វេទិកា​កសិករ​ថ្នាក់​ជាតិ​លើក​ទី​៦​នឹង​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​ទី​៩​មីនា

វេទិកា​កសិករ​ថ្នាក់​ជាតិ​លើក​ទី​៦ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ខាង​មុខ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​ចម្បងៗ​របស់​កសិករ រួម​មាន ការ​រក​ទឹក ទុន និង​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម។ ប្រធានបទ​នៅ​ឆ្នាំ​នេះ ផ្ដោត​លើ​កសិករ​ឆ្នើម​ស្ត្រី​ក្នុង​វិស័យ​កសិកម្ម ស្រប​ពេល​នឹង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​នៅ​ថ្ងៃ​ទី​៨ ខែ​មីនា។

វេទិកា​នេះ នឹង​រៀបចំ​រួម​គ្នា​ដោយ​ក្រុម​ការងារ​យេនឌ័រ (Gender) និង​កុមារ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ចំនួន​១៣ ព្រម​ទាំង​វិស័យ​ឯកជន។

វេទិកា​ថ្នាក់​ជាតិ​នេះ រំពឹង​ថា នឹង​មាន​អ្នក​ចូលរួម​ប្រមាណ ២៥០​នាក់​ជា​តំណាង​រដ្ឋាភិបាល សង្គម​ស៊ីវិល វិស័យ​ឯកជន និង​កសិករ​មក​ពី​ប្រាំ​តំបន់ ដែល​ស្ថិត​នៅ​ជុំវិញ​បឹង​ទន្លេសាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។