿង មិន​ទាន់​ត្រូវ​បាន​តំណាង​អយ្យការ អនុវត្ត​ច្បាប់ និង​ផាក​ពិន័យ​នៅ​ឡើយ ខណៈ​មន្ត្រី​ជំនាញ​រក​ឃើញ​ឈើ​ខុស​ច្បាប់​របស់​ឈ្មួញ​រូប​នោះ​ជាច្រើន​ម៉ែត្រ​គូប។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល មាន​ប្រសាសន៍​ថា ការ​អនុវត្ត​ច្បាប់​របស់​អនុ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ខេត្ត​ស្ទឹងត្រែង ហាក់​លាក់​បាំង​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ពី​ភាព​មិន​ប្រក្រតី​របស់​ឈ្មួញ​ជនជាតិ​វៀតណាម រូប​នោះ ដែល​ជា​ដើម​ចម​អាច​ឲ្យ​ឈ្មួញ​រួច​ផុត​ពី​បណ្ដឹង​អាជ្ញា ឬ​លើក​លែង​បទ​ចោទ។ លោក​ថា លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេងៗ​ស្ដីពី​លក្ខន្តិកៈ ទាក់ទង​ការ​បើក​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម និង​ការ​ប្រមូល​ទិញ​ឈើ​របស់​ឈ្មួញ​រូប​នោះ ក៏​ហាក់​អាថ៌កំបាំង​ដែរ៖ «ក្នុង​លក្ខខណ្ឌ​ណា​មួយ​ដែល​ត្រូវ​ផ្ដន្ទាទោស លោក​ព្រះរាជអាជ្ញា​ត្រូវ​ចាត់​ចែង​តាម​ផ្លូវ​ច្បាប់។ បើក​ការ​ស៊ើប​អង្កេត​ឲ្យ​ច្បាស់លាស់ ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​ឧក្រិដ្ឋជន​ហ្នឹង ចឹង​មិន​អាច​បណ្ដែត​បណ្តោយ​បាន​នោះ​ទេ»

កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ ប្រធាន​ក្រុម​ការងារ​របស់​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ដឹក​នាំ​ដោយ លោក ហ៊ុន សុគន្ធថាវី បាន​ប្រាប់​អ្នក​កាសែត​ក្នុង​ស្រុក​ថា ក្រុម​ការងារ​លោក​បាន​ផ្ទៀងផ្ទាត់​ឈើ​របស់​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ​យាយ ព្រឿង ឃើញ​ឈើ​ល្មើស​ច្បាប់​ជាង ៣០​ម៉ែត្រ​គូប​ស្មើ ៤០២​ដុំ ជា​ប្រភេទ​ឈើ​ធ្នង់។

ទាក់ទិន​ករណី​នេះ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី មាន​ប្រសាសន៍​ថា ដំណើរ​ការ​នៃ​ការ​ស៊ើប​អង្កេត និង​ផ្ទៀងផ្ទាត់​ឈើ​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់ គឺ​ជា​តួនាទី​របស់​អនុ​គណៈកម្មការ​ថ្នាក់​ខេត្ត ដែល​កំពុង​អង្កេត​នៅ​ឡើយ។ លោក​ថា គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ពុំ​ទាន់​ចេញ​របាយការណ៍​ស្ដីពី​លទ្ធផល និង​ការ​កំណត់​មុខ​សញ្ញា​អ្នក​ពាក់ព័ន្ធ​នោះ​ទេ គឺ​កំពុង​ឋិត​ក្នុង​ការ​ស្រាវជ្រាវ។ លោក​បញ្ជាក់​ថា ករណី​អនុ​គណៈកម្មការ​ថ្នាក់​ខេត្ត​មិន​អនុវត្ត​ច្បាប់ គណៈកម្មការ​ថ្នាក់​ជាតិ នឹង​បញ្ជូន​សំណុំ​រឿង​ទៅ​តំណាង​អយ្យការ​ដោយ​ផ្ទាល់៖ «ធ្វើ​ហើយ​ដល់​ដំណាក់​ការ​ណា? ថា​តើ​គណៈកម្មការ​ជាតិ​មើល​ឃើញ​ថា តើ​សំណុំ​រឿង និង​ឯកសារ​ដែល​ពាក់ព័ន្ធ តើ​ឯកសារ​ហ្នឹង​របៀប​ម៉េច​ខ្លះ? ចឹង​បាន​ថ្នាក់​ជាតិ​យើង​ត្រួត​ពិនិត្យ។ យើង​មិន​ទាន់​បាន​ត្រួត​ពិនិត្យ​ទេ ដោយសារ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​អយ្យការ​មិន​ទាន់​ហើយ»

ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ួច ឡេង និយាយ​ថា ឥទ្ធិពល​អំណាច​ទឹក​ប្រាក់​ឈ្មួញ​ជនជាតិ​វៀតណាម អាច​បង្វែរ​សំណុំ​រឿង​ខុស​ច្បាប់​មក​ស្រប​ច្បាប់ ឬ​អាច​មាន​ការ​សម្រប​សម្រួល​ករណី​នេះ។ លោក​រក​ឃើញ​ថា ដំណើរ​ការ​នៃ​ការ​ស៊ើប​អង្កេត​របស់​គណៈកម្មការ​ថ្នាក់​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ មិន​ត្រូវ​បាន​ចាប់​ខ្លួន​អ្នក​ពាក់ព័ន្ធ​ណា​ម្នាក់ អនុវត្ត​ច្បាប់​ឡើយ​រហូត​បច្ចុប្បន្ន ដែល​ជា​ដើម​ចម​ធ្វើ​ឲ្យ​ជន​ល្មើស​មិន​រាង​ចាល និង​មើលងាយ​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា៖ «អ្នក​អនុវត្ត​ច្បាប់​ចាំ​តែ​យក​លុយ​ពី​អ្នក​ទទួល​ឈើ ចឹង​ហើយ​មិន​មាន​ឆន្ទៈ​ណា​មួយ​ដើម្បី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឲ្យ​បាន​ម៉ត់ចត់​នៅ​ឡើយ​ទេ។ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លោក​អស់​សង្ឃឹម​ទាំងអស់​គ្នា ដោយសារ​តែ​ចាប់​បង់​លុយៗ។ ចឹង​ហើយ​គេ​មើលងាយ​យើង​ឲ្យ​តែ​មាន​លុយ ធ្វើ​អី​ក៏​បាន​សម្រាប់​ស្រុក​ខ្មែរ»

កាល​ពី​ថ្ងៃ​ទី​១២ កុម្ភៈ ឈ្មួញ​ជនជាតិ​វៀតណាម ឈ្មោះ ហេង សំនៀង ហៅ​យាយ ព្រឿង បាន​រត់​គេច​ខ្លួន បន្ទាប់​ពី​អនុ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ បាន​រក​ឃើញ​ឈើ​ល្មើស​ច្បាប់​របស់​ឈ្មួញ​រូប​នោះ។

ពលរដ្ឋ​រស់នៅ​ស្រុក​សៀមប៉ាង អះអាង​ថា ដំណើរ​ការ​នៃ​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​របស់​ជនជាតិ​វៀតណាម ឈ្មោះ យាយ ព្រឿង ឋិត​ក្នុង​ភូមិ​បានមួង ឃុំ​សេកុង ស្រុក​សៀមប៉ាង កំពុង​ដំណើរ​ការ​ពុំ​មាន​ការ​ទប់ស្កាត់ ទោះ​បី​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ កំពុង​ចុះ​បំពេញ​ភារកិច្ច​នៅ​ខេត្ត​ភាគ​ឦសាន​ក្តី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។