ស្ទាវ​ចិត្ត​អប្រិយ​រំលោភ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ រួច​សម្លាប់​ចោល​នៅ​ខេត្តសៀមរាប

​មាន​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​មួយ​ថ្មី​ទៀត​បាន​កើតឡើង​ កាលពី​រសៀល​ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០១៦​ម្សិលមិញ​នៅ​ស្រុក​ពួក​ ខេត្តសៀមរាប​ គឺ​ក្មេង​ស្រី​ជា​សិស្សសាលា​អាយុ​១១​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​ស្ទាវ​ចិត្ត​អប្រិយ​អាយុ​២៥​ឆ្នាំ​ មុខរបរ​ជា​សិស្ស​ រំលោភ​សេពសន្ថវៈ​ រួច​ហើយ​សម្លាប់​ចោល​ដើម្បី​បំបិទ​ព័ស្តុតាង​ បន្ទាប់​ក្មេង​ស្រី​រង​គ្រោះ​ចេញពី​សាលារៀន​វិញ​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ យុវជន​ជា​ជនសង្ស័យ​ក្នុង​ករណី​រំលោភ​សម្លាប់​ក្មេង​ស្រី​ និង​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​នេះ​ មានឈ្មោះ​ ស​ កុសល​ អាយុ​២៥​ឆ្នាំ​ មុខរបរ​ជា​សិស្ស​ មាន​ទីលំនៅ​ភូមិ​ប្រយុទ្ធ​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​ និង​ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​ ជន​ សុធី​ណា​ អាយុ​១១​ឆ្នាំ​ ជា​សិស្សសាលា​ មានស្រុក​កំណើត​នៅ​ភូមិ​វាល​ សង្កាត់​គោក​ចក​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ប្រយុទ្ធ​ ឃុំ​ពួក​ ស្រុក​ពួក​ ខេត្តសៀមរាប​ ។​

​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថែម​ទៀត​ថា​ ឃាតកម្ម​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​១៥​រសៀល​ នា​ថ្ងៃ​ទី​០៥​ ខែមីនា​ ឆ្នាំ​២០១៦​ ខណៈ​ក្រោយ​ពេល​កុមារី​រង​គ្រោះ​ចេញពី​សាលារៀន​នៅ​វេលា​ម៉ោង​ប្រមាណ​១៤​រសៀល​ ។​ បន្ទាប់​ពី​បាន​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​រួច​មក​ សមត្ថកិច្ច​ឈាន​ទៅ​ដល់​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ​ ស​ កុសល​ នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី​រសៀល​ នា​ថ្ងៃ​ដដែល​ ។​ នៅ​ថ្ងៃ​ទី​០៦​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ សមត្ថកិច្ច​កំពុង​បន្ត​សាកសួរ​ជនសង្ស័យ​បន្ថែម​ទៀត​ដើម្បី​ឈាន​ទៅ​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​ ។​

​នេះ​គឺជា​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​លើក​ទី​២​ហើយ​ ដែល​កើតឡើង​នៅ​លើ​ទឹកដី​ខេត្តសៀមរាប​ បន្ទាប់​ពី​មាន​ករណី​ឃាតកម្ម​កាត់​ក្បាល​ស្ត្រី​វ័យក្មេង​ម្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​ប្រាសាទកែវ​ កណ្តាល​ក្រុង​សៀមរាប​ កាលពី​រាត្រី​ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ៕​

ស្ទាវ​ចិត្ត​អប្រិយ​រំលោភ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ រួច​សម្លាប់​ចោល​នៅ​ខេត្តសៀមរាប

Related