រ៉ូណាល់ដូ ជា​កីឡាករ​«ឯក» ព្រោះ​ទាត់​បញ្ចូល​ទី​៤គ្រាប់​តែ​ឯង

គ្រូបង្វឹកថ្មីរបស់ក្រុម រៀលម៉ាឌ្រីដ បានថ្លែងអបអរ«ទេពកោសល្យ»ដ៏អស្ចារ្យ របស់កីឡាករ​អន្តរជាតិ រ៉ូណាល់ដូ (Cristiano Ronaldo) បន្ទាប់ពីការប្រកួតមួយ នៅថ្ងៃសៅរ៍ ដែល​កីឡាករ​ជាតិ​​​ព័រទុយហ្គាល់​រូប​នេះ រកគ្រាប់បាល់​​ឲ្យ​ក្រុម​របស់​ខ្លួន បានដល់ទៅ៤គ្រាប់ ពីក្នុងចំណោម​៧គ្រាប់។
សង្ខេបការប្រកួត រវាងក្រុម «Real Madrid» និងក្រុម «Celta Vigo» កាលពីរសៀលថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០១៦។

តើមានអ្វី ដែលអាចមកបង្អាក់កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ បាន នៅក្នុងការប្រកួតក្របខណ្ឌ «La Liga» របស់ប្រទេសអេស្ប៉ាញ ជាមួយក្រុម «Celta Vigo» កាលពីរសៀលថ្ងៃសៅរ៍ ម្សិលម៉ិញនេះ? គ្រាន់​តែ​កីឡាករ​ខ្សែ​ប្រយុទ្ធរូបនេះ តែម្នាក់ប៉ុណ្ណោះ បានរកគ្រាប់បាល់ឲ្យក្រុម រៀលម៉ាឌ្រីត បានរហូតដល់ទៅ៤គ្រាប់ នៅ​ក្នុង​រយៈពេល​មិនដល់៣០នាទីផង នៃការប្រកួត​ពាក់កណ្ដាលម៉ោងទី២។ ជាទេពកោសល្យដ៏អស្ចារ្យ ដែល​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​ថ្មី ហ្សីណាឌីន ហ្សីដាន (Zinedine Zidane) ញញឹមបិតមាត់មិនជិត។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅក្រោយការប្រកួត ដែលផ្ដល់ជ័យជំនះ ៧-១ ទៅឲ្យក្រុមរៀលម៉ាឌ្រីដនោះ លោក ហ្សីដាន ដែលជាគ្រូបង្វឹកថ្មីថ្មោង បានអបអរកីឡាកររបស់ខ្លួនថា៖ «ខ្ញុំស្រឡាញ់ ទម្រង់លេង​បាល់​ដ៏​ប្រសើររបស់ គ្រីស្ទៀណូ នៅថ្ងៃនេះ។ អ្នកដឹងហើយថា កីឡាករមួយនេះ អាចរកបានបួនគ្រាប់ នៅក្នុង​ការ​ប្រកួត​តែមួយ ហើយកីឡាករតិចណាស់ ដែលអាចធ្វើបានដូច្នេះ។ នេះហើយ​ដែលគេហៅថា ជា​កីឡាករ​"ឯក"។ ខ្ញុំវិញ សប្បាយចិត្តណាស់ នៅពេលដែលឃើញ រ៉ូណាល់ដូ រកគ្រាប់បាល់បានម្ដងៗ។»

លោក ហ្សីដាន ថែមទាំងបានឆ្លៀតឱកាសនេះ ដើម្បីសរសើរ ទៅដល់ក្រុមរបស់លោកទាំងមូល ជា​ពិសេស​នៅក្នុពាក់កណ្ដាលម៉ោង ទី២ ដែលកីឡាករ «ជិះសេះស» បានទាត់បញ្ចូលទី រហូតដល់ទៅ៦គ្រាប់។ លោក​និយាយ​បន្ត​ថា៖ «មានរឿងចម្លែងអ្វីមួយ បានកើតឡើង នៅពាក់កណ្ដាលម៉ោងដំបូង។ (...) តែនៅ​ពាក់​កណ្ដាល​ម៉ោង​ទី២ យើងមានសន្ទុះលេងខ្លាំងក្លាណាស់ ដែលធ្វើឲ្យយើងរកគ្រាប់បាល់ បានស្រួល​ជាង​មុន។»៕