ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​ ដឹកនាំ​ដោយ​លោក​វរសេនីយឯក សឿ​ន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការ​​​ត្រួតពិនិត្យ​ និង​ឆែកឆេរ​នៅ​ឱសថស្ថាន យីហោ «សារាវន្ត១» ​ដែល​លក់​ថ្នាំ​ពេទ្យ​ហួស​កាលបរិច្ឆេទ​បាន​ចំនួន​១៥​មុខ ស្មើនឹង​៧៧០​គ្រាប់​ ​តាម​ពាក្យបណ្តឹង​របស់​អតិ​ថ​ជន រួច​នាំ​ខ្លួន​ម្ចាស់​ទីតាំងខាងលើ​យក​ទៅ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​ ​នៅ​​​​រសៀល​ថ្ងៃ​ទី​៦ ​មីនា ​​ស្ថ​តិ​នៅ​​ក្នុងភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។   

លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​​​ខេត្ត​ ​បាន​ឱ្យ​ដឹង​ថា​ ​ម្ចាស់​ទីតាំង​ឈ្មោះ ឈ្នាង សា​រិ​ន ភេទ​ស្រី អាយុ​៥០​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​​ខាងលើ ហើយ​ទីតាំង​ឱសថស្ថាន​នេះ​បាន​បើក​​លក់​រយៈពេល​៣​ឆ្នាំ​​មក​ហើយ​ ។

​​ម្ចាស់​ទីតាំង​ខាងលើ​ ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត នាំ​ខ្លួន​យក​ទៅ​សួរនាំ​ និង​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់​អន្តរ​កាល​ដែល​មិន​ទាន់​បាន​ចុះបញ្ជី​ការ ​និង​លេខ​ប្រវេទន៍​ស្តី​ពី​ការ​គ្រប់គ្រង​ឱសថ​ ប្រ​សិនបើ​ម្ចាស់​ទីតាំង​ខាង​លើ​មិន​ព្រម​អនុវត្ត​​ឱ្យ​ផាកពិន័យ​ទៅ​តាម​ច្បាប់​នោះ កម្លាំង​ជំនាញ​នឹង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់ ​៕​

ព័ត៌​​មាន​លម្អិតមានផ្សាយជូន​នៅលើទំព័រកាសែត​កោះសន្តិភាព​