ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខណ​:​ដែល​កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​នៅ​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ វា​សំខាន់​ណាស់​ដែល​គេ​ត្រូវ​ដឹង​អំពី​ក្រុម​មនុស្ស​ដែល​នឹង​កំណត់​ជោគជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ទាំងនោះ​។

ប្រទេស​កម្ពុជា​ គឺជា​ប្រទេស​មួយ​ដែល​មាន​ប្រជាជន​វ័យក្មេង​ច្រើន​។ ក្នុង​ចំណោម​មនុស្ស​ចំនួន​១៥​លាន​នាក់​ គឺ​មាន​ចំនួន​៦៨​ភាគរយ​ ជា​ក្រុម​មនុស្ស​ដែល​មាន​អាយុ​ក្រោម​៣០​ឆ្នាំ​។ នៅ​ក្នុង​ស្ថានភាព​បែប​នេះ អ្នកនយោបាយ​ត្រូវ​គូស​វាង​ឱ្យ​ចេញ​គោលនយោបាយ​មួយ​ដែល​អាច​ទាក់ទាញ​មនុស្ស​ដែល​មាន​វ័យ​ចន្លោះ​ពី​១៨​ឆ្នាំ​ដល់៣០​ឆ្នាំ​នេះ។ ការ​ដណ្តើម​បានការ​គាំទ្រ​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​វ័យ​នេះ អាច​នឹង​ធ្វើ​ឱ្យ​គណបក្ស​នយោបាយ​ទទួល​បានការ​ជោគជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ឆ្នាំ​២០១៧ ​និង​២០១៨​។

រាល់​គោលនយោបាយ​ និង​សារ​នយោបាយ​ទាំងអស់​ត្រូវ​តែ​ប្រាកដ​ថា ​បម្រើ​ដល់​ផល​ប្រ​យោ​ជ​ន៍​របស់​ពួក​គេ បើសិនជា​គណបក្ស​នយោបាយ​ចង់​ដណ្តើម​បេះដូង​របស់​ពួក​គេ​ឱ្យ​គាំទ្រ​ខ្លួន​។

គោលនយោបាយ​ស្តី​ពី​ការងារ គោលនយោបាយ​ស្តី​ពី​ប្រាក់ខែ គោលនយោបាយ​ស្តី​ពី​ការ​អប់រំ គោលនយោបាយ​ការពារ​សេរីភាព​ និង​ល​ទ្ធិ​ប្រជាធិបតេយ្យ និង​គោល​នយោ​បាយ​ផ្សេង​ទៀត ​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​យុវជន​ ​និង​យុវតី គឺជា​អ្វី​ដែល​គណបក្ស​នយោបាយ​ត្រូវ​គូស​វាង​ចេញ​ឱ្យ​លម្អិត​ ដើម្បី​ឆ្លុះ​បញ្ចាំងឱ្យ​ឃើញ​ថា ​គណបក្ស​នយោ​បាយ​របស់​ខ្លួន​តំណាង​ឱ្យ​ក្រុម​យុវជន ​និង​យុវតី​។

នៅ​ឆ្នាំ​២០១៣ មាន​គណបក្ស​ចំនួន​៨​បាន​ចូលរួម​ការ​បោះ​ឆ្នោត​។ គេ​រំពឹង​ថា​ នឹង​មាន​គណបក្ស​នយោបាយ​ច្រើន​ជាង​នេះ ​នឹង​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៧ ​និង​២០១៨ ខណ​:​ពេល​ដែល​គណបក្ស​ថ្មី​ៗ​មួយ​ចំនួន​បាន​ចុះ​ឈ្មោះ​ជា​បន្តបន្ទាប់ ​ហើយ​សម្រាប់​ចូលរួម​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ គណបក្ស​ធំ​ពីរ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ត្រូវ​បាន​គេ​តាមដាន​ខ្លាំង​នៅ​ពេល​ខាង​មុខ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ បាន​បង្ហាញ​ថា​ មាន​តែ​គណបក្ស​ពីរ​នេះ​ប៉ុណ្ណោះ​បាន​ទទួល​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​។

ការ​តាមដាន​នឹង​មាន​ជា​ពិសេស​សម្រាប់​គណបក្ស​នយោបាយ​ទាំង​ពីរ​ខាងលើ​នេះ​ថា ​តើ​ពួក​គេ​ប៉ិន​ប្រសប់​យ៉ាងណា​នៅ​ក្នុង​ការ​រៀបចំ​កម្មវិធី​នយោបាយ​ និង​សារ​នយោ​បាយ ​ដើម្បី​ទាក់ទាញ​ទឹកចិត្ត​កម្មករ​រោងចក្រ​កាត់ដេរ ​និង​យុវជន ​ព្រមទាំង​យុវតី​ផ្សេង​ទៀត​ឱ្យ​បោះ​ឆ្នោត​ដល់​ពួក​គេ​។

តើ​អ្នក​អាន​កោះសន្តិភាព​ចង់បាន​អ្វី​ពី​គណបក្ស​នយោបាយ? សូម​មាន​យោបល់​ និង share អត្ថបទ​នេះ​ទៅ​កាន់​មិត្ត​របស់​អ្នក​៕