ជិះ​ម៉ូតូ​ ទាក់​ខ្សែភ្លើង​ របួសធ្ងន់ ​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​វៀតណាម

ខេត្ត​ត្បូងឃ្មុំ ៖ ខ្សែភ្លើង​កាត់​ទទឹង​ផ្លូវជាតិ​លេខ​៧ បាន​ធ្លាក់​ចុះ​មក​កម្ពស់​ប្រហែល​ ជាង​១​ម៉ែត្រ​ពី​ដី​ បាន​បង្ក​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ម៉ាក CBR ម្នាក់​ឈ្មោះ ហេង ឡេ​ហ៊ា​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ថ្មី សង្កាត់​វិហា​ហ្លួង ក្រុង​សួង បាន​រង​របួស​ធ្ងន់ធ្ងរ ។

ហេតុការណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង ​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៥ មីនា ២០១៦ ត្រង់​ផ្លូវបំបែក​ស្ថិត​នៅ​ភូមិ​ជប់​ក្រៅ ឃុំ​ជុប់ ស្រុក​ត្បូងឃ្មុំ ហើយ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​ប្រទេស​វៀតណាម ។

នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​ នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា ខ្សែភ្លើង​ដែល​រត់​កាត់​ទទឹងផ្លូវជាតិ​ខាងលើ​នោះ ទំនងជា​របូត​ធ្លាក់​ចុះ​មក​ដី ដោយ​ចៃដន្យ​ ស្រប​ពេល​ដែល​ម៉ូតូ​របស់​អ្នក​រង​គ្រោះ​ ជិះ​ក្នុង​ទិស​ដៅ​ពី​លិច​ម​កើត​តាម​បណ្តោយ​ផ្លូវ ក៏​ទាក់​ជា​ហេតុ​បណ្តាល​ឲ្យ​ធ្លាក់​មនុស្ស​ មក​លើ​ថ្នល់​រង​របួស​ជា​ទម្ងន់ ដោយ​មាន​ឈាម​ហូរ​ពេញ​មុខមាត់​ផង​ដែរ ។

នគរបាល​ចរាចរ​ស្រុក​ត្បូងឃ្មុំ ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំណែក​ម៉ូតូ​របស់​អ្នក​រង​គ្រោះ​វិញ ​បាន​ផ្លោង​ទៅ​មុខ​បុក​របង​ផ្ទះ​របស់​អ្នកស្រុក​ដែល​ស្ថិត​នៅ​ក្បែរ​នោះ រង​ការ​ខូចខាត​សម្ភារ​មួយ​ចំនួន​ផង​ដែរ​។ បន្ទាប់​ពី​មាន​ហេតុការណ៍​នេះ អធិការ​នគរបាល​ស្រុក​ បាន​ចាត់​ឲ្យ​ជំនាញ​ចរាចរណ៍​ ចុះ​ទៅ​កាន់​កន្លែង​គ្រោះថ្នាក់​ចរាចរ​ជា​បន្ទាន់ ដោយ​បាន​ហៅ​រថយន្ត​សា​មុ​យ មក​ដឹក​ជន​រង​គ្រោះ​ឈ្មោះ ឡៃ​ហ៊ា​ង យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ តែ​ដោយសារ​ស្ថានភាព​របួស​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ក៏​សាច់ញាតិ​ បាន​ប្រញាប់​បញ្ជូន​បន្ត ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៦ មីនា នេះ គេ​មិន​ទាន់​ដឹង​ពី​ស្ថានភាព​ របស់​ជន​រង​គ្រោះ​ឡើយ​ទេ ។

នគរបាល​ចរាចរ​ស្រុក​ត្បូងឃ្មុំ​បញ្ជាក់​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ បណ្តាល​ឲ្យ​រង​របួស​ខាងលើ មន្ត្រី​ចរាចរ​បាន​ទាក់ទង​ទៅ​នឹង​ក្រុមហ៊ុន​អគ្គិសនី ឲ្យ​មក​រៀបចំ​ចងខ្សែ​ភ្លើង​ដែល​រត់​កាត់​ទទឹង​ថ្នល់​ឡើង​លើ​វិញ ឲ្យ​ផុត​ទាំង​រថយន្ត​ធំ​ៗ​បើក​កាត់​មិន​ឲ្យ​ប៉ះពាល់ ។

នគរបាល​ចរាចរ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​នេះ​មិន​បាន​ ពាក់មួក​សុវត្ថិភាព​នោះ​ទេ នៅ​ពេល​ដែល​ជិះ​ម៉ូតូ ហើយ​ម៉ូតូ​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ ជា​បណ្តោះអាសន្ន​ផង​ដែរ ៕

ជិះ​ម៉ូតូ​ ទាក់​ខ្សែភ្លើង​ របួសធ្ងន់ ​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​វៀតណាម
ជិះ​ម៉ូតូ​ ទាក់​ខ្សែភ្លើង​ របួសធ្ងន់ ​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​វៀតណាម
ជិះ​ម៉ូតូ​ ទាក់​ខ្សែភ្លើង​ របួសធ្ងន់ ​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​វៀតណាម
ជិះ​ម៉ូតូ​ ទាក់​ខ្សែភ្លើង​ របួសធ្ងន់ ​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​វៀតណាម

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត