សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ទាក់ទង​នឹង​ផលិតផល​ថ្នាំ​ជក់

អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​លើក​ស្ទួយ​វិស័យ​សុខភាព គាំទ្រ​រដ្ឋាភិបាល​ដែល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្ដីពី​វិធានការ​ហាម​ជក់ ឬ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់​នៅ​កន្លែង​ធ្វើ​ការ ឬ​កន្លែង​សាធារណៈ។ អនុក្រឹត្យ​នេះ បាន​ដាក់​កំណត់​ផាក​ពិន័យ​ចំពោះ​ជន​ដែល​មិន​អនុវត្ត​តាម​អនុក្រឹត្យ​នេះ។

ទន្ទឹម​នឹង​គាំទ្រ​ចំពោះ​ការ​ផាក​ពិន័យ​ជន​ដែល​ជក់ ឬ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់​នៅ​កន្លែង​ហាម​ឃាត់ មន្ត្រី​សង្គម​ស៊ីវិល បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់​នានា​ដែល​មាន​ស្រាប់ ទាក់ទង​នឹង​ផលិតផល​ថ្នាំ​ជក់។

ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក​វេជ្ជបណ្ឌិត មុំ គង់ ថ្លែង​នៅ​ថ្ងៃ​ទី​៥ មីនា ថា ជា​ការ​ល្អ​ដែល​រដ្ឋាភិបាល​បាន​អនុម័ត​អនុក្រឹត្យ​មួយ ស្ដីពី​វិធានការ​ហាម​ឃាត់​ការ​ជក់ ឬ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់ ដែល​ស្រប​នឹង​កាតព្វកិច្ច​របស់​ប្រទេស​ជា​រដ្ឋ​ភាគី នៃ​អនុសញ្ញា​ស្ដី​ពី​ការ​ត្រួត​ពិនិត្យ​ថ្នាំ​ជក់ ដើម្បី​ការពារ​សុខភាព​អ្នក​មិន​ជក់​បារី​ពី​ការ​ស្រូប​ផ្សែង​បារី​ពី​គេ។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ថ្វីត្បិត​តែ​ការ​ផាក​ពិន័យ​ក្នុង​កម្រិត​មួយ​ទាប​ជាង​ប្រទេស​ជិត​ខាង​ក៏ដោយ ប៉ុន្តែ​នេះ​ជា​ចំណុច​ចាប់​ផ្ដើម​មួយ បន្ទាប់​ពី​ការ​អប់រំ។ ទន្ទឹម​គ្នា​នេះ ទាមទារ​ឲ្យ​រដ្ឋាភិបាល ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់ «ទាក់ទង​នឹង​ច្បាប់ គឺ​យើង​មាន​ឧទាហរណ៍​ថា ការ​ផ្សាយ​ពាណិជ្ជកម្ម​នេះ គឺ​បាន​ហាម​ទាំង​ស្រុង តែ​ការ​អនុវត្ត​ជាក់ស្ដែង គឺ​ក្រុមហ៊ុន​នៅ​តែ​បំពាន ដូចជា​ការ​បិទ​ផ្ទាំង​រូប​តូចៗ ផ្សាយ​ពាណិជ្ជកម្ម​បារី​ដែល​បិទ​តាម​ភោជនីយដ្ឋាន ហាង​កាហ្វេ ក៏​ដូចជា​កន្លែង​លក់​គ្រឿងទេស មិន​តែ​ប៉ុណ្ណោះ​នៅ​តាម​ក្លឹប​រាត្រី​នានា មាន​ការ​ជួល​តារា ឬ​ពិធីករ​ឲ្យ​ទៅ​ផ្សាយ​ពាណិជ្ជកម្ម»

រដ្ឋាភិបាល​បាន​អនុម័ត​អនុក្រឹត្យ​ស្ដីពី​វិធានការ​ហាម​ជក់ ឬ​ការ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់​នៅ​កន្លែង​ធ្វើ​ការ ឬ​កន្លែង​សាធារណៈ កាល​ពី​ថ្ងៃ​ទី​៤ មីនា។ អនុក្រឹត្យ​នោះ បាន​ផ្ដោត​ទៅ​លើ​ការ​ហាមប្រាម​អ្នក​ជក់​បារី​នៅ​កន្លែង​ហាម​ឃាត់ នឹង​ពិន័យ ២​ម៉ឺន​រៀល និង ៥​ម៉ឺន​រៀល​ចំពោះ​ម្ចាស់​ភោជនីយដ្ឋាន អាហារដ្ឋាន ដែល​មិន​ព្រម​បិទ​ស្លាក​សញ្ញា​ហាម​ជក់​បារី ឬ​នៅ​តែ​បន្ត​ដាក់​ចាន​គោះ​បារី​ឲ្យ​ភ្ញៀវ។

លោក​វេជ្ជបណ្ឌិត មុំ គង់ បាន​បញ្ជាក់​ថា ការ​អនុវត្ត​ការ​ផាក​ពិន័យ​នេះ នឹង​ធ្វើ​ឡើង​ដោយ​មន្ត្រី​អធិការកិច្ច​ត្រួត​ពិនិត្យ​ផលិតផល​ថ្នាំ​ជក់ នៃ​ក្រសួង​សុខាភិបាល ដោយ​ទុក​ចន្លោះ​ពេល ៦​ខែ ដើម្បី​ផ្សព្វផ្សាយ​អនុក្រឹត្យ​នេះ។

ក្រសួង​សុខាភិបាល បាន​តាក់តែង​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី​វិធានការ​ហាម​ការ​ជក់ ឬ​ការ​បង្ហុយ​ផ្សែង​ផលិតផល​ថ្នាំ​ជក់​នៅ​កន្លែង​ធ្វើ​ការ ឬ​កន្លែង​សាធារណៈ ក្នុង​បំណង​ចូលរួម​ការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ និង​ទប់ស្កាត់​ការ​ស្រូប​ផ្សែង​ផលិតផល​ថ្នាំ​ជក់ ដែល​បង្ក​ឲ្យ​មាន​ហានិភ័យ​សុខភាព​ដល់​អ្នក​នៅ​ជុំវិញ និង​បរិស្ថាន និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំ​ជក់។

ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ាន ផាក​ពិន័យ​ពី​អ្នក​ជក់​បារី​នៅ​តាម​ទី​ហាម​ឃាត់ គឺ​ខ្ពស់​បំផុត​រហូត​ដល់​ជាង ៣​ពាន់​ដុល្លារ និង​ទាប​បំផុត ៦​ដុល្លារ។

របាយការណ៍​របស់​ក្រសួង​ផែនការ បង្ហាញ​ថា នៅ​កម្ពុជា មាន​អ្នក​ជក់​បារី​ប្រមាណ ១​លាន​កន្លះ និង​អ្នក​ចុក​ថ្នាំ​ប្រមាណ​កន្លះ​លាន​នាក់។ ទីកន្លែង​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ស្រូប​ផ្សែង​បារី​ពី​គេ​ខ្ពស់​ជាង​គេ គឺ​នៅ​ភោជនីយដ្ឋាន អាហារដ្ឋាន ជាង ៧៦% បើ​ធៀប​ទៅ​នឹង​ប្រទេស​អាស៊ាន​ទាំង ១០​ប្រទេស កម្ពុជា មាន​អត្រា​ស្រូប​ផ្សែង​បារី​ពី​គេ​ខ្ពស់​ជាង​គេ​នៅ​ភោជនីយដ្ឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។