តំណាង​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ចង់​ឲ្យ​ស្ត្រី​ខ្មែរ​នៅ​កម្ពុជា​ក្រោម​យល់​ដឹង​បន្ថែម​អំពី​សិទ្ធិ

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ប្រចាំ​នៅ​កម្ពុជា រៀបចំ​កម្មវិធី​ខួប​ទី​១០៥ ទិវា​នារី​អន្តរជាតិ និង​ពិធី​អបអរ​សាទរ​ថ្ងៃ​សហព័ន្ធ​នេះ​បាន​ចូល​ជា​សមាជិក​នាយកដ្ឋាន​ព័ត៌មាន​សាធារណៈ នៃ​អង្គការ​សហប្រជាជាតិ។ ខ្លឹមសារ​សំខាន់​នៃ​កម្មវិធី គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម ជាពិសេស​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម យល់​ដឹង​បន្ថែម​អំពី​សិទ្ធិ​របស់​ខ្លួន។

ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​នាក់ បាន​មក​ជួប​ជុំ​គ្នា​នៅ​វត្ត​សាមគ្គីរង្សី ព្រឹក​ថ្ងៃ​ទី​៦ មីនា ដើម្បី​អបអរ​សាទរ​ទិវា​នារី​អន្តរជាតិ។

តំណាង​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី គៀង ធីប៉ា បាន​មាន​ប្រសាសន៍​ថា ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ជាច្រើន​នាក់​នៅ​តែ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម គាប​សង្កត់ នៅ​ពេល​ដែល​ពួក​គេ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន ប្រឆាំង​នឹង​ការ​គាប​សង្កត់​ពី​រដ្ឋ​អំណាច​វៀតណាម៖ «ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ហាក់​បី​ដូចជា​មិន​ទទួល​បាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ប្រកប​មុខ​របរ​រក​ស៊ី​ទេ ពីព្រោះ​ភាគ​ច្រើន ជនជាតិ​គ្នា​គេ​នៅ​វៀតណាម ហ្នឹង ឧបមា​ថា គេ​ទៅ​ខ្ចី​លុយ​នៅ​ធនាគារ គេ​ឲ្យ​ការប្រាក់​ទាប។ ចំពោះ​ស្ត្រី​ខ្មែរ​ក្រោម​វិញ ពេល​ទៅ​ខ្ចី​នៅ​ធនាគារ​វៀតណាម អត់​មាន​លុយ​កាក់ គេ​តម្រូវ​ឲ្យ​បង់​ការប្រាក់​ខ្ពស់។ អ៊ីចឹង​ជីវភាព​របស់​ពួក​គាត់​មាន​ភាព​ដុនដាប​ជា​ខ្លាំង»

លោកស្រី គៀង ធីប៉ា បន្ត​ថា បញ្ហា​សំខាន់​មួយ​ទៀត​ដែល​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​កំពុង​ប្រឈម គឺ​ការ​មិន​ចេះ​អក្សរ​ខ្មែរ។ តំណាង​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ​អះអាង​ថា ស្ត្រី​ខ្មែរ​នៅ​កម្ពុជា​ក្រោម ៩៥​ភាគរយ​មិន​ចេះ​អក្សរ​ខ្មែរ​ឡើយ ដោយ​ហេតុ​តែ​គ្មាន​សាលា​រៀន​ជា​ភាសា​ខ្មែរ។ លោកស្រី គៀង ធីប៉ា បាន​ប្រៀប​ប្រដូច​ថា ការ​មិន​ចេះ​អក្សរ​ខ្មែរ​នេះ មាន​ន័យ​ស្មើ​នឹង​ការ​ពិការ​ភ្នែក​ទាំង​សង​ខាង​ដែល​ងងឹត​មើល​អ្វី​មិន​ឃើញ៖ «ពួក​គាត់​អត់​មាន​សាលា​រៀន​គ្រប់គ្រាន់​ដូច​នៅ​ស្រុក​ខ្មែរ​ទេ គេ (ពលរដ្ឋ​នៅ​កម្ពុជា) មាន​សាលា​រៀន​ខ្មែរ​ជា​សាធារណៈ។ ចំណែក​ខ្លួន​ឯង​ជា​ជនជាតិ​ដើម​អត់​មាន​សាលា​រៀន​ជា​ភាសា​ខ្មែរ​ទេ។ អ៊ីចឹង​វា​រំលោភ​សិទ្ធិ​មួយ​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​ស្ត្រី​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ក្រោម​នេះ»

នៅ​ក្នុង​សុន្ទរកថា​របស់​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​បាន លោកស្រី គៀង ធីប៉ា អាន​ជូន​អ្នក​ចូលរួម បាន​រំឭក​ដល់​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​កើត​មាន​ចំពោះ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម។

ព្រឹត្តិការណ៍​ទាំង​នោះ​រួម​មាន ការ​វាយ​ធ្វើ​បាប​ស្ត្រី​ខ្មែរ ២៩​នាក់ និង​ឈាន​ដល់​ការ​ចាប់​ខ្លួន ២​នាក់​កាល​ពី​ឆ្នាំ​២០០៨ នៅ​ស្រុក​ក្របៅ ខេត្ត​មាត់ជ្រូក ដោយ​អាជ្ញាធរ​វៀតណាម ចោទ​ក្រុម​ស្ត្រី​ទាំង​នោះ​ថា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម ការ​កាត់​ទោស​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ៣​នាក់​នៅ​ខេត្ត​ឃ្លាំង ឲ្យ​ជាប់​ពន្ធនាគារ​ពី ១០​ខែ​ទៅ ១​ឆ្នាំ​កាល​ពី​ឆ្នាំ​២០១៣ ដោយ​តុលាការ​វៀតណាម ចោទ​ពួក​គេ​ថា​បាន​បង្ក​អសន្តិសុខ​សង្គម ព្រម​ទាំង​មាន​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន​ទៀត ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ ដោយសារ​តែ​ពួក​គេ​តវ៉ា​ប្រឆាំង​នឹង​ការ​រឹប​អូស​យក​ដី​ស្រែ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។

ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក តាំង សារៈ ថ្លែង​ថា បច្ចុប្បន្ន​នេះ លោក​មិន​បាន​ដឹង​ច្បាស់​ទេ ថា​តើ​អាជ្ញាធរ​វៀតណាម បាន​ផ្សព្វផ្សាយ​អំពី​ទិវា​នារី​អន្តរជាតិ​ដល់​កម្រិត​ណា​ដែរ ចំពោះ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម? ប៉ុន្តែ​លោក​បញ្ជាក់​ថា កាល​ពី​មុន​មិន​មាន​ខ្មែរ​កម្ពុជា​ក្រោម​ណា​ម្នាក់​ដឹង​ពី​រឿង​នេះ​ទេ៖ «ពេល​ដែល​ខ្ញុំ​កំពុង​តែ​រស់នៅ​ក្នុង​ប្រទេស​វៀតណាម នៅ​ក្នុង​ដែនដី​កម្ពុជា​ក្រោម ពាក្យ​ថា សិទ្ធិ​នារី គឺ​ខ្មែរ​កម្ពុជា​ក្រោម អត់​បាន​ដឹង​សោះ ជាពិសេស​នារី​ខ្មែរ​កម្ពុជា​ក្រោម​មិន​បាន​ដឹង​ថា ខ្លួន​មាន​សិទ្ធិ​អ្វី​នៅ​ក្នុង​សង្គម​មនុស្ស។ អត់​បាន​ដឹង គឺ​អាស្រ័យ​ដោយ​អាជ្ញាធរ​វៀតណាម បំបិទ​ព័ត៌មាន​នោះ​មិន​ឲ្យ​ដឹង»

ទោះ​បី​ជា​បែប​ណា​ក្ដី លោក តាំង សារៈ យល់​ឃើញ​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ជាពិសេស​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ប្រាកដ​ជា​ទទួល​ព័ត៌មាន​អំពី​សិទ្ធិ​នារី ទោះ​ជា​មាន​ការ​បិទ​បាំង​ពី​អាជ្ញាធរ​វៀតណាម ក៏ដោយ។ លើស​ពី​នេះ លោក តាំង សារៈ ជឿជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ទទួល​បាន​ព័ត៌មាន និង​ការ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​សិទ្ធិ​សេរីភាព​របស់​ខ្លួន តាម​រយៈ​ការ​ផ្សព្វផ្សាយ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ទើប​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​នាយកដ្ឋាន​ព័ត៌មាន​សាធារណៈ​របស់​អង្គការ​សហប្រជាជាតិ កាល​ពី​ចុង​ឆ្នាំ​២០១៥៖ «ទិវា​នេះ​នឹង​អាច​ផ្សព្វផ្សាយ​ទៅ​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម នារី​ខ្មែរ​កម្ពុជា​ក្រោម​បាន​ដឹង រួច​ឈ្វេង​យល់។ ពិត​មែន​ហើយ ថា​នារី​ខ្មែរ​កម្ពុជា​ក្រោម​មិន​សូវ​ចេះ​ទេ​អក្សរ​ខ្មែរ និង​ភាសា​ខ្មែរ ប៉ុន្តែ​ពួក​គេ​ភាគ​ច្រើន​យល់​ដឹង និង​ចេះ​ជ្រាលជ្រៅ​អំពី​អក្សរ​វៀតណាម។ បើ​អ៊ីចឹង គឺ​ពួក​គេ​អាច​តាម​ដាន​នូវ​ឯកសារ​ដែល​ជា​ភាសា​វៀតណាម ស្ដីពី​សិទ្ធិ​របស់​នារី​នៅ​លើ​ពិភពលោក​នេះ​យ៉ាង​ណា។ វា​ធ្វើ​ឲ្យ​នារី​ខ្មែរ​កម្ពុជា នឹង​មាន​ភាព​ក្លាហាន​តវ៉ា នៅ​ពេល​ដែល​ទទួល​រង​ការ​រំលោភ​បំពាន​ណា​មួយ​ពី​អាជ្ញាធរ​វៀតណាម»

នៅ​ក្នុង​ឱកាស​ទិវា​នារី​អន្តរជាតិ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​តំណាង​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ដល់​អង្គការ​ជាតិ និង​អន្តរជាតិ​នានា ឲ្យ​ជួយ​ដល់​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​មាន​បញ្ហា​នៅ​ដែនដី​កំណើត​របស់​ខ្លួន ឲ្យ​ទទួល​បាន​សិទ្ធិ​សេរីភាព​ដូច​ស្ត្រី​ទាំងឡាយ​នៅ​លើ​ពិភពលោក​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។