ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ ៖ សិស្សសាលា​បឋម​សិក្សា​ចំនួន​៣៥​នាក់ និង​អាណាព្យាបាល​៧​នាក់ បាន​កើត​មាន​អាកា​រៈ​ចុកពោះ ឈឺក្បាល រាគ​រូស និង​ក្អួតចង្អោរ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ជា​បន្តបន្ទាប់​នៅ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ ដែល​អាកា​រៈ​នេះ​សង្ស័យ​ពុល​នំប៉័ង​សាច់​បន្ទាប់​ពី​សម្រាក​ញ៉ាំ​អាហារ​សម្រន់​របស់​សិស្ស​ដែល​មក​ចូលរួម​ប្រឡង​អាន​អំ​ណា​ន​នៅ​សាលា​បឋម​សិក្សា​ឆ្លូង កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៦ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា សិស្សានុសិស្ស​ថ្នាក់​ទី​៤-៥-៦  នៃ​សាលា​បឋម​សិក្សា​ឆ្លូង​ចំនួន​ជាង​២០០​នាក់​បាន​ចូលរួម​ប្រឡង​អាន​អំ​ណា​ន ក្រោម​ការ​ជួយ​ឧ​ប​ត្ថ​ម​របស់​​អង្គការ​ឆាល់​ហ្វា​ន់ (Child Fund) ។ ការ​ប្រឡង​របស់​សិស្សានុសិស្ស​ក៏​មានការ​ចូលរួម​លើកទឹកចិត្ត​ពី​សំណាក់​អាណាព្យាបាល​សិស្ស​ចំនួន​ជាង​៥០​នាក់​ផង​ដែរ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ជាមួយ​និង​ការ​ប្រឡង​នៅ​ព្រឹក​នោះ នៅ​ពេលសម្រាក​អារ​ហារ​សម្រន់ ក្រុមការងារ​ក៏​បាន​ផ្តល់​ជា​អារ​ហារ​សម្រន់​ដោយ​មាន​នំប៉័ង​ប៉ា​តេ ចែក​ជូន​ដល់​សិស្ស​ដើម្បី​ទទួលទាន ដែល​នំប៉័ង​ប៉ា​តេ​នោះ​មាន​ចំនួន​ជាង​៣០០​កំណាត់​ត្រូវ​បាន​ក្រុមការងារ​លោកគ្រូ​-​អ្នកគ្រូ​ទិញ​ពី​ហាង​នំប៉័ង​មួយ​កន្លែង​យីហោ ឈុ​ន ភ​ក្កី មា​នទី​តាំងនៅ​ភូមិ​ជ្រោយ​ថ្ម​លើ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ។

ក្រោយ​ការ​ទទួលទាន​នំប៉័ង​មួយសន្ទុះ សិស្សានុសិស្ស និង​អាណាព្យាបាល​​ក៏​កើត​មាន​អ​កា​រៈ​ចុកពោះ ឈឺក្បាល រាគ​រូស និង​ក្អួតចង្អោរ តែ​ម្តង ។

លោក ឌួ​ង សុ​ទ្ឋី អធិការ​នគរបាល​ស្រុក​ឆ្លូង បាន​ឲ្យ​ដឹង​ថា ចំនួន​សិស្សានុសិស្ស​ដែលរង​គ្រោះ​ដោយ​សង្ស័យ​ថា បណ្តាល​មក​ពី​ពុល​នំប៉័ង​នេះមាន​ចំនួន​៣៥​នាក់ (​ស្រី​១៤​នាក់​) ព្រមទាំង​អ​ណា​ព្យាបាល​សិស្ស​មាន​ចំនួន​៧​នាក់ (​ស្រី​៥​នាក់​) ផង​ដែរ ។

លោក​វរសេនីយ៍ទោ​បាន​បញ្ជាក់​ថា ការ​ពុល​នេះ​មិន​បាន​បង្ក​ឲ្យ​មាន​រង​គ្រោះ​ដល់​អាយុជីវិត​នោះ​ទេ និង​ក៏​បាន​ធូរស្រាល​អស់​ទៅ​ហើយ​ដែរ ក្រោយ​ពី​បាន​នាំ​មក​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ ។

លោក​ថា ក្រោយ​ការ​សង្ស័យ​ថាអាកា​រៈ​ពុល​នេះ​បាន​ផ្តើម​ចេញ​ដោយសារ​នំប៉័ង​ប៉ា​តេ សមត្ថកិច្ច​នគរបាល​បាន​ច្រក​វេច​ខ្ចប់​សំណាក​នំប៉័ង និង​សំណល់​នំប៉័ង​ប៉ា​តេ ដែល​នៅ​សេសសល់ ប​ញ្ជូ​ណ​ទៅ​ឲ្យ​មន្ទីរ​ជំនាញ​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ឲ្យ​បាន​ច្បាស់លាស់ ៕