មន្រ្តីបរិស្ថាន​ចុះប្រមូល ​ព័ត៌មាន​បឋម​លើ​គម្រោង ការបន្សុំា​នឹង​ការប្រែប្រួល អាកាសធាតុ ដើម្បី​កំណត់​គម្រោង​អាទិភាព​

ភ្នំពេញ៖ មន្រ្តីក្រសួងបរិស្ថាន បានចុះរៀបចំ សិក្សាប្រមូលព័ត៌មានបឋម លើគម្រោងការបន្សុំា នឹងការប្រែប្រួលអាកាសធាតុ របស់ដៃគូអភិវឌ្ឍន៍នានា ដើម្បីឈានទៅកំណត់ គម្រោងអាទិភាព ក្នុងការសិក្សាពីលទ្ធភាព លម្អិតសម្រាប់ការរៀបចំ សំណើគម្រោងពាក់ព័ន្ធនឹង ការប្រែប្រួលអាកាសធាតុ ក្នុងវិស័យកសិកម្ម ការគ្រប់គ្រងធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍន៍ទីក្រុង សម្រាប់ប្រទេសកម្ពុជា ស្វែងរកមូលនិធិ ពីសហគមន៍ដៃគូ អភិវឌ្ឍន៍អន្តរជាតិ ។

សកម្មភាពការចុះសិក្សា ប្រមូលព័ត៌មានបឋមនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី២៩ ខែកុម្ភៈ រហូតដល់ទី២៥ ខែមីនា ឆ្នាំ២០១៦ ដឹកនាំដោយ លោកសាស្ត្រាចារ្យបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធាន សម្របសម្រួលកម្មវិធីយុទ្ធសាស្ត្រ សម្រាប់ភាពធន់នឹងអាកាសធាតុ (SPCR) ក្រោមគម្រោង ការបញ្ជ្រាបភាពធន់នឹង អាកាសធាតុទៅក្នុងការរៀបចំ ផែនការអភិវឌ្ឍន៍ ដែលអនុវត្តដោយ នាយកដ្ឋានប្រែប្រួល អាកាសធាតុ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព។

ក្រុមការងារនេះបានសហការ ជាមួយគណៈអភិបាលខេត្ត ពោធិសាត់ ត្បូងឃ្មុំ ព្រៃវែង បាត់ដំបង និងកំពង់ធំ ព្រមទាំងសមាជិកក្រុមការងារ ការបន្សុំានឹងការប្រែប្រួល អាកាសធាតុដែល អញ្ជើញមកពីក្រសួង និងមន្ទីរពាក់ព័ន្ធសំខាន់ៗ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រុមការងារនេះបានជួប សម្ភាសន៍ជាមួយមេឃុំ ក្រុមប្រឹក្សាឃុំ ប្រជាជន និងអ្នកពាក់ព័ន្ធ ព្រមទាំងអស់ពិនិត្យមើល ស្ថានភាពជាក់ស្តែងពី ប្រព័ន្ធធារាសាស្ត្រ ផ្លូវជនបទ និងអាងស្តុកទឹក ប្រព័ន្ធបង្ហូរសំណល់រាវ និងទឹកភ្លៀង ការធ្វើដំណាំឆ្លាស់ ប្រព័ន្ធស្រោចស្រពដើរ ដោយដំណក់ទឹក និងសហគមន៍ប្រើប្រាស់ទឹកជាដើម៕

មន្រ្តីបរិស្ថាន​ចុះប្រមូល ​ព័ត៌មាន​បឋម​លើ​គម្រោង ការបន្សុំា​នឹង​ការប្រែប្រួល អាកាសធាតុ ដើម្បី​កំណត់​គម្រោង​អាទិភាព​